ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​Amnesty International ​ថា​ស្ត្រី​ក្មេង​ស្រី​​រាប់រយ​នាក់​ត្រូវ​គេ​រំលោភ​នៅ​តំបន់​ Tigray របស់​​អេត្យូពី​


រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១​ ​នេះ ស្ត្រី​អាយុ​៤០​ឆ្នាំ​ម្នាក់​ផ្តល់​សម្ភាសន៍​នៅ​មន្ទីរពេទ្យ​មួយ​​ ​ដោយ​អះអាង​​ថា​​អ្នកស្រី​ត្រូវ​ទាហាន​អេរីត្រេ​​​១៥​នាក់​ឃុំ​ខ្លួន​ទុក​និង​ចាប់​រំលោភ​អស់​មួយ​សប្តាហ៍​​នៅ​ភូមិ​​ដាច់​ស្រយាល​មួយ​នៅ​ជិត​ព្រំដែន​អេរីត្រេ។

អង្គការ​សិទ្ធិ​មនុស្ស​ Amnesty International​ និយាយ​នៅ​សប្តាហ៍​នេះ​ថា​កង​កម្លាំង​រដ្ឋាភិបាល​អេត្យូពីកង​ជីវពល​ក្នុង​តំបន់​ Amhara ​និង​កង​កម្លាំង​អេរីត្រេ​បាន​ចាប់​រំលោភ​ជា​ប្រព័ន្ធ​លើ​ស្ត្រី​និង​ក្មេង​ស្រី​រាប់រយ​នាក់​នៅ​ក្នុងជម្លោះ​នៅ​តំបន់​ Tigray ​ខាង​ជើង​ប្រទេស​អេត្យូពី។​

ជា​ផ្នែក​មួយ​នៃ​របាយ​ការណ៍​ថ្មី​នោះ អង្គការ​ Amnesty ​បាន​និយាយ​ជាមួយ​ពួក​អ្នករួច​ជីវិត​ពី​ការ​រំលោភ​និង​អំពើ​ហិង្សា​ផ្លូវភេទ​ចំនួន​៦៣​នាក់​ពី​តំបន់​ Tigray ​បន្ថែម​ពី​លើ​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ធ្វើការ​ជាមួយ​អ្នក​រួច​ជីវិត។​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​នោះ​ ជន​រងគ្រោះ​៣៨ នាក់​និយាយ​ថា​ ការ​រំលោភ​នេះ​ប្រព្រឹត្ត​ដោយ​ទាហាន​អេរីត្រេ។​

អ្នកស្រី​ Fisseha Tekle ​ជា​អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​ Amnesty International​ នៅ​តំបន់​ពយ​ខាង​កើត​ទ្វីប​អាហ្វ្រិក​ឬ Horn of Africa ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Associated​ Press​ ថា៖​ «ជន​រងគ្រោះ​ត្រូវ​បាន​គេ​ឃុំ​ខ្លួនជាង​២៤​ម៉ោង​ហើយ​ក្នុង​ករណី​ខ្លះច្រើន​សប្តាហ៍​ ខណៈ​ពួកគេ​ត្រូវ​បាន​រំលោភ​ដោយ​ពួក​ទាហាន»។​

អ្នកស្រី​បាន​បញ្ជាក់​ថា៖​«យើង​អាច​ដឹង​ថាពួក​ទាហាន​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​លើ​អ្នក​នៅ​រស់រាន​មាន​ជីវិត។​ពួកគេ​បាន​វាយ​ដំ​ជន​រងគ្រោះ។​ពួកគេ​បាន​ប្រើ​ពាក្យ​ប្រមាថ​ឬមាក់ងាយ​ជនរង​គ្រោះ​ដែល​បង្ហាញ​ថា​អំពើ​ហិង្សា​ផ្លូវ​ភេទ​បាន​ត្រូវ​គេ​ប្រើ​ដោយ​អមនុស្ស​ធម៌​លើស្ត្រី​ Tigray​ ក្នុង​តំបន់​កំពុង​មាន​ជម្លោះ»។​

ប្រទេស​អេត្យូពី​និង​អេរីត្រេ​បាន​រិះគន់​របាយការណ៍​នេះ។

ក្រសួង​ការ​បរទេស​អេត្យូពី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួ​យ​កាល​ពី​ថ្ងៃ​ពុធ​ថា​រដ្ឋាភិបាល​«ថ្កោលទោស​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​គ្រប់​កាលៈទេសៈ​និង​រួមទាំង​ក្នុង​ស្ថានភាព​ជម្លោះ ហើយ​មាន​គោល​នយោបាយ​គ្មាន​ការ​អត់​ឱន»។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ថា ​ប្រទេស​អេត្យូពី​ពីមុន​បាន​ទទួល​ស្គាល់​ករណី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ប្រព្រឹត្ត​ដោយ​សមាជិក​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ហើយ​ថា​រដ្ឋាភិបាល​បាន​«ចាត់​វិធាន​ការ​ដើម្បី​ធានា​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ»។​

ប្រទេស​អេត្យូពី​បាន​បន្ត​រិះគន់​របាយ​ការណ៍​របស់​អង្គការ​ Amnesty International ​ថា​«ផ្អែក​លើ​វិធីសាស្រ្ត​ដែល​មាន​កំហុស»​ដោយ​និយាយ​ថា​អង្គការ​នេះ​បាន​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ទូលំទូលាយ​ដែល​ស្ទើរតែ​មិន​មាន​ការ​គាំទ្រ​ពី​«ការ​ស៊ើប​អង្កេត»​តិចតូច​និង​ពី​ចម្ងាយ។​

នៅ​ក្នុង​ខែ​កុម្ភៈ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​អេត្យូពី​គឺ​អ្នកស្រី​ Filsan Abdullahi Ahmed​ បាន​និយាយ​ក្នុង​ការ​បង្ហោះតាម​ធ្វីតធឺ​ថា​ក្រុម​ការងារ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​Tigray​បាន​រក​ឃើញ​ថា​មាន​ការ​រំលោភដោយ​គ្មាន​ការ​សង្ស័យ។​អ្នកស្រី​បាន​បន្ថែម​ថា​ចាប់​តាំងពី​ពេល​នោះ​មក​រដ្ឋមន្ត្រី​យុត្តិធម៌កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​នេះ៕​

(Chris Hannas​ រួម​ចំណែក​ដល់​សេចក្តី​រាយ​ការណ៍​នេះ)

XS
SM
MD
LG