មន្រ្តីអាមេរិក និងអង់គ្លេសបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថា យន្តហោះរបស់រុស្សីដែលធ្លាក់នៅជ្រោយ Sinai កាលពីសប្តាហ៍មុន និងដែលបានសម្លាប់២២៤នាក់នៅក្នុងយន្តហោះ អាចបណ្ដាលមកពីគ្រាប់បែក។ ក៏ប៉ុន្តែមន្រ្តីរបស់អេហ្ស៊ីប និងរុស្សីបដិសេធថា មិនមានភស្តុតាងគ្រាប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានយ៉ាងដូច្នេះទេ។
មន្រ្តីរបស់សហរដ្ឋអាមេរិកម្នាក់បានថ្លែងថា ក្រុមរដ្ឋឥស្លាមអាចជាអ្នកដែលត្រូវទទួលខុសត្រូវលើរឿងនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសរបស់អង់គ្លេស លោកPhilip Hammond បាននិយាយថា «ការធ្លាក់យន្តហោះនេះគឺអាចបណ្ដាលមកពីគ្រឿងផ្ទុះដែលបានដាក់នៅលើយន្តហោះ»។
ប៉ុន្តែរដ្ឋាភិបាលរបស់រុស្សីបានច្រានចោលការលើកឡើងនេះ ដោយបានបញ្ជាក់ថា វាលឿនពេកក្នុងការសន្និដ្ឋានអំពីមូលហេតុនៃការធ្លាក់នេះ។ អ្នកនាំពាក្យរបស់រុស្សីលោក Dmitry Peskov បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រាល់ការសន្និដ្ឋានទាំងអស់នៅមុនពេលដែលការស៊ើបអង្កេតត្រូវបានបញ្ចប់គឺគ្រាន់តែជាការប៉ាន់ស្មានប៉ុណ្ណោះ។
អ្នកនាំពាក្យម្នាក់របស់ប្រធានាធិបតីអេហ្ស៊ីបបានព្រមានដល់ការធ្វើសេចក្ដីសន្និដ្ឋានទាំងអស់។ ក៏ប៉ុន្តែមានការរាយការណ៍ថា យ៉ាងហោចណាស់មានមន្រ្តីរបស់អេហ្ស៊ីបម្នាក់បាននិយាយថា ការធ្លាក់យន្តហោះនេះគឺជាឧបទ្ទវហេតុមិនមែនជាសកម្មភាពភេរវកម្មនោះទេ៕