ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សប្ដាហ៍​ទី​មួយ​នៃ​ការ​ជំនុំជម្រះ​លោក ត្រាំ បាន​បិទ​បញ្ចប់


រូប​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​ការ​ប្រមូលផ្ដុំ​សាធារណៈ​មួយ​ដែល​មាន​ឈ្មោះ​ថា "March for Life" កាល​ពី​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០២០។
រូប​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​ការ​ប្រមូលផ្ដុំ​សាធារណៈ​មួយ​ដែល​មាន​ឈ្មោះ​ថា "March for Life" កាល​ពី​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០២០។

សប្ដាហ៍​ទី​មួយ​នៃ​ការ​ជំនុំជម្រះ​របស់​ព្រឹទ្ធសភា​អំពី​ថា​តើ​គួរ​ដក​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចេញ​ពី​តំណែង​ឬ​ក៏​អត់​នោះ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​សវនាការ​បង្ហាញ​អំណះអំណាង​របស់​ក្រុមមេធាវី​លោក ត្រាំ ដែល​បាន​អះអាង​ថា លោក ត្រាំ មិន​បាន​ប្រព្រឹត្ត​ខុសឆ្គង​នៅ​ក្នុង​ចំណាត់ការ​របស់​លោក​ចំពោះប្រទេស​អ៊ុយក្រែន​នោះ​ទេ។ ក្រុម​មេធាវី​របស់​លោក ត្រាំ​ មាន​រយៈពេល​បី​ថ្ងៃ​ដើម្បី​ការពារ​ក្ដី​ឲ្យ​លោក មុន​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​ដែល​មាន​គ្នា​១០០​នាក់ សម្រេច​ថា​តើ​សកម្មភាព​របស់​លោក ត្រាំ ស័ក្ដិសម​នឹង​ដក​លោក​ចេញ​ពី​តំណែង​ដែរ​ឬ​ទេ។ ​

នៅ​ក្នុង​ថ្ងៃ​បង្ហាញ​អំណះអំណាង​ការ​ការពារ​ក្ដី​រយៈពេល​ខ្លី ដែល​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​ការ​ពិនិត្យ​មើល​ជា​មុន មុន​នឹង​ការពារ​ក្ដី​ពេញលេញ​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះ ក្រុម​មេធាវី​របស់​លោក ត្រាំ បាន​និយាយ​វាយប្រហារ​លើ​ចំណុច​មួយ​ចំនួន។ ទីមួយ ពួកគេ​បាន​ហៅ​ការ​ចោទប្រកាន់​ដក​ប្រធានាធិបតី​ចេញ​ពី​តំណែង​នេះ​ថា​គ្មាន​មូលដ្ឋាន ដោយ​អះអាង​ថា លោក​ប្រធានាធិបតី​មាន​អំណាចក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​យ៉ាង​ទូលំទូលាយ។ ​

លោក Jay Sekulow មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ត្រាំ មួយ​រូប​បាន​ថ្លែង​ថា៖ «ការ​មិន​ឯកភាព​ជាមួយ​នឹង​ការ​សម្រេចចិត្ត​របស់​លោកប្រធានាធិបតី​លើ​បញ្ហា​គោលនយោបាយ​ការបរទេស ឬ​ការណ៍​ដែល​លោក​ប្រធានាធិបតី​នឹង​សម្រេច​តាម​យោបល់​របស់​នរណា​ម្នាក់ មិន​មែន​ជាការ​ចោទប្រកាន់​ដែល​អាច​ដក​លោក​ប្រធានាធិបតី​ពី​តំណែង​បាន​ទេ»។ មេធាវី​របស់​លោក ត្រាំ ​ក៏​បាន​រិះគន់​ផង​ដែរ​លើ​ក្រុម​រដ្ឋអាជ្ញា​នៃ​រដ្ឋសភា ដែល​បានចោទប្រកាន់​ដើម្បី​ដក​ប្រធានាធិបតី​ពី​តំណែង​ថា​បាន​និយាយ​ស្មានៗ​អំពី​មូលហេតុ​ដែល​លោក ត្រាំ ធ្វើ​ដូច្នេះ​។ ​

លោក Mike Purpura មេធាវី​ការពារ​ក្ដី​ម្នាក់​ទៀត​របស់​លោក ត្រាំ ​ថ្លែង​ថា៖ «វា​ជា​រឿង​ប្រឌិត។ វា​មិន​មែន​ជាកិច្ចសន្ទនា​ពិតប្រាកដ​តាម​ទូរស័ព្ទ​ទេ។ វា​មិន​មែន​ជា​ភស្តុតាង​ទេ។ វា​មិន​មែន​ជា​អត្ថបទ​លាយលក្ខណ៍​អក្សរ​ដែល​ស្រង់​ចេញ​ពី​ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ទេ»។ ​

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយស្រួល តាមរយៈការ​ផ្ដល់​សក្ខីកម្ម​ដោយ​ផ្ទាល់​របស់​សាក្សី ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​ច្រានចោល។ ​

លោក Tim Kaine សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖ «ចំណាប់អារម្មណ៍​ដ៏​ខ្លាំង​របស់​ខ្ញុំ​លើ​ការ​ជំនុំ​ជម្រះរយៈពេល​ពីរ​ម៉ោង​ដំបូង​នេះ​គឺ​ថា ការ​កោះហៅ​សាក្សី​ឲ្យ​ចូល​មក​ផ្ដល់​សក្ខីកម្ម​និង​ភស្តុតាង​គឺ​កាន់​តែ​សំខាន់​ជាង​មុន​ទៅ​ទៀត»។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ឲ្យ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​អតីត​មន្ត្រី​និង​មន្ត្រី​បច្ចុប្បន្នមួយ​ចំនួន​នៃ​រដ្ឋបាល​លោក ត្រាំ ដូចជា​លោក​ឯកអគ្គរដ្ឋទូត John Bolton និង​ប្រធាន​ស្ដីទី​ខុទ្ទកាល័យ​សេតវិមាន លោក Mick Mulvaney ជាដើម។ លោក Mulvaney បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ឆ្នាំ​មុន​ថា ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេស​អ៊ុយក្រែន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​លោក​ប្រធានាធិបតី។

លោក Adam Schiff ប្រធាន​ក្រុម​រដ្ឋអាជ្ញា​នៃ​រឿង​ក្ដី​នេះ​ថ្លែង​ថា៖ «ប្រសិន​បើ​រឿង​នេះ​ពិត​ជាយុទ្ធសាស្ត្រ​របស់​លោក ដូណាល់ ត្រាំ ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មែន​នោះ ហេតុអ្វី​បាន​ជា​ពួកគេ​លាក់​បាំង​រឿង​នេះមិន​ឲ្យ​រដ្ឋសភា​ដឹង? ហេតុអ្វី​បាន​ជា​ពួកគេ​មិន​ប្រាប់​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​បាន​ដឹង​ថា​ពួកគេ​កំពុង​តែ​ធ្វើរឿង​នេះ? មូលហេតុ​ដែល​ពួកគេ​មិន​ប្រាប់​ពលរដ្ឋអាមេរិកាំង​គឺ​ដោយសារ​តែ​វា​គឺ​ជា​អំពើ​គ្មាន​គុណធម៌​ដើម្បី​ជួយឲ្យ​ពួកគេ​អាច​បន្លំនៅ​ក្នុង​ការ​បោះឆ្នោត​បាន»។

គ្រាន់​តែ​ការការពារក្ដី​ឲ្យ​លោក ត្រាំ រយៈពេល​ពីរ​ម៉ោង ហាក់ដូចជា​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​មាន​ប្រៀប​ជាង​អ្វី​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​អះអាង​អស់​រយៈពេល​ជាយូរ​មក​ហើយ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ លោក Mike Braun​ បាន​និយាយ​ថា៖ «យើង​មាន​សវនាការ​រយៈពេល​២៣​ម៉ោង ដែល​មិន​និយាយ​អំពី​អ្វី​ទាំងអស់ ក្រៅ​តែ​ពី​និយាយ​ពី​នេះ​ពី​នោះនិងលើក​ឡើង​នូវ​ទស្សនៈ​មួយ​ចំណុច។ ខ្ញុំ​គិត​ថា ក្នុង​រយៈពេល​ពីរ​ម៉ោង​នេះ យើងមាន​ការ​វិវឌ្ឍ​ទៅ​មុខ​ជាង​អ្វី​ដែល​ពួកគេ​បាន​ចោទប្រកាន់​ពួកយើង ជាមួយ​នឹង​ព័ត៌មាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ព័ត៌មាន​លម្អិត​នានា ប៉ុន្តែ​មិន​និយាយឲ្យ​ចំ​ចំណុច​នោះ​ទេ»។

ការ​ជំនុំជម្រះ​នេះ​នឹង​បន្ដ​ដំណើរការ​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​ជាមួយ​នឹង​ការ​បន្ដ​ការ​ការពារ​ក្ដី​ឲ្យ​លោក​ប្រធានាធិបតី ត្រាំ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG