សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងបារាំងបានផ្អាកប្រតិបត្តិការស្ថានទូតរបស់ខ្លួនក្នុងប្រទេសយ៉េម៉ែន ពីព្រោះតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងប្រទេសនោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីយប់ថ្ងៃអង្គារថា បុគ្គលិក ស្ថានទូតរបស់ខ្លួនត្រូវបានដកចេញពីរដ្ឋធានីសាណាអា (Sana'a) ខណៈដែលអង់គ្លេសបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា បុគ្គលិករបស់ខ្លួនត្រូវបានដកចេញដែរ។
លោកស្រី Jen Psaki អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សកម្មភាពឯកតោភាគីកាលពីពេលថ្មីៗនេះបានបង្អាក់ដំណើរការអន្តរកាលខាងនយោបាយនៅក្នុងប្រទេសយ៉េមែន បានបង្កើតឲ្យមានភាពគ្រោះថ្នាក់ដែលអំពើហិង្សាសារជាថ្មីនេះនឹងគំរាមកំហែងជនជាតិយ៉េមែននិងសហគមន៍ការទូតនៅក្នុងរដ្ឋធានីសណាអា»។
«សហរដ្ឋអាមេរិកនៅតែតាំងចិត្តដ៏ខ្លាំងក្លា ដើម្បីគាំទ្រប្រជាពលរដ្ឋយ៉េមែនទាំងអស់ដែលបន្តធ្វើការដើម្បីឲ្យប្រទេសយ៉េមែនមានសន្តិភាព ភាពរុងរឿង និងឯកភាពមួយ។ យើង នឹងស្វែងរកជម្រើសដើម្បីវិលត្រឡប់មកកាន់រដ្ឋធានីសាណាអាវិញនៅពេលដែលស្ថានភាពមានភាពប្រសើរឡើង»៕