ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករបាល់បោះកំពូលអាមេរិកាំង Kobe Bryant ស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រនៅ Los Angeles


រូបឯកសារ៖ លោក Kobe Bryant នៅក្នុងការប្រកួតបាល់បោះ NBA មួយនៅទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី ៩ ខែមករាឆ្នាំ២០១១។ (REUTERS)
រូបឯកសារ៖ លោក Kobe Bryant នៅក្នុងការប្រកួតបាល់បោះ NBA មួយនៅទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី ៩ ខែមករាឆ្នាំ២០១១។ (REUTERS)

ពិភពកីឡាមានការភ្ញាក់ផ្អើលនិងសោកសៅយ៉ាងខ្លាំងបន្ទាប់ពីវីរបុរសបាល់បោះចូលនិវត្តន៍អាមេរិកាំង លោក Kobe Bryant បានស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់កូនភ្នំនៅខាងក្រៅទីក្រុង Los Angeles ក្នុងវ័យ៤១ឆ្នាំ។

ប៉ូលីសស្រុក​ក្នុងទីក្រុង Los Angeles និយាយថា លោក Kobe Bryant ជាមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ដែលត្រូវបានសម្លាប់នៅពេលដែលឧទ្ធម្ភាគចក្រឯកជនមួយធ្លាក់ពេលចុះចតនៅក្រុង​ Calabasas ប្រហែល ៦៥ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Los Angeles។

អាជ្ញាធរមិនបានផ្តល់ព័ត៌មានអំពីមូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះទេ ហើយមិនបានបញ្ជាក់ថា​ស្ថានភាពអ័ព្ទនៅព្រឹកថ្ងៃអាទិត្យជាមួយផ្នែកនៃមូលហេតុ ។

លោក Bryant ត្រូវបានគេដឹងថាតែងតែជិះឧទ្ធម្ភាគចក្រពីផ្ទះរបស់លោកទៅការប្រកួតនានាក្នុងទីក្រុង Los Angeles ដើម្បីចៀសវាងការស្ទះចរាចរណ៍។

លោក Bryant នឹងមានកិត្តនាមជាកីឡាករបាល់បោះអាជីពដ៏ឆ្នើមបំ​ផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ​។ លោកបានចំណាយពេលស្ទើរពេញមួយជីវិតអាជីពរបស់លោកជាមួយក្រុមបាល់បោះ Los Angeles Lakers ដោយបានឈ្នះជើងឯក NBA ៥ដង និងឈ្នះពានរង្វាន់កីឡាករតម្លៃខ្លួនខ្ពស់បំផុតប្រចាំឆ្នាំ ២០០៨។ គាត់គឺជាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុតទី៤ នៅលើពិភពលោក។ កីឡាករបាល់បោះម្នាក់ទៀតគឺលោក LeBron James ទើបតែបានរកគ្រាប់បាល់ច្រើនជាងលោក Bryant ហើយឈរនៅលេខ៣ កាលពីមួយថ្ងៃមុននេះ។ ហើយ​លោក Bryant ក៏បានសរសេរ​សារធ្វីតធឺអបអរសាទរចំពោះលោក James ផងដែរ។

មានដើមកំណើតនៅទីក្រុង Philadelphia រដ្ឋ Pennsylvania លោក Bryant បានចំណាយពេលនៅវ័យក្មេងរបស់លោកនៅប្រទេសអ៊ីតាលី ជាកន្លែងដែលឪពុករបស់លោកលេងបាល់បោះអាជីព បន្ទាប់ពីលោកចាប់អាជីពផ្ទាល់ខ្លួននៅ NBA។

មិនដូចតារាបាល់បោះ NBA ជាច្រើនទេ លោក Bryant មិនបានរៀននៅមហាវិទ្យាល័យបន្ទាប់ពីត្រលប់មកសហរដ្ឋអាមេរិកវិញ ហើយត្រូវបានគេជ្រើសចេញពីវិទ្យាល័យដោយក្រុមបាល់បោះ Charlotte Hornets ក្នុងឆ្នាំ ១៩៩៦ មុនពេលលោកត្រូវបានដូរទៅឱ្យក្រុម Lakers ។

សមិទ្ធិផលមួយចំនួនរបស់លោក Bryant ពេញមួយអាជីព២០ឆ្នាំរបស់លោក រួមមានការក្លាយជាតារាវ័យក្មេងបំផុតរបស់ NBA ក្នុងឆ្នាំ១៩៩៨ នៅពេលលោកមានអាយុ១៩ឆ្នាំ ការប្រកួតដែលមាន៨១ ពិន្ទុក្នុងឆ្នាំ២០០៦ដែលជាពិន្ទុខ្ពស់បំផុតទី២លើលោក និងមេដាយមាសអូឡាំពិកក្នុងឆ្នាំ២០០៨ និង ២០១២ ។

បន្ទាប់ពីប្រកាសចូលនិវត្តន៍ដោយសារបញ្ហារបួស លោក Bryant រកបាន៦០ពិន្ទុដ៏អស្ចារ្យនៅក្នុងការប្រកួតចុងក្រោយរបស់លោកក្នុងឆ្នាំ២០១៦។

កំណាព្យឆ្នាំ ២០១៧ របស់លោក Bryant ដែលលោកថ្លែងលាដល់ក្រុម Lakers មានចំណងជើងថា «បាល់បោះជាទីគោរព» ត្រូវបានប្រែក្លាយទៅជាភាពយន្តតរូបតុក្កតាមួយ។ លោក Bryant បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលដែលលោកឡើងលើឆាកដើម្បីទទួលយកពានរង្វាន់អូស្ការឆ្នាំ២០១៨ សម្រាប់ភាពយន្តខ្លីគំនូរជីវចលល្អបំផុត។

ការងារក្រោយចូលនិវត្តន៍របស់លោក​ Bryant រួមមានការបង្កើតមូលនិធិសប្បុរសធម៌និងការបោះជំរុំបាល់បោះរដូវក្តៅសម្រាប់កុមារ។

បន្ទាប់ពីដំណឹងនៃការស្លាប់របស់លោក Kobe Bryant ក៏មានការជួបជុំកាន់ទុក្ខជាសាធារណៈមួយ ដែលបានកើតឡើងនៅភាគកណ្តាលទីក្រុង Los Angeles។

XS
SM
MD
LG