ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ថា​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ដក​កងទ័ព​ចេញ​ពី​ប្រទេស​ស៊ីរី


រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​អង្គុយ​លើ​រថ​ពាស​ដែក​ឆ្ពោះ​ទៅ​​ជំរំ​ដែល​គាំទ្រ​ដោយ​តួកគី នៅ​ក្រុង Manbij ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី កាល​​ពី​ខែ​មេសា ២០១៨។

វរសេនីយ៍ឯក ​Sean Ryan​ ជា​អ្នក​នាំពាក្យ​កង​កម្លាំង​ចម្រុះ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​វាយ​ប្រយុទ្ធ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​បាន​និយាយ​ថា​កង​ម្លាំង​ចម្រុះ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ដក​កងទ័ព​របស់​យើង​ចេញ​ពី​ប្រទេស​ស៊ីរី​ហើយ។

វរសេនីយ៍ឯក ​Sean Ryan​ ជា​អ្នក​នាំពាក្យ​កង​កម្លាំង​ចម្រុះ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​វាយ​ប្រយុទ្ធ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​បាន​និយាយ​ថា​កង​ម្លាំង​ចម្រុះ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ដក​កងទ័ព​របស់​យើង​ចេញ​ពី​ប្រទេស​ស៊ីរី​ហើយ។

លោក​និយាយ​ថា៖ «ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ប្រតិបត្តិការ​សន្តិសុខ​ យើង​នឹង​មិន​ពិភាក្សា​អំពី​ពេល​វេលា​ជាក់​លាក់​ ទីតាំង​ឬ​ចលនា​របស់​កងទ័ព​ទេ»។

មាន​ទាហាន​អាមេរិក​ប្រហែល​២០០០​នាក់​នៅ​ប្រទេស​ស៊ីរី។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​ស៊ីរី The Syrian Observatory for Human Rights​ រាយការណ៍​ថា​ការ​ដក​កងទ័ព​នេះ​បាន​ចាប់ផ្តើម​កាល​ពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ​នៅ​ពេល​ដែល​រថពាស​ដែក​១០​គ្រឿង​បាន​ចាក​ចេញ​ពី​មូលដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​តំបន់ ​al-Rmelanនៃ​ខេត្ត al-Hasaka។

អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ​ក៏​បាន​រាយការណ៍​ថា​មាន​កង​កម្លាំង​ចម្រុះបាន​មក​ដល់​មូលដ្ឋាន​កងទ័ព​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​ដូច​ទៅ​នឹង​អ្វី​ដែល​ VOA​ បាន​ទទួល​ពី​ប្រភព​មួយ។

លោក ​John Bolton​ ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​បទ​សម្ភាសន៍​តាម​វិទ្យុ​ថា​ កិច្ច​ចរចា​រវាង​ទាហាន​អាមេរិក​និង​សមភាគី​តួកគី​អំពី​ការ​វាយ​ប្រយុទ្ធ​របស់​ពួក​ឃឺត​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​នឹង​បន្ត​រហូត​សប្តាហ៍​ក្រោយ​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ដោយ​ប្រទេស​ទាំងពីរ។ ​

កាល​ពី​ដើមសប្តាហ៍​នេះ​ ការអំពាវនាវ​របស់​លោក​ Bolton​ ឲ្យ​មាន​ការ​ការពារ​ដល់​កងជីវពល​ YPG​ ស៊ីរី​ឃឺត​នៅ​ស្រប​ពេល​ដែល​លក្ខខណ្ឌ​ដែល​បាន​ដាក់​ជាមុន​ទៅ​នឹង​ការ​ដក​កងទ័ព​ចេញ​ពី​ប្រទេស​ស៊ីរី​បាន​បណ្តាល​ឲ្យ​លោក​ប្រធានាធិបតី​តួកគី ​Recep Tayyip Erdogan មាន​ការ​ខឹង​សម្បា ​និង​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​បដិសេធ​មិន​ព្រម​ចរចា​ជាមួយ​មន្រ្តី​សហរដ្ឋអាមេរិក។ ​

ក្រុម ​YPG​ គឺ​ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ចាត់​ទុក​ក្រុម​នេះ​ថា​ជា​ក្រុម​ភេរវកម្ម​ពាក់​ព័ន្ធ​ជាមួយ​នឹង​ពួក​បះ​បោរ​នៅ​ក្នុង​ប្រទេស​តួកគី។

លោក ​Bolton​ បាន​និយាយ​ទៅ​ក្នុង​បទសម្ភាសន៍​នេះ​ថា​ ទាំង​រូបលោក​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​រដ្ឋមន្រ្តី​ការបរទេស​លោក​ Mike Pompeo​ បាន​ដឹង​ថា​ប្រទេស​តួកគី​បាន​ប្តេជ្ញា​ថា​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​ឃឺត​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​នឹង​កងកម្លាំង​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ក្រុម ​ISIS​ នោះ​ទេ៕

XS
SM
MD
LG