ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ផ្តល់​លទ្ធផល​ជា​ទីមោទនៈ ខណៈ​អាមេរិក​ប្តេជ្ញា​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន​​​​​​​​​​​​​​


ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​អាស៊ាន​នៅ​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​រួម​គ្នា ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​ បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃសុក្រ ដោយ​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនបាន​ព្រមព្រៀង​បង្កើន​កិច្ច​សហប្រតិបត្តិការក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន​ រាប់​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង រាតត្បាត​ជំងឺ​សាកល​កូវីដ១៩​ និង​ការ​រួម​គ្នា​ដោះស្រាយ​វិបត្តិ​មួយ​ចំនួន​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​ភូមា និង​អ៊ុយក្រែន។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ចក្ខុវិស័យរួម​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​ក្រុម​មេដឹកនាំ​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា​អាស៊ាន។

បើ​តាម​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​ឧសភាឆ្នាំ​២០២២​ ក្រុម​មេដឹកនាំ​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បង្កើន​សកម្មភាព​ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ដែន​សមុទ្រ ការ​រក្សា​សន្តិភាព​ និង​បង្កើន​ទំនុក​ចិត្ត បង្កើន​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បច្ចេកវិទ្យា និង​ការ​ជំរុញ​ការ​ច្នៃប្រតិដ្ឋ​ ក៏​ដូច​ជា​ការគំាទ្រ​សកម្មភាព​អភិវិឌ្ឍន៍​អនុតំបន់​ និង​ការ​ដោះ​ស្រាយ​បញ្ហា​អាកាសធាតុ។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​ ចាត់​ទុក​លទ្ធផល​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​ពិសេស​អាមេរិក-អាស៊ាន​ ដែល​ទើបតែ​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នោះ​ ថា​ជា​ជោគជ័យ​មួយ​របស់​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​ ដោយ​ថា​ ការប្រជុំ​នោះ​ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ជួបជជែក​ពិភាក្សាគ្នា​ដោយ​ផ្ទាល់ជា​លើក​ដំបូង​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​ក្រុម​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន។

ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី និង​ជា​អ្នក​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​លោក ឈាង វណ្ណារិទ្ធ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ជោគ​ជ័យ​មួយ​របស់​អាមេរិក​ និង​អាស៊ាន​ក្នុង​ការ​រក្សា​ និង​ពង្រីក​ចំណង​ទាក់ទង​រវាង​គ្នា​និង​គ្នា​លើ​គ្រប់​វិស័យ។

លោក​ថ្លែង​ថា៖ «កិច្ច​ប្រជុំ​កំពូល​ពិសេស​ អាស៊ាន​អាមេរិក​នេះ​ យើង​អាច​វាយ​តម្លៃ​បាន​ថា​ជា​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ជោគ​ជ័យ​ខ្ពស់​ធំធេង​ ទីមួយ​វា​ជា​កិច្ច​ប្រជុំ​លើក​ទី​មួយ​ផ្ទាល់​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាន​ និង​អាមេរិក​ ហើយ​បាន​ពិភាក្សា​ ត្រង់​ទៅ​ត្រង់​ទៅមក​ទៅ​លើ​បញ្ហា​ជា​ច្រើន​ ដែល​ជា​កង្វល់​រួម​របស់​ អាស៊ាន​ និង​អាមេរិក»។

លោក​បន្ថែម​ថា៖ «ទីពីរ​ គឺ​វា​ឆ្លុះបញ្ចាំង​នូវ​ commitment [ការ​ប្តេជ្ញាចិត្ត​]​ របស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី​ អាមេរិក​ អាស៊ាន​ ទៅលើ​គ្រប់​វិស័យ​គ្រប់​ជ្រុង​ជ្រោយ​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ សន្តិសុខ​ ហើយ​និង​ប្រជាជន​ និង​ប្រជាជន ហេដ្ឋារចនាសម្ព័ន្ធ​ហ្នឹង​ដើម»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន ថ្លែង​ក្នុង​ពិធី​ទទួល​អាហារ​ពេលល្ងាច​រួម​គ្នា​រវាងប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​អាស៊ាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន ថ្លែង​ក្នុង​ពិធី​ទទួល​អាហារ​ពេលល្ងាច​រួម​គ្នា​រវាងប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​អាស៊ាន​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

​អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​រូបនេះ​ កត់​សម្គាល់​ទៀត​ថា​ សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ជំហរ​ច្បាស់​លាស់​មួយ​ ទាក់ទិន​ការ​ថែរក្សា​សន្តិភាព​ សន្តិសុខ​ និង​វិបុលភាព​រួម​នៅក្នុង​តំបន់​ ជាពិសេស​គឺ​ការ​ស្តារ​ឡើងវិញ​ វិបត្តិ​សេដ្ឋ​កិច្ច​ សង្គម​ ក្រោយ​វិបត្តិ​សុខភាព​សាធារណៈ​ ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩។

លោក​ ឈាង វណ្ណារិទ្ធ​ បន្ថែម​ថា៖ «អ៊ីចឹង​ ការ​ធ្វើ​ការ​រួម​គ្នា​ រវាង​សហរដ្ឋ​អាមេរិក​ ហើយ​និង​អាស៊ាន​ ទាក់ទង​បញ្ហា​ការ​ស្តា​ឡើងវិញ​សេដ្ឋកិច្ច​ គឺ​មាន​សារៈសំខាន់​ណាស់​ ហើយ​បញ្ហា​សន្តិសុខ​មួយ​ចំនួន​ទៀត​ ក៏បាន​ពិភាក្សា​ដែរ​ រួម​ទាំង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​និង​ការ​ជំរុញ​នូវ​ ទំនាក់ទំនង​ប្រជាជន​ និង​ប្រជាជន​នៃ​រវាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ហ្នឹង»។

បើ​តាម​លោក ​ឈាង វណ្ណារិទ្ធ​ ការ​ប្រកួត​ប្រជែង​អំណាច​រវាង​ សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ជា​ពិសេស​តំបន់​អាស៊ីអាគ្នេយ៍​ នឹង​កាន់​តែ​កើន​ឡើង​កម្តៅ​ ដែល​ការណ៍​នេះ​នឹង​មិន​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​ បោះ​បង់​ចោល​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​ស្ថិត​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ក្នុង​តំបន់​នេះ​ទេ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភា​កម្ពុជា​ លោក​ គិន ភា​ ជឿ​ថា ភាគី​សហរដ្ឋ​អាមេរិក​ និង​អាស៊ានសាទរ​នឹង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​ដែល​មាន​រយៈពេល​២ថ្ងៃនោះ​ ក្រោម​ហេតុផល​ថា​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើន​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​សំខាន់​ជាច្រើន​ ដែល​បំពេញ​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​ឈាន​ដល់​ការ​ជំរុញ​ឱ្យ​ទំនាក់ទំនង​ភាគី​ទាំង​ពីរ​ពី​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​ដល់​កម្រិត​គ្រប់​ជ្រុងជ្រោយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា៖ «ចំណុច​ពិសេស​សំខាន់​បំផុត​នោះ​ គឺ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ប្តេជ្ញាចិត្ត​នៃ​ភាគី​ទាំង​ពីរ​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ ទំនាក់​ទំនង​នឹង​ភាព​ជា​ដៃ​គូ រវាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ ទៅ​កម្រិត​ថ្មី​មួយ​ទៀត​គឺ​ ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ ហត្ថលេខា​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ»។

កិច្ចប្រជុំ​កំពូល​ពិសេស-អាមេរិក អាស៊ានដែល​ទើប​បញ្ចប់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ត្រូវ​បាន​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មើល​ឃើញ​ថា​ ជា​លទ្ធផល​មួយ​បាន​មកពី​ការ​ដាក់​ចេញ​គោល​នយោបាយ​ការបរទេសរបស់​រដ្ឋបាល​ប្រធានាធិបតី​ទី៤៤​របស់​សហរដ្ឋ​អាមេរិក​ គឺ​លោក​ប្រធានាធិបតី​ Barack Obama ​ដែល​បានផ្តោត​ការ​យក​ចិត្តទុក​ដាក់​របស់​លោក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ទី​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ខិតខំ​បង្កើន​ឥទ្ធិពល​ភូមិ​សាស្ត្រ​នយោបាយ​របស់​ខ្លួន។ ​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ផៃ​ ស៊ីផាន យល់​ថា​ កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក អាស៊ាន​ ២០២២​ បាន​បើក​ផ្លូវ​ឱ្យ​ភាគី​ទាំងពីរ​កសាង​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ ទៅមក​ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ខណៈ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ដៃ​គូ​ពិភាក្សា​ជាមួយ​អាស៊ាន។

លោក​ថ្លែង​ថា៖ «បើ​យើង​វាយ​តម្លៃ​ទូទៅ​ បង្កើន​នូវ​ការ​ទុកចិត្ត​គ្នា បង្កើន​កិច្ច​សហប្រតិបត្តិការ​ បង្កើន​នូវ​សេចក្តី​ប្តេជ្ញា​ថា​ អាមេរិក​ទោះ​បី​ជា​ ដៃ​គូ​ពិភាក្សា​យ៉ាង​ណា​ក៏ដោយ​ ក៏​អាមេរិក​គាត់​បង្ហាញ​អំពី​គោល​ជំហរ​ ធ្វើការ​ជាមួយ​នឹង​អាស៊ាន​ផង​ដែរ»។ ​

បើ​តាម​លោក​ ផៃ ស៊ីផាន សហរដ្ឋ​អាមេរិក​បាន​ខិតខំ​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​អាស៊ាន​ ដោយសារ​ការ​សម្លឹង​ឃើញ​ប្រយោជន៍​សេដ្ឋកិច្ច​ ដែល​អាច​ទាញ​បាន​ទីផ្សារ​អាស៊ាន​ ដែល​មាន​ប្រជាជន​ជាង​៦៥០លាននាក់​ និង​ការ​ចង់​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​សន្តិសុខ​លម្ហ​សមុទ្រ​ដើម្បី​បម្រើ​ដល់​ប្រយោជន៍​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ប្រទេស​ជា​សមាជិក​អាស៊ាន​ ពោល​គឺ​បញ្ចៀស​ការ​បង្ក​ការ​លំបាក​ពី​មហាអំណាច​ណាមួយ​ផ្សេង​ទៀត ទាក់​ទង​នឹងនាវាចរណ៍​ក្នុង​ដែន​សមុទ្រ។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​ អាមេរិក​ក៏បាន​ព្យាយាម​បង្កើន​ការ​តភ្ជាប់​រវាង​ប្រជាជន​ និង​ប្រជាជន​ ក្នុង​បំណង​កាត់​បន្ថយ​ការ​រើសអើង​ជាតិសាសន៍ បង្កើន​កិច្ចសហការ​ក្នុង​វិស័យ​អប់រំ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​សុខ​ភាព​សាធារណៈ។

លោក​ផ្តល់​សេចក្តីពន្យល់​យ៉ាង​ដូច្នេះ៖ «កាល​ណា​និយាយ​ពី​ចំណុច​តភ្ជាប់​ រវាង​ប្រជាពលរដ្ឋ​ និង​ប្រជាពលរដ្ឋ​ បាន​សេចក្តី​ថា​ នេះ​ជា​ជ្រុង​កាត់​បន្ថយ​នូវ​ភាព​រើសអើង​ក្នុង​ការ​ថែរក្សា​ទំនាក់​ទំនង​ល្អ។ និយាយ​អំពី​បន្ថែម​ទៅ​ទៀត​ គឺ​ការ​ពង្រឹង​បន្ថែម​អំពី​វិស័យ​អប់រំ​ ក៏​ដូច​ជា​ការ​រួម​គ្នាប្រឆាំង​នឹង​ជំងឺ​កូវីដ ឬ​ជំងឺ​ដទៃ​ទៀត»។

គួរ​រលឹក​ឡើង​វិញ​ផងដែរ​ថា​ កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន បាន​ប្រព្រឹត្ត​ទៅ ​រយៈពេល​ ២​ ថ្ងៃក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោនសហរដ្ឋ​អាមេរិក ចាប់​ពីថ្ងៃទី​១២ ដល់​១៣ ខែ​ឧសភា​នេះ​ ដោយ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៨​ប្រទេស​ ខណៈ​ប្រទេស​ហ្វីលីពីន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផ្លាស់​ប្តូរ​ប្រធានាធិបតី។ ចំណែក​មេដឹកនាំ​របប​យោធា​លោក​ Min Aung Hlaing ​ដែល​បាន​ទម្លាក់​មេដឹកនាំគណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​មេដឹកនាំ​ស៊ីវិល​ជាប់​ឆ្នោត​គឺ​លោក​ស្រី​ Aung San Suu Kyi តាម​រយៈរដ្ឋ​ប្រហារ​នៅ​ឆ្នាំ​២០២១​នោះ មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជំនួប​កំពូល​ពិសេស​នេះ​ទេ។

យោង​តាមសេចក្តី​ថ្លែង​ការណ៍​ចក្ខុវិស័យ​រួម​ដែល​ចេញផ្សាយ​ជា​សាធារណៈ​លើ​គេហទំព័រ​របស់​សេតវិមាន​ កាល​ពី​ថ្ងៃ​សុក្រ​ទី​១៣ ខែ​ ឧសភា​ ឆ្នាំ​២០២២​ បញ្ហា​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ដែល​ជា​ចំណុច​ស្នូល​មួយ​នៃ​ការ​ជំរុញ​ឱ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រូវ​បាន​រំលេចឡើង​ត្រួសៗ ដោយ​សំដៅ​ដល់​វិបត្តិ​ផ្ទៃក្នុង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និងសង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។

សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ដោយ​សំដៅ​ដល់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ឬភូមា​ក្នុង​ន័យ​ដើម​ថា៖ «យើង​នៅ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​វិបត្តិ​នៅ​ភូមា។ យើង​បន្ត​គាំទ្រ​ដល់​កិច្ច​ខិតខំ​របស់​អាស៊ាន​ ដើម្បី​សម្របសម្រួល​ឱ្យ​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ជា​ប្រយោជន៍​នៃ​ប្រជាជន​មីយ៉ាន់ម៉ា​ ក្នុង​នោះ​កិច្ចការ​នេះ​ក៏នឹង​ធ្វើ​ឡើង​តាម​រយៈ​ប្រេសិត​របស់​ប្រធាន​អាស៊ាន​ នៅ​ក្នុង​ការ​កសាង​ការ​ជឿជាក់​ និង​ទំនុកចិត្ត​ជាមួយ​លទ្ធភាព​ដែល​អាច​បាន​ទៅ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ និង​ដើម្បី​ធ្វើ​ការផ្តល់​ជំនួយ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​ឱ្យ​ប្រជាជន​មីយ៉ាន់ម៉ា»។

ទាក់ទិន​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​ សេចក្តី​ថ្លែងការណ៍​បាន​លើក​ឡើង​ថា៖ «ក្នុងនាម​ជា​ប្រជាជាតិ​ទាំងអស់​ យើង​បញ្ជាក់​ជាថ្មី​ជំហរ​នៃ​ការ​គោរព​របស់​ពួកយើង​ចំពោះ​ អធិបតេយ្យភាព ឯករាជ្យភាព​ខាង​នយោបាយ​ និង​បូរណភាព​ទឹកដី...យើង​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់​ និង​បង្កើត​ឱ្យ​មាន​បរិយាកាស​ដែល​ឈាន​ដល់​ដំណោះស្រាយ​ដោយសន្តិវិធី»។ ​

ដោយ​ឡែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​សម្រាប់​ឆ្នាំ​២០២២​នេះ​ បាន​ឆ្លៀត​ឱកាស​ក្នុង​ពេល​ទទួលទាន​អាហារ​ជាមួយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Joe Biden ​ និង​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ អញ្ជើញ​លោក​ Biden មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​នឹង​រៀប​ចំ​ឡើង​ជា​លើក​ទី​១០​នៅ​ប្រទេស​កម្ពុជា នា​ខែ​វិច្ឆិកា​ ខាងមុខ​។ នេះ​បើ​តាម​សេចក្តី​សង្ខេប​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ។

លោក ហ៊ុន សែន ក៏​បាន​អរគុណ​ លោក​ប្រធានាធិបតីនិង​ប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិក​ ដែល​គាំទ្រ​តួនាទី​របស់​កម្ពុជា​ ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ៕ ​

XS
SM
MD
LG