ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​វាយ​តម្លៃ​អំពី​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់


រូបឯកសារ៖ ទិដ្ឋភាព​ពីលើ Pentagon ក្នុង​ទីក្រុង Washington
រូបឯកសារ៖ ទិដ្ឋភាព​ពីលើ Pentagon ក្នុង​ទីក្រុង Washington

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា ទីភ្នាក់ងារ​ជា​ច្រើន​កំពុង​ធ្វើការ​ដើម្បី​វាយតម្លៃ​លើ​ផល​ប៉ះពាល់​លើ​សន្តិសុខ​ជាតិ​ដោយសារ​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ខ្លាំង​មួយ​ចំនួន។

អ្នក​នាំពាក្យ​រង​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​អ្នកស្រី Sabrina Singh បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បន្ត​ពិនិត្យ​និង​វាយ​តម្លៃ​លើ​សុពលភាព​នៃ​ឯកសារ​ជា​រូបភាព​ដែល​ត្រូវ​បាន​ចែក​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​និង​ដែល​ទំនង​ជា​មាន​ផ្ទុក​នូវ​ព័ត៌មាន​រសើប​និង​សម្ងាត់​ខ្លាំង»។

អ្នកស្រី Singh បាន​និយាយ​ថា សន្តិសុខ​ជាតិ​គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ហើយ​ថា​មន្ត្រី​អាមេរិក​បាន«ទាក់ទង​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​និង​បាន​ជូន​ដំណឹង​អំពី​ការ​លេចធ្លាយ​នេះ​ដល់​គណៈកម្មាធិការ​ពាក់ព័ន្ធ​នានា​របស់​សភា​ដែល​មាន​យុត្តាធិការ»។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ។

ព័ត៌មាន​លេច​ធ្លាយ​នោះ​ដែល​មាន​នូវ​ព័ត៌មាន​អំពី​ការ​វាយ​តម្លៃ​ជាក់ស្ដែង​ផ្នែក​យោធា​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​និង​អំពី​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​បាន​លេច​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ជា​ច្រើន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយាការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG