លោក Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានប្រាប់សមាជិកសភាកាលពីថ្ងៃពុធថា លោកមិនមានមូលហេតុបណ្តេញលោក Robert Mueller ដែលជាទីប្រឹក្សាពិសេសកំពុងដឹកនាំការស៊ើបអង្កេតថាតើយុទ្ធនាការរៀបចំការបោះឆ្នោតរបស់ប្រធានាធិបតីត្រាំបានឃុបឃិតជាមួយប្រទេសរុស្ស៊ីក្នុងអំឡុងនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ដែរឬទេ។
លោក Rosenstein បានផ្តល់កសិណសាក្សីនៅពីមុខគណៈកម្មាធិការតុលាការរបស់សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកមួយថ្ងៃបន្ទាប់ពីការបញ្ចេញសារអត្ថបទរាប់រយរវាងមន្ត្រី FBI ២នាក់របស់ក្រុមស៊ើបអង្កេតលោក Muellerដែលបានបញ្ចេញទស្សនៈប្រឆាំងនឹងលោកត្រាំដែលបណ្តាលឲ្យមានការចោទសួរពីលក្ខណៈមិនចូលគណបក្សណាមួយរបស់ទីភ្នាក់ងារពង្រឹងច្បាប់។
លោក Rosenstein ដែលបានតែងតាំងលោក Mueller និងត្រួតពិនិត្យការងាររបស់ក្រុមលោកបានប្រឈមការចោទសួរអំពីលោក Mueller មកពីលោក Jerrold Nadler សមាជិករបស់គណបក្សប្រជាធិបតេយ្យ។ លោក Jerrold Nadler បានចោទសួរលោក Rosenstein ថា «តើលោកឃើញហេតុផលត្រឹមត្រូវដើម្បីបណ្តេញលោក Mueller ទេ? លោក Rosenstein បានឆ្លើយតបថា ទេ អត់ទេ។ លោក Jerrold Nadler សួរទៀតថា ប្រសិនបើគេបញ្ជាលោកឲ្យបណ្តេញលោក Mueller តើលោកនឹងធ្វើយ៉ាងដូចម្តេចដែរ ? លោក Rosenstein បានពន្យល់ថា ដូចដែលខ្ញុំបានពន្យល់កាលពីមុនហើយថា ខ្ញុំនឹងធ្វើទៅតាមច្បាប់។ប្រសិនបើ មិនមានហេតុផលត្រឹមត្រូវ ខ្ញុំនឹងមិនបណ្តេញលោក Mueller ទេ។
សំណួរអំពីសុច្ចរិតភាពនៃការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេសបានលេចចេញឡើងបន្ទាប់ពីលោក Peter Strzok ភ្នាក់ងារស៊ើបការសម្ងាត់របស់ FBI បានត្រូវគេដកចេញកាលពីរដូវក្តៅឆ្នាំទៅពីក្រុមរបស់លោក Mueller បន្ទាប់ពីរកឃើញសារអត្ថបទរបស់លោក Strzok ឆ្លើយឆ្លងជាមួយលោកស្រី Lisa Page ជាមេធាវីរបស់ FBI ដែលត្រូវបានចាត់តាំងនៅឆ្នាំនេះនៅក្នុងក្រុមភ្នាក់ងារ និងរដ្ឋអាជ្ញាដែលស៊ើបអង្កេតការពាក់ព័ន្ធរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦៕