សហរដ្ឋអាមេរិក និងប្រទេសទាំង ១០ នៅតំបន់អាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមការធ្វើសមយុទ្ធដែនសមុទ្រនៅថ្ងៃចន្ទនេះ ដែលជាផ្នែកមួយនៃការធ្វើសមយុទ្ធរួមគ្នា ដែលពង្រីកចូលសមុទ្រចិនខាងត្បូងដ៏ក្ដៅគគុក។ សមយុទ្ធនេះមានការចូលរួមពីនាវាចម្បាំងចំនួន ៨ គ្រឿង យន្តហោះចម្បាំង ៤ គ្រឿង និងទាហានជាង ១ ពាន់នាក់។
សមយុទ្ធដែនសមុទ្រអាស៊ានសហរដ្ឋអាមេរិកលើកដំបូងនេះមានរយៈពេល ៥ ថ្ងៃ ដោយចាប់ផ្ដើមដំបូងនៅមូលដ្ឋានទាហានជើងទឹក Sattahip ប្រទេសថៃ និងបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី។
សមយុទ្ធនេះធ្វើឡើងនៅចំពេលដែលសហរដ្ឋអាមេរិកបង្កើនការប្រឡូកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅចំពេលដែលមានភាពតានតឹងរវាងប្រទេសចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដែលផ្នែកមួយចំនួនត្រូវបានទាមទារដោយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន។
សមយុទ្ធនេះដឹកនាំដោយទាហានជើងទឹកសហរដ្ឋអាមេរិក និងទាហានជើងទឹកថៃ។ សមយុទ្ធនេះនឹងធ្វើឡើងចូលក្នុង «ដែនទឹកអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានទាំងឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងផងដែរ» មុនពេលបញ្ចប់នៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
លោនាយកឧត្ដមនាវីឯក Joey Tynch ដែលដឹកនាំកិច្ចសហប្រតិបត្តិការសន្តិសុខទាហានជើងទឹកសហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា៖ «សមយុទ្ធដែនសមុទ្រអាស៊ានសហរដ្ឋអាមេរិកនេះកសាងសន្តិសុខដែនសមុទ្រប្រសើរជាងមុនលើកម្លាំងរបស់អាស៊ាន កម្លាំងនៃកិច្ចសហប្រតិបត្តិការរវាងទាហានជើងទឹក និងទាហានជើងទឹក និងកម្លាំងនៃការជឿជាក់រួមគ្នារបស់យើងថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់សេរី និងបើកចំហ»៕