ក្រុមសកម្មជនបាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមសកម្មជនប្រយុទ្ធរដ្ឋអ៊ីស្លាមបានចាប់ពង្រត់មនុស្សយ៉ាងហោចណាស់ក៏៩០នាក់ដែរ ពីភូមិជនជាតិភាគតិច Assyrian កាន់សាសនាគ្រិស្ត ក្នុងអំឡុងពេលនៃការវាយឆ្មក់ក្នុងតំបន់ភាគពាយ័ព្យ ប្រទេសស៊ីរី។
អង្គការសិទ្ធិមនុស្សស៊ីរី (Observatory for Human Right) មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ដែលឃ្លាំមើលអំពើហិង្សានៅក្នុងប្រទេសស៊ីរីបាននិយាយថា ក្រុមសកម្មជនប្រយុទ្ធបានចាប់ពង្រត់មនុស្ស បន្ទាប់ពីកាន់កាប់ភូមិ Tal Shamiram និងភូមិផ្សេងទៀតរបស់ជនជាតិភាគតិច Assyrian នៅក្នុងខេត្ត Hassakeh។
ការចាប់ពង្រត់បានកើតមានឡើង បន្ទាប់ពីការប៉ះទង្គិចនៅក្នុងតំបន់នោះកាលពីថ្ងៃច័ន្ទ រវាងក្រុមអ្នកប្រយុទ្ធជនជាតិភាគតិច Kurds និងក្រុមរដ្ឋអ៊ីស្លាម។ ជនជាតិភាគតិច Kurds បានចាប់ផ្តើមធ្វើការវាយប្រហារនៅក្នុងតំបន់ជិតព្រំដែនប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ ដោយមានការគាំទ្រពីកងទ័ពចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកដែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងសកម្មជនប្រយុទ្ធ។
យោធាសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារតាមអាកាសចំនួន១១លើកកាលពីថ្ងៃអាទិត្យនៅក្នុងខេត្ត Hassakeh បានត្រូវចំតំបន់យុទ្ធសាស្រ្ត រថយន្តនិងត្រង់សេរបស់សកម្មជនប្រយុទ្ធរដ្ឋអ៊ីស្លាម។
ក្រុមអ្នកប្រយុទ្ធជនជាតិភាគតិច Kurds បានដឹកនាំការប្រយុទ្ធថ្មើរជើងប្រឆាំងនឹងរដ្ឋអ៊ីស្លាម នៅក្នុងផ្នែកជាច្រើននៅភាគខាងជើងប្រទេសស៊ីរី។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយទៀតដែលគាំទ្រដោយការវាយប្រហារតាមអាកាសនោះ ជនជាតិភាគតិច Kurds បានដណ្តើមទីក្រុងកូបានីពីក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមមកវិញកាលពីខែមុន។
ក្រុមរដ្ឋអ៊ីស្លាមបានប្រើប្រាស់ការចាប់ពង្រត់ជាប្រចាំ ក្នុងចំណោមយុទ្ធសាស្រ្តរបស់ខ្លួន ហើយក្នុងករណីខ្លះបានសម្លាប់មនុស្សនៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់និងលីប៊ី៕