ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាមេរិក​និង​អាស៊ាន​គ្រោង​នឹង​អនុម័ត​សេចក្តី​ថ្លែងការណ៍​រួម ដែល​មាន​បញ្ហា​រុស្ស៉ី​និង​អ៊ុយក្រែន​និង​បញ្ហា​មីយ៉ាន់ម៉ា


ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​អាស៊ាន​នៅ​ក្នុង​ពិធី​ទទួល​អាហារ​ពេល​ល្ងាច​រួម​គ្នា ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។ (Facebook/Cambodian PM Hun Sen)

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នឹង​សម្រេច​បាន​បញ្ហា​ជាច្រើន រាប់​ទាំង​បញ្ហា​មីយ៉ាន់ម៉ា អ៊ុយក្រែន និង កូរ៉េខាងជើង។ ហើយ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ហៅ​ថា «សេចក្តី​ថ្លែងការណ៍​ទស្សនៈ​រួម» នឹង​គ្រោង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប៉ុន្មាន​ម៉ោងទៀត​នេះ។ លោក​ប្រធានាធិបតី Joe Biden (ចូ បៃដិន) នឹង​អញ្ជើញ​មេដឹកនាំ អាស៊ាន អនុម័ត​រួមគ្នា នៅ​ថ្ងៃ​កិច្ចប្រជុំ​អាមេរិក -អាស៊ាន​បញ្ជប់​នេះ។ នេះ​បើតាម​កម្មវិធី​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន និង សេចក្តី​ថ្លែងការណ៍​រួម​មួយ​ផ្នែក ដែល​វីអូអេ​ទទួល​បាន​ពី​ប្រភព​ដែល​គួរទុកចិត្ត​បាន។

ចំពោះ​បញ្ហា​អ៊ុយក្រែន ដែល​គេមិន​បាន​ឃើញ​មាន​ការ​ប្រើ​ពាក្យ «រុស្ស៉ី‍» ក្នុង​សេចក្តីព្រាង​នៃ​«សេចក្តី​ថ្លែងការណ៍​ទស្សនៈ​រួម» ហៅ​ថា Joint Vision Statement នោះ អាមេរិក​និង​អាស៊ាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា៖ «យើង​នឹង​បន្ត​បញ្ជាក់​ពី​ជំហរ​របស់​យើង​ក្នុង​ការ​គោរព​អធិបតេយ្យភាព​ ឯករាជ្យភាព​នយោបាយ និង​បូរណភាព​ដែនដី។ យើង​សូម​អំពាវនាវ​ជា​ថ្មី​ឱ្យ​មាន​ការ​អនុលោម​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ។ យើង​សូម​បញ្ជាក់​ពីសារ:សំខាន់​នៃ​ការ​បញ្ចប់​សង្គ្រាម​ និង បង្កើត​បរិយាកាស​ដែល​អាច​នាំទៅ​រក​ដំណោះសា្រយ​សន្តិភាព»។

សេចក្តី​ព្រាង​ដដែល​បាន​បញ្ជាក់​ថា៖ «យើង​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​អគ្គលេខាធិការ អ.ស.ប.​ក្នុង​ការបន្ត​ស្វែងរក​សន្តិភាព។ យើង​ទទូច​ផង​ដែរ​ឱ្យ​មាន​ការ​សម្របសម្រួល​ជា​បន្ទាន់​ឱ្យ​មាន​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ដោយ​សុវត្ថិភាព ដោយ​គ្មាន​ការរារាំង​ ទៅ​ជូន​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ដែលត្រូវការ​ស្បៀងអាហារ​និង​ការ​ការពារ​ដល់​បុគ្គលិក​ផ្នែកជំនួយ​មនុស្សធម៌​ស៊ីវិល និង ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់»។


បញ្ហា​មីយ៉ាន់ម៉ា​វិញ​សេចក្តី​ព្រាង​នៃ​«សេចក្តី​ថ្លែងការណ៍​ទស្សនៈ​រួម» ហៅ​ថា Joint Vision Statement អាមេរិក​និង​អាស៊ាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា៖ «យើង​នៅ​បន្ត​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​លើ​បញ្ហា​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ យើង​រំលេច​ការ​ប្តេជ្ញា​របស់​មីយ៉ាន់ម៉ា​ចំពោះ​ចំណុច​កុងសង់ស៊ីស​អាស៊ាន​ទាំង៥​ក្នុង​ពេល​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​កាល​ពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ ហើយ​ទទូចឱ្យ​មីយ៉ាន់ម៉ា​អនុវត្ត​ចំណុច​កុងសង់ស៊ីស​ទាំង​៥​ឱ្យ​បាន​ឆាប់​និង​គ្រប់​ចំណុច»។

សេចក្តី​ព្រាង​ដដែល​បាន​បន្ត​បញ្ជាក់​ថា៖ «យើង​នឹង​បន្ត​គាំទ្រ​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ដើម្បី​សម្របសម្រួល​តាម​រយ:​ការធ្វើ​កិច្ចការ​របស់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​ស្តី​ពី​មីយ៉ាន់ម៉ា​ ដូចជា​ការស្តារ​ទំនុកចិត្ត​និង​ការ​ជឿជាក់ ដើម្បី​ការ​ចូលជួប​សន្ទនា​គ្នា​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ហើយ​នឹងការ​ដឹកជំនួយ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ជូន​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ រួម​ទាំង​ពលរដ្ឋ​ដែល​ត្រូវការ​ស្បៀង​ចាំបាច់ ដោយ​គ្មាន​ការរើសអើង»។

សេចក្តីព្រាង​ដដែល​បាន​បន្ត​បញ្ជាក់​បន្ថែម​ថា៖ «យើង​សូម​បញ្ជាក់​ពី​គោលជំហរ​ជាថ្មី​របស់យើង​ចំពោះសន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ និង បន្ត​អំពាវនាវ​ឱ្យមាន​ការបញ្ឈប់​ជាបន្ទាន់​នូវអំពើហិង្សា​នៅ​មីយ៉ាន់ម៉ា និង បន្ត​ដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ រួមទាំង​ជនបរទេស​ផង។ យើង​នឹងបង្កើន​កិច្ចប្រឹងប្រែង​រួមគ្នា​របស់​យើង​ថែមទៀត​ដើម្បី​រកដំណោះស្រាយ​សន្តិភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​ការ​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញា​បន្ត​របស់​យើង​ចំពោះ​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន ដែល​មានចែង​បញ្ជាក់​ក្នុង​ធម្មនុញ្ញ​អាស៊ាន»។

ចំពោះ​បញ្ហា​កូរ៉េខាងជើង​ សេចក្តីព្រាង​នៃ​«សេចក្តី​ថ្លែងការណ៍​ទស្សនៈ​រួម» ហៅ​ថា Joint Vision Statement អាមេរិក និង​អាស៊ាន​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា៖ «យើង​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ និង​កសាង​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ។ យើង​បន្ត​ទាមទារ​ឱ្យ​កូរ៉េ​ខាងជើង​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដែល​ពាក់ព័ន្ធ​នានា​គោរព​តាម​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ផ្នែក​គោលនយោបាយ​ការទូត​ ដើម្បី​ជា​ផល​ប្រយោជ៍​នៃ​ការរក្សា​សន្តិភាព សន្តិសុខ ក្នុង​តំបន់»។

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ដែល​ធ្វើនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ពីរ​ថ្ងៃ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃនេះ ជាមួយ​នឹង​សន្ទរកថា​បិទ​របស់​ប្រធាន​អាស៊ាន​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ក្រោយ​ពី​ការថ្លែង​សុន្ទរកថា​របស់​មេដឹកនាំ​អាស៊ាន​ចំនួន​៥នាទី​ម្នាក់ និង​ ការ​សន្ទនា​រវាង​មេដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden (ចូ បៃដិន)៕

XS
SM
MD
LG