ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ចាប់​ខ្លួន​មនុស្ស​ ៣​ នាក់​ក្នុង​ផែនការ​ធ្វើ​ភេរវកម្ម​ដើម្បី​ជួយ​ក្រុម​រដ្ឋ​អ៊ីស្លាម


មេ​បញ្ជាការ​ប៉ូលិស​ក្រុង​ New York លោក​ Bill Bratton (ខាងស្តាំ) និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​នៅការិយាល័យ​ប៉ូលិស​ នា​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​បុរស​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ផែនការ​ធ្វើ​ភេរវកម្ម​ដើម្បី​ជួយ​ក្រុម​រដ្ឋ​អ៊ីស្លាម។
មេ​បញ្ជាការ​ប៉ូលិស​ក្រុង​ New York លោក​ Bill Bratton (ខាងស្តាំ) និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​នៅការិយាល័យ​ប៉ូលិស​ នា​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​នឹង​បុរស​បី​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ផែនការ​ធ្វើ​ភេរវកម្ម​ដើម្បី​ជួយ​ក្រុម​រដ្ឋ​អ៊ីស្លាម។

កាល​ពី​ថ្ងៃ​ពុធ​ អាជ្ញាធរ​ស.រ.អា​បាន​ចាប់​ខ្លួន​ជន​បរទេស​ ៣​ នាក់​ ដែល​រស់​នៅ​ក្នុង​រដ្ឋ​ New York​ អំពី​បទ​មាន​ផែនការ​សម្ងាត់​ដើម្បី​ជួយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ អ៊ីស្លាម​ នៅ​ក្នុង​ប្រទេស​ ស៊ីរី​ ដើម្បីប៉ង​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ភ្នាក់ងារ​នគរបាល​ និង​ភ្នាក់ងារ​ក្រសួង​ស៊ើប​ការណ៍​សហព័ន្ធ​ FBI​ នៅ​ក្នុង​ស.រ.អា។​

ក្រសួង​យុត្តិធម៌​ស.រ.អា​និយាយ​ថា​ យុវជន​ Akhror​ Saidakhmetov​ អាយុ​ ១៩​ ឆ្នាំ​ ជា​ជនជាតិ​ Kazakhstan​ ត្រូវ​ចាប់​ខ្លួន​នៅ​ចំណត​យន្តហោះ​អន្តរជាតិ​ John F.​ Kennedy​ ពេល​កំពុង​រង់ចាំ​ឡើង​យន្តហោះ​ទៅ​ក្រុង​ Istanbul​ ប្រទេស​តួកគី​។​ បុរស​ទី​ពីរ​ឈ្មោះ​ Abdurasul​ Hasanovich​ អាយុ​ ២៤​ ឆ្នាំ​ ជា​ជនជាតិ​ Uzbekistan​ ត្រូវ​ចាប់​ខ្លួន​នៅ​ក្រុង​ Brooklyn​ ហើយ​មាន​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ក្រុង​ Istanbul​ នៅ​ខែ​ក្រោយ។​ បុរស​ទី​បី​ឈ្មោះ​ Abror​ Habibov​ អាយុ​ ៣០​ ឆ្នាំ​ ជា​ជនជាតិ​ Uzbekistan​ ដែរ​ ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​រដ្ឋ​ Florida​ អំពី​បទ​ជួយ​ផ្តល់​ថវិកា​ទៅ​ឲ្យ​កិច្ច​ប្រឹង​ប្រែង​របស់​យុវជន​ Saidakhmetov។​ Abror​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​សហព័ន្ធ​មួយ​ហើយ​បាន​ទទួល​មេធាវី​សាធារណ​មួយ​រូប​ឲ្យ​ការ​ពារ​ក្តី​គាត់។​

មេធាវី​ Adam​ Perlmutter​ ដែល​ការពារ​យុវជន​ Saidakhmetov​ បាន​ចោទ​សួរ​ទៅ​លើ​យុទ្ធសាស្រ្តរបស់​រដ្ឋាភិបាល​ ហើយនិយាយ​ថា​ស.រ.អា​ត្រូវការ​រក​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ទៅ​កាន់​ជន​ មូស្លីម​ ដែលអាច​នឹងទៅ​ចូល​រួម​ជា​មួយ​នឹង​ពួក​ជ្រុលនិយម។​

ជន​ទាំង​បី​ត្រូវ​ចោទ​ប្រកាន់​អំពី​បទ​ប៉ុន​ប៉ង​និង​ធ្វើ​ផែនការ​សម្ងាត់​ដើម្បី​ផ្តល់​ជំនួយ​សម្ភារៈ​ទៅ​ឲ្យ​អង្គការ​ភេរវកម្ម​មួយ។​ បើ​តុលាការ​កាត់​ក្តី​ឲ្យ​មាន​ទោស​ ម្នាក់ៗ​អាច​ជាប់គុក​ដល់​ទៅ​ ១៥​ ឆ្នាំ៕

XS
SM
MD
LG