ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ឃើញ​ផលប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ពី​ Sunnylands ខណៈ​ដែល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​មាន​

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោកប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា ស្វាគមន៍​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​រមណីយដ្ឋាន Sunnylands នៅ​ទីក្រុង Rancho Mirage កាល​ពីថ្ងៃច័ន្ទ ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្រ្ត​នេះ​បាន​រៀបចំ​ឡើង​ពីថ្ងៃទី១៥​ ដល់​ទី១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ​និង​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា។

កិច្ច​ប្រជុំ​កំពូល​ពិសេស​រវាង​មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​នៅ​រមណីយដ្ឋាន​លំហែ​កាយ​ Sunnylands ​កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ​គឺជា​កិច្ច​ប្រជុំ​ដំបូង​នៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​កិច្ច​ប្រជុំ​កំពូល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ចូលរួម​ដោយ​ផ្ទាល់​នេះ​ បាន​បើក​ផ្លូវ​បន្ថែម​ទៀត​ ឱ្យ​កម្ពុជា​ពង្រីក​នយោបាយ​ការបរទេស​របស់​ខ្លួន ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ និង​ធ្វើ​ឱ្យ​មេដឹកនាំ​កម្ពុជា​ឈរ​ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​នឹង​មេដឹកនាំ​នានា​លើ​ពិភពលោក។​

កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្រ្ត​នេះ​បាន​រៀបចំ​ឡើង​ពីថ្ងៃទី១៥​ ដល់​ទី១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ​និង​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា។

លោក កៅ គឹមហួន ​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​ថា កម្ពុជា​មើល​ឃើញ​ថា​ជំនួប​កំពូល​នេះ​ជា​ឱកាស​ឱ្យ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​នេះ ​ជំរុញ​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​របស់​ខ្លួន​បាន​ឡើង​មួយ​កម្រិត​ទៀត៖

«ធ្វើ​យ៉ាងណា​ឱ្យ​ទីផ្សារ​សហរដ្ឋ​អាមេរិក​នេះ​បើក​ច្រក​សម្រាប់​កម្ពុជា​ យើង​ក៏ដូច​ជា​អាស៊ាន​ដែរ​អាច​បន្ត​នាំ​ចេញ​នូវ​ផលិតផល​ កសិផល​ពី​ប្រទេស​កម្ពុជា​នេះ។ ដូច្នេះ​ការ​គៀងគរ​ការ​វិនិយោគ​ និង​ទេសចរណ៍​ពី​សហរដ្ឋ​អាមេរិក​ជាដើម។ ជាពិសេស​ទៀត​យើង​ដឹង​ហើយ​ក្នុង​ការ​ស្នើ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​គាំទ្រ​លើ​វិស័យ​ជំនួយ​បច្ចេកទេស​ ក៏ដូច​ជា​ការកសាង​សមត្ថភាព‍»។​

រូបឯកសារ៖ លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​ប្រទេស​មក​ពី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ (ហៅកាត់ថា អាស៊ាន) នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ លោក អូបាម៉ា បាន​ជំរុញ​ឲ្យមេដឹកនាំ​អាស៊ាន​ទាំង​អស់ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​គាំទ្រ​គោលជំហរ​រួម​មួយ​ទាក់ទង​នឹង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ដែល​សេតវិមាន​សង្ឃឹម​ថា​នឹង​ពង្រឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។ (Reuters/Kevin Lamarque)
រូបឯកសារ៖ លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​ប្រទេស​មក​ពី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ (ហៅកាត់ថា អាស៊ាន) នៅ​ទីក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ លោក អូបាម៉ា បាន​ជំរុញ​ឲ្យមេដឹកនាំ​អាស៊ាន​ទាំង​អស់ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​គាំទ្រ​គោលជំហរ​រួម​មួយ​ទាក់ទង​នឹង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ដែល​សេតវិមាន​សង្ឃឹម​ថា​នឹង​ពង្រឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។ (Reuters/Kevin Lamarque)

មេដឹកនាំ​អាស៊ាន ​និង​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​រួមគ្នា​ ដែល​មាន​១៧ចំណុច​ដែល​អំពាវនាវ​ឱ្យ​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ​ដែល​កំពុង​តែ​មាន​ជម្លោះ​ដែនដី​លើ​ផ្លូវ​ចរាចរណ៍​នាវា​ដឹកទំនិញ​ និង​ការប្រកាស​គំនិត​ផ្តួចផ្តើម​ពាណិជ្ជកម្ម​ថ្មីៗ​ជាច្រើន។

លោក កៅ គឹមហួន ​បញ្ជាក់​ថា ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​ជាច្រើន​នោះ​គឺ​គំនិត​ផ្តួចផ្តើម​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ការ​តភ្ជាប់​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក‍»​នឹង​ជួយ​ឱ្យ​អាស៊ាន​ខិត​កាន់តែ​ជិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក៖

«ការ​តភ្ជាប់​នេះ​ជាពិសេស​ជា​លក្ខណៈ​ផ្តល់​ឱកាស​ថ្មីមួយ​ឱ្យ​អ្នក​វិនិយោគ​ ពាណិជ្ជករ ​អ្នកដឹកនាំ​ធុរៈកិច្ច​ រវាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក ​អាច​ជួបជុំ​គ្នា​ជាប្រក្រតី ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​រវាង​ទាំង​សង​ខាង‍»។​

បណ្តូរ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ និង​តំបន់​អាស៊ាន​មាន​ទំហំ​ជាង​២៤០​ពាន់​លាន​ដុល្លារ ដោយ​សហរដ្ឋ​អាមេរិក​នាំ​ចូល​ទំនិញ​ និង​សេវា​ទៅ​អាស៊ាន​ មាន​តែ​ជាង​១០០ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​តួលេខ​នេះ​នៅ​ទាប​ជាង​បណ្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាស៊ាន​ ដែល​មាន​រហូត​ដល់​ជាង​៤៨០​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​របស់​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ ដែល​គិត​ត្រឹម​ឆ្នាំ​២០១៣។

លោក​ ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ថា ​លើសពី​វិស័យ​កសិកម្ម​ដែល​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ គឺ​កម្ពុជា​ជា​ដៃ​គូ​ពាណិជ្ជកម្ម​មួយ​ល្អ ​ដោយ​សារ​តែ​ការផលិត​នៅ​កម្ពុជា​មាន​តម្លៃ​ថោក​សម្រាប់​នាំ​ទៅ​សហរដ្ឋ​អាមេរិក៖

«ដូច្នេះ​ផល​រំពឹង​ទុក​របស់​យើង​គឺ​វិស័យ​កសិកម្ម។ ផល​រំពឹង​ទុក​របស់​យើង​គឺ​ជួយ​សហរដ្ឋ​អាមេរិក​ទៅវិញ​នូវ​ភាព​សន្សំសំចៃ​ ដោយ​សារ​ផលិត​ផល​ពី​កម្ពុជា​ដែល​មាន​តម្លៃ​មួយ​សមរម្យ ​ដែល​ជួយ​ឱ្យ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​អាច​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​បាន​ច្រើន‍»។​

យ៉ាងណា​ក៏ដោយ​ វិស័យ​កាត់ដេរ​នៅតែ​ជា​ប្រភេទ​ទំនិញ​នាំមុខ​គេ​ក្នុង​ចំណោម​ទំនិញ​ ដែល​កម្ពុជា​នាំ​ចូល​មក​សហរដ្ឋ​អាមេរិក។​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​១០​ នៅ​រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

កម្ពុជា​គឺ​ជា​ប្រទេស​តូច​មួយ​ ដែល​ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិច​នៃ​សហគមន៍​អាស៊ាន។ ប៉ុន្តែ​ ការដែល​ប្រទេស​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​មហាអំណាច​ចិន​ធ្វើ​ឱ្យ​ប្រទេស​មហាអំណាច​ ដូច​ជា​សហរដ្ឋ​អាមេរិក​មិន​អាចមើល​រំលង​បាន។ ​ជាពិសេស​នៅ​ក្នុង​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​តែង​តែ​ឡើង​កម្តៅ​ជានិច្ច។ នេះ​បើតាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នយោបាយ​ក្នុង​ពេល​កន្លង​មក។

លោក ផៃ ស៊ីផាន ​បាន​បញ្ជាក់ពី​ជំហរ​ដែល​សហគមន៍​អាស៊ាន​គាំទ្រ​លើ​សេចក្តី​ប្រកាស​រួម​ដែល​បាន​ចេញ​នៅ​ក្រោយ​ពី​ជំនួប​កំពូល​នោះ។

«យើង​វាយតម្លៃ​ខ្ពស់​នៅក្នុង​ហ្នឹង​គឺ​យើង​បាន​គាំទ្រ​នូវ​សេចក្តី​ប្រកាស​រួម​មួយ។ ប៉ុន្តែ​ជម្រាប​ជូន​ផង​ដែរ​សេចក្តី​គាំទ្រ​របស់​យើង​ យើង​គឺ​អាស៊ាន​មិនទាន់​បាន​បញ្ចេញ​ជំហរ​នូវ​បែបបទ​ការងារ ​ឬ​ក៏​ប្តេជ្ញា​របៀប​យ៉ាង​ម៉េច​ដែរ ​ពីព្រោះ​អាស៊ាន​បាន​ប្តេជ្ញា​រួច​ទៅ​ ហើ​យ​ថា​ជាពិសេស​នៅក្នុង​រឿង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រឿង​សេដ្ឋកិច្ច​ទៀត​ហ្នឹង​គឺ​យើង​នៅតែ​ពង្រឹង​បន្ត​ទៅទៀត‍»។​

លោក ​ផៃ ស៊ីផាន ​បាន​អះអាង​ជាថ្មី​ពី​ជំហរ​សន្តិភាព​និយម​របស់​កម្ពុជា ​បើ​ទោះបី​ជាមាន​ការ​រិះគន់​ថា​ខ្លួន​លម្អៀង​ទៅ​រក​ចិន​ក៏ដោយ៖

«កម្ពុជា​នៅ​មាន​ជំហរ​ដដែល​ គឺ​យើង​ចង់​ឃើញ​ឱ្យ​មាន​ការ​ជជែកគ្នា​ ហើយ​ចង់​ឃើញ​ប្រទេស​ចិន ​និង​ជាមួយ​នឹង​ប្រទេស​អាមេរិក​ជជែក​គ្នា ​ជាជាង​ការ​រៀបចំ​ឱ្យ​មាន​ការ​ប្រឈម​ដោយ​កម្លាំង។ យើង​ចង់​ឃើញ​ប្រទេស​ចិន​មាន​ការ​ដោះស្រាយ​ជាមួយ​នឹង​ប្រទេស​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ឈូង​សមុទ្រ​ គឺ​សុំ​ឱ្យ​ជជែក​គ្នា​ឱ្យ​បាន​ច្រើន​ ជាជាង​ការ​រៀបចំ​ឱ្យ​ក្លាយ​ទៅជា​ការប្រឈម​ដាក់​គ្នា‍»។​

កិច្ច​ប្រជុំ​កំពូល​បាន​បញ្ចប់​ទៅ​មែន ​ប៉ុន្តែ​សម្រាប់គណបក្ស​កាន់​អំណាច ​មើល​ឃើញ​ថា ​វា​គឺជា​សក្ខីកម្ម​មួយ​ទៀត​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ ដែល​បាន​នាំ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​កាន់​តែ​កៀក​ចូលគ្នា​ គឺ​មិន​មែន​ឃ្លាត​ឆ្ងាយ ​ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​ក្នុង​ពេល​កន្លង​មក​ទេ។​

លោក​ សុខ ឦសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា៖

«ឆ្លងកាត់​ការ​ប្រជុំ​កំពូល​រវាង​អាស៊ាន​ និង​អាមេរិក​នេះ​ គឺ​យើង​ឃើញ​ថា​ ជំហរ​របស់​ឯកឧត្តម​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ អូបាម៉ា ​គឺ​គាត់​មិន​មាន​ការរើសអើង​អ្វីទេ​ ហើយ​ការ​ទទួល​ស្វាគមន៍​រាក់ទាក់​មេដឹកនាំ​បណ្តា​ប្រទេស​ទាំង១០​នៃ​សមាគម​អាស៊ាន​យើង​ឃើញ​ថា ​មាន​លក្ខណៈ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ស្មើ​ភាព​គ្នា‍»។

ទន្ទឹម​នឹង​នោះ​ជា​ការពិត​គឺ​ការ​វិនិយោគ​ដែល​អាច​នឹង​មក​ដល់។ លោក ​សុខ ឦសាន​បាន​បន្ថែម​ថា៖

«ហើយ​យើង​សង្ឃឹម​ថា​ បន្ទាប់ពី​សភាពការណ៍​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នេះ​នឹង​សង្ឃឹម​ថា​ នឹង​មាន​វិនិយោគិន​បរទេស​ ជាពិសេស​មក​ពី​អាមេរិក​នឹង​ចូលមក​កម្ពុជា‍»។​

យ៉ាង​ណា​ក៏ដោយ​ ការ​ជួប​ប្រជុំ​នោះ​ក៏បាន​ញាំញី​ដោយ​ការ​តវ៉ា​របស់​សហគមន៍​ខ្មែរ ​ឡាវ ​ថៃ​ និង​ក្រុម​អ្នក​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ជាដើម។ សហគមន៍​ខ្មែរ​ចង់​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន ​និង​សិទ្ធិ​នយោបាយ​កាន់​តែ​ធំទូលាយ​ជាដើម។

រូបឯកសារ៖ បាតុករ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​នៅ​ឯ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុ្ស​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​លោក​ ហ៊ុន សែន​ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​របស់​អាស៊ាន​ផ្សេងៗ​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន។
រូបឯកសារ៖ បាតុករ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​មក​ពី​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បាតុកម្ម​នៅ​ឯ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វរញ៉ា កាល​ពី​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​តវ៉ា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គោរព​សិទ្ធិមនុ្ស​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ម៉ោង​មុន​លោក​ ហ៊ុន សែន​ ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​មេដឹកនាំ​របស់​អាស៊ាន​ផ្សេងៗ​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន។

លោក សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​អះអាង​ដែរ​ថា​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​មិន​បាន​យក​ចិត្ត​ទុកដាក់​តាម​ការ​ស្នើ​សុំ​របស់​សកម្មជន​សិទ្ធិ​មនុស្ស​ទេ៖

«ក្នុង​នេះ​ឃើញ​ថា​ លោក​មិន​មាន​ការ​យក​តាម​សំណូមពរ​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ហើយ​ក៏​ដូច​ជា​សំណូម​ពរ​របស់​អង្គការ​មួយ​ចំនួន​ ដែល​ចង់​ឱ្យ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា​គឺ​អត់​មាន​ទេ។ លោក​រក្សា​នូវ​ជំហរ​មួយ​គឺ​ថា ​គោរពគ្នា​ទៅវិញ​ទៅមក​ដោយ​ស្មើ​ភាព​និង​ស្មើ​សិទ្ធិ»។​

ឯកអគ្គរដ្ឋ​ទូត​ខ្មែរ​ប្រចាំ​សមាគម​អាស៊ាន ​គឺ​លោក ​នង សាកល ​ក៏បាន​បញ្ចេញ​ប្រតិកម្ម​តបត​នឹង​លោកស្រី ​Nina Hachigian ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​ដែល​និយាយ​ថា ​កិច្ច​ប្រជុំ​បាន​លើក​ឡើង​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។​

លោក​ នង សាកល ​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ក្នុង​សារ​មួយ​ថា៖​«ជា​ការពិត​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា​ បាន​លើក​បញ្ហា​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាទូទៅ​ដោយ​មិន​សំដៅ​លើ​ប្រទេស​ណាមួយ​ទេ‍»។

លោក​បាន​អះអាង​ថា​ មាន​អង្គការ​ជាច្រើន​កំពុង​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ពួកគេ​មាន​សិទ្ធិ​រិះគន់​រដ្ឋាភិបាល​ទាំង​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេសដោយ​សេរី។ លោក​ក៏បាន​ស្នើ​សុំ​ឱ្យ​លោកស្រី​ Nina Hachigian ​ផ្តោតលើ​ការងារ​ពង្រឹង​ទំនាក់​ទំនង​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អាស៊ាន​ជាជាង​«ជ្រៀតជ្រែក​ប្រកប​ដោយ​ឥរិយាបទ​មិន​សមស្រប​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា‍»។

បើទោះបីជា​កម្ពុជា​មើល​ឃើញ​ពី​ទំហំ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជាធំ ​ក្រុម​អ្នក​តាម​ដាន​នានា​ជាពិសេស​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​មើល​ឃើញ​ថា​ បញ្ហា​នេះ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​នយោបាយ ​ជាពិសេស​លំហរ​កាន់តែ​ទូលាយ​សម្រាប់​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​ ដូច​ដែល​ផ្នែកខ្លះ​នៃ​សេចក្តី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់​យ៉ាងច្បាស់​ គឺ​ការ​បេ្តជ្ញា​នៃ​ក្រុម​មេដឹកនាំក្នុង​ការ​ធានា​នូវ​ឱកាស​ផ្សេងៗ​សម្រាប់​ប្រជាជន​ទាំងអស់​តាមរយៈ​ «ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ និង​ការ​ប្រកាន់​ខ្ជាប់​នីតិរដ្ឋ​ លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ ជំរុញ​លើក​កម្ពស់​ការ​អត់ឱន​ និង​អធ្យាស្រ័យ​ និង​ការពារ​បរិស្ថាន‍»៕

XS
SM
MD
LG