សហរដ្ឋអាមេរិកបានទាមទារនៅថ្ងៃអង្គារនេះ ឲ្យក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដោះលែងក្រុមគ្រិស្តសាសនិក Assyria ជាង៩០នាក់ ដែលពួកគេត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារមួយចំនួនក្នុងប្រទេសស៊ីរី ភាគឦសាន។
លោកស្រី Jen Psaki អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានផ្តន្ទាទោសការវាយប្រហារនេះ ហើយថ្លែងថាជនសកម្មប្រយុទ្ធត្រូវតែដោះលែងជនស៊ីវិលដែលខ្លួនឃុំឃាំងទាំងអស់ទៅវិញ។
លោកស្រីថ្លែងថា «ការតម្រង់ទិសដៅចុងក្រោយរបស់ក្រុម ISIL ទៅលើជនកាន់សាសនាភាគតិច គឺបានត្រឹមតែបញ្ជាក់បន្ថែមពីការសង្កត់សង្កិនដ៏សាហាវនិងអមនុស្សធម៌របស់ខ្លួន ទៅលើជនណាដែលមិនយល់ស្របជាមួយគោលដៅដើម្បីបំបែកខ្លួននិងជំនឿអាក្រក់របស់ពួកគេ»។
លោកស្រី Psaki ក៏បានគូសបញ្ជាក់អំពីអំពើហិង្សាជាបន្តរបស់កងកម្លាំងប្រទេសស៊ីរីដែរ ដោយបានថ្លែងថាអាមេរិកនៅបន្តប្តេជ្ញាថានឹងជួយស្វែងរកដំណោះស្រាយនយោបាយមួយសម្រាប់សង្គ្រាមស៊ីវិលជិត៣ឆ្នាំរបស់ប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សអស់ជាង២០ម៉ឺននាក់មកទល់នឹងពេលនេះ៕