ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Metrojet របស់ប្រទេសរុស្ស៊ីដែលយន្តហោះធុន Airbus ដឹកអ្នកដំណើរមួយគ្រឿងរបស់ខ្លួនបានធ្លាក់ក្នុងប្រទេសអេហ្ស៊ីប បានបដិសេធអំពីបញ្ហាបច្ចេកទេសឬកំហុសមនុស្ស ហើយបានបន្ទោសលើហេតុផល «ពីខាងក្រៅ» ដែលបានបណ្តាលឱ្យមានមហន្តរាយនេះ ដែលបាននាំឱ្យមនុស្សទាំងអស់២២៤នាក់ជិះនៅក្នុងនោះស្លាប់ទាំងអស់។
លោក Alexander Smirnov នាយករងផ្នែកអាកាសចរណ៍នៃក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយកាលពីថ្ងៃចន្ទថា «គ្មានបញ្ហាខាងបច្ចេកទសដែលអាចនាំឱ្យយន្តហោះនេះបាក់បែកក្នុងអាកាសទេ។»
លោក Sminov បាននិយាយប្រាប់នៅក្នុងសន្និសីទកាសែតមួយ ដែលមានមនុស្សច្រើននាក់ចូលស្តាប់នៅក្នុងក្រុងម៉ូស្គូថា «យន្តហោះនេះមិនបានហោះទេ វាបានធ្លាក់។ ក្រុមអាកាសយានិកបានបាត់ការត្រួតត្រាស្ថានភាពទាំងស្រុងហើយដោយសារហេតុនេះហើយ បានជាគ្មានការប៉ុនប៉ងណាមួយដើម្បីធ្វើការទាក់ទងនិងរាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់នៅលើយន្តហោះនេះទេ។»
លោក Smirnov បាននិយាយថា យន្តហោះជួលនៃក្រុមហ៊ុន Metrojet នេះ «មានការខូចខាតក្រាស់ក្រែលនៅលើតួរបស់វា ដែលមិនអាចឱ្យវាបន្តការហោះហើរបានទេ៕»