ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកវិភាគ​ថា អាមេរិក​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​ពី​កិច្ចប្រជុំ​កំពូល ​Sunnylands


សម្រាប់​ប្រទេស​កម្ពុជា​លោក ឱក សេរីសោភក្តិ៍​ មើល​ឃើញ​ថា​ មាន​កិច្ច​ការ​ចាំបាច់​មួយ​ចំនួន​ដែល​ពិភពលោក​ទាំងមូល​ចង់​មើល​ឃើញ​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​នៅ​សាន់នីឡែន​នោះ។

អ្នក​វិភាគ​មើល​ឃើញ​ថា​ កិច្ច​ប្រជុំ​កំពូល​ពិសេស​រវាង​មេដឹកនាំ​អាស៊ាន​និង​សហរដ្ឋ​អាមេរិក​នៅ​រមណីយដ្ឋាន​ Sunnylands នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​ព្រោះ​ប្រទេស​មហាអំណាច​នេះ​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួនចង់​បាន ​ហើយ​ដែល​នឹង​កំណត់​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួនសម្រាប់​តំបន់​អាស៊ីក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ។

កិច្ចប្រជុំ​កំពូលដែល​បាន​រៀបចំ​ឡើង​ កាលពី​ថ្ងៃ​ទី​១៥​ដល់​១៦​ខែ​កុម្ភៈ​នេះ បាន​ចេញ​ជា​សេចក្តី​ប្រកាស​មួយ​ដែល​មាន​១៧​ចំណុច​ ផ្តោត​លើ​បញ្ហា​សន្តិសុខ ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​បរិស្ថាន ​ភេរវកម្ម​ ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទថា៖

«នេះ​នឹង​ក្លាយ​ជា​មរតក​នៃ​គោលការណ៍​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទោះ​បី​ជា​ប្រធានាធិបតី​ក្រោយ​នៅ​គណបក្ស​សាធារណរដ្ឋ​ឬ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា​ក៏​ដោយ​ខ្ញុំ​ជឿ​ថា​នឹង​នៅ​តែ​អនុវត្ត​គោលនយោបាយ​ទាំង​១៧ចំណុច‍»។​

លោក ឱក សេរី សុភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ
លោក ឱក សេរី សុភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ

លោក​សោភក្តិ៍​បាន​បន្ថែម​ថា កិច្ច​ប្រជុំ​កំពូល​នេះបាន​បង្ក​ជា«ហានិភ័យ​មួយ​ខ្ពស់​ណាស់‍»​សម្រាប់ប្រទេស​មហា​អំណាចចិន​ហើយ​ក្នុង​ពេល​មួយ​ឬ​ពីរ​ទសវត្សរ៍ខាងមុខ​នៅ​ពេល​ដែល​អាស៊ាន​រួម​កម្លាំង​គ្នា​ក្នុង​សំឡេង​តែ​មួយ ប្រទេស​ចិន​អាច​នឹង​នៅ​ឯកោ​ ប្រសិន​បើ​នៅ​តែចចេស​ប្រើ​ប្រាស់​ឥរិយាបទ​កម្លាំង​យោធា។

​លោក​បាន​លើក​ឡើង​នូវ​ចំណុច​ទី​៧ ទី៨ និង​ទី៩ ​នៃ​សេចក្តី​ប្រកាស​ដែល​និយាយ​ដល់​ការ​គ្រប់គ្រង​រួម​គ្នា​ដោយ​សន្តិភាព និង​គ្មាន​អាវុធ នៅ​តំបន់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​បាន​បន្ថែម​ថា៖​

«ការណ៍​នេះ​ដូច​ជា​ចោទ​ប្រទេស​ចិន​ថា ​យើង​សុំ​សហការ​គ្នា​ដោយ​សន្តិភាព​និង​ដោយ​ឈរ​លើ​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ការ​គ្រប់គ្រង​សមុទ្រ។ ដូច្នេះ​អ្វី​ដែល​ប្រទេស​ចិន​ធ្វើ​ដោយ​អាង​អំណាច​អាង​កម្លាំង​វា​ខុស​ទៅ​នឹង​ស្មារតី​ហើយ។ ហើយ​បើ​សិន​ជា​អាស៊ាន​ទាំង១០ហ្នឹង​ តាម​រយៈ​ជ្រុង​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ហើយ​នឹង​ហិរញ្ញវត្ថុ​ចូលរួម​នៅ​ក្នុង​ស្មារតី​ទាំងអស់​ហ្នឹង​ប៉ុន្មាន​ឆ្នាំ​ទៅមុខ​ទៀត។ ១០ ឬ ២០ ឆ្នាំ​ទៅមុខ​ទៀត​ ចង់​ក៏ដោយ​មិន​ចង់​ក៏ដោយ​ប្រទេស​ចិន​នឹង​ឯកោ‍»។​

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ក៏បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នោះ ដោយ​ផ្ទាល់​ផង​ដែរ។ នៅ​ថ្ងៃ​ទីមួយ​នៃ​កិច្ច​ប្រជុំ​មាន​បាតុករ​ខ្មែរ​អាមេរិកាំង​រាប់​រយ​នាក់​បាន​មក​តវ៉ា​ទាមទារ​ឱ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​និង​សុំ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង។

លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​លោក​មក​ដល់រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​ប្រធានាធិបតីបារ៉ាក់ អូបាម៉ា​ស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​ដែល​លោក​មក​ដល់រមណីយដ្ឋាន Sunnylands ក្រុង Rancho Mirage រដ្ឋ​ California សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

សម្រាប់​ប្រទេស​កម្ពុជា​លោក ឱក សេរីសោភក្តិ៍​ មើល​ឃើញ​ថា​ មាន​កិច្ច​ការ​ចាំបាច់​មួយ​ចំនួន​ដែល​ពិភពលោក​ទាំងមូល​ចង់​មើល​ឃើញ​ដោយ​ផ្អែក​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​កំពូល​នៅ​សាន់នីឡែន​នោះ។

ក្នុង​នោះ​គឺ​ការរៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

លោក​បាន​បន្ថែម​ថា៖

«តើ​ក្នុង​ការ​ចូលរួម​នោះ មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​និង​គណបក្ស​ផ្សេង​ទៀត​ដោយ​សេរី យុត្តិធម៌​ហើយ​ដោយ​គ្មាន​អំពើ​ហិង្សា​ឬទេ​ហើយ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ជំទាស់​ហ្នឹង​អាច​មាន​សិទ្ធិ​មក​ចូលរួម​នៅ ក្នុង​រឿង​ហ្នឹង​វិញ​បាន​ឬទេ​? នេះ​ជា​ចំណុច​ដែល​គ្រប់​គ្នា​សឹង​ថា​ពិភពលោក​ទាំងមូល​ផ្តោត​ភ្នែក​សំឡឹង​មើល​មក​យើង‍»។​

លោក​សោភក្តិ៍​យល់​ថា វា​ជា​ការ​សំខាន់​ដែល​កម្ពុជា​ត្រូវ​ទប់​កុំ​ឱ្យ​មាន​វិបត្តិ​នៅ​ក្រោយ​ពេល​បោះឆ្នោត​និង​រៀបចំ ការបោះឆ្នោត​មួយ​ដែល​គ្មាន​អំពើ​ហិង្សា​ហើយ​អាច​ទទួល​យក​បាន។ ជាពិសេស​នោះ​គឺ​កុំ​ឱ្យ​មាន​ហិង្សា​លើ​សកម្មជន​នយោបាយ​ឬ​អ្នក​តំណាងរាស្រ្ត​ដូច​ការ​ប្រព្រឹត្តិ​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០១៥។​

លោក​បន្ថែម​ថា៖

«រូបភាព​ដែល​យើង​ប្រើ​អំពើ​ហិង្សា​នៅ តាម​ផ្លូវ​វាយ​សមាជិក​សភា​ទាំងអស់​ហ្នឹង​គឺ​រូបថត​អស់​ហ្នឹង​ វីដេអូ​អស់​ហ្នឹង​បាន​ឃើញ​នៅ​សាកលលោក​ទាំងមូល​ហើយ​ដែល​គេ​ពិបាក​ទទួល​ណាស់‍»។​

ថ្នាក់ដឹកនាំ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ​នឹង​ប្រទេស​ចិន​ប៉ុន្តែ​

លោក​សោភក្តិ៍​យល់​ថាថ្នាក់​ដឹកនាំ​ខាង​ក្រោយ​នេះ​នឹង​មាន​ទស្សនវិស័យ​ល្អ​នៅ​ក្នុង​ការរក្សា​ទំនាក់​ទំនង​រវាង​មហាអំណាច​ចិន​និង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG