ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ខាងកើតទ្វីបអាហ្រ្វិក (Horn of Africa) លោក Jeffrey Feltman នឹងធ្វើដំណើរទៅប្រទេសអេត្យូពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ បន្ទាប់ពីកងកម្លាំងឧទ្ទាមមកពីតំបន់ Tigray ភាគខាងជើងបាននិយាយថា ពួកគេកំពុងរុលចូលរដ្ឋធានី ហើយរដ្ឋាភិបាលនៅទីក្រុងអាឌីសអាបេបា (Addis Ababa) បានប្រកាសភាពអាសន្ន។
នៅថ្ងៃព្រហស្បតិ៍ ប្រទេសអេត្យូពី ប្រារព្ធខួបមួយឆ្នាំនៃការប្រយុទ្ធគ្នាយ៉ាងព្រៃផ្សៃរវាងកងកម្លាំងរដ្ឋាភិបាលជាសម្ព័ន្ធមិត្តជាមួយកងកម្លាំងអេរីត្រេ និងពួកឧទ្ទាមនៅក្នុងតំបន់ Tigray ភាគខាងជើង។ ឥឡូវនេះ កងកម្លាំងឧទ្ទាមនិយាយថា ពួកគេកំពុងឆ្ពោះទៅកាន់រដ្ឋធានី អាឌីសអាបេបា នាយករដ្ឋមន្ត្រីអេត្យូពី បានប្តេជ្ញាថា រដ្ឋាភិបាលរបស់លោកនឹងឈ្នះ។
លោក Abiy Ahmed ថា «អេត្យូពី នឹងមិនដួលរលំទេ។ អេត្យូពី នឹងរីកចម្រើន។ អេត្យូពី នឹងបន្តជារៀងរហូតដោយមានកិត្តិយសដោយយកឈ្នះអ្នកដែលសាកល្បងដោយលះបង់ឈាម និងឆ្អឹងពលរដ្ឋ»។
រដ្ឋាភិបាលអេត្យូពីបានប្រកាសភាពអាសន្ន និងបានអំពាវនាវឱ្យអ្នកស្រុកការពារសង្កាត់របស់ពួកគេ បើពួកឧទ្ទាមចូលមកក្នុងរដ្ឋធានី។ ប្រធានតំបន់ Tigray បានស្តីបន្ទោសរដ្ឋាភិបាលអេត្យូពី និងសម្ព័ន្ធមិត្តចំពោះការឈឺចាប់នានា។
លោក Debretsion Gebremichael និយាយថា «ឈ្មួញសង្គ្រាម បានសម្រេចចិត្តបន្តសង្រ្គាម ហើយយើងបានចូលធ្វើសង្រ្គាមនេះ ពីព្រោះនេះ ជាជម្រើសតែមួយគត់ដើម្បីបំផ្លាញសត្រូវរបស់យើង»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានអំពាវនាវឱ្យភាគីចម្បាំងទាំងអស់បញ្ចប់ការប្រយុទ្ធគ្នា និងការពារអាយុជីវិត និងសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកបាននិយាយថា ឥឡូវនេះ ក្រសួងការបរទេសណែនាំមិនឱ្យពលរដ្ឋអាមេរិកាំង ធ្វើដំណើរទៅប្រទេសអេត្យូពីទេ។
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ជម្លោះរយៈពេលមួយឆ្នាំនេះ «ឃោរឃៅបំផុត»។
របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនិងគណៈកម្មាធិការសិទ្ធិមនុស្សអេត្យូពីដែលបង្កើតដោយរដ្ឋាភិបាលបានរកឃើញថា អំពើហិង្សាផ្លូវភេទ បានកើតមាននៅក្នុងជម្លោះនេះ មានការរំលោភបូកលើស្ត្រី និងក្មេងស្រី ព្រមទាំងលើបុរស និងក្មេងប្រុសផងដែរ៕
អ្នកស្រី Heather Murdock នៃវីអូអេ រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។