កងទ័ពជើងគោកសហរដ្ឋអាមេរិកបានកាត់បន្ថយតួនាទីចំនួនប្រមាណ ២៤.០០០នាក់ ឬប្រហែល ៥ភាគរយ និងកំពុងរៀបចំរចនាសម្ព័ន្ធថ្មី ដើម្បីអាចប្រយុទ្ធបានប្រសើរជាងមុននៅក្នុងសង្រ្គាមទ្រង់ទ្រាយធំនៅពេលក្រោយ ខណៈកងទ័ពកំពុងប្រឈមនឹងកង្វះខាតទាហានចំណូលថ្មី ដែលធ្វើឱ្យមិនមានទាហានគ្រប់គ្រាន់ដើម្បីបំពេញគ្រប់តួនាទី។
ការកាត់បន្ថយនេះគឺចម្បងផ្តោតលើតួនាទីដែលមិនមានទាហានបម្រើការ ហើយមិនមែនលើទាហានកំពុងបម្រើការនោះទេ ដែលរួមមានតួនាទីប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ដែលបានកើនឡើងអំឡុងពេលសង្រ្គាមអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ប៉ុន្តែមិនត្រូវការខ្លាំងនាពេលបច្ចុប្បន្ន។ ការកាត់បន្ថយតួនាទីចំនួន ៣.០០០ មកពីកងកម្លាំងប្រតិបត្តិការកងទ័ពជើងគោកពិសេស។
ស្របពេលដូចគ្នានេះ ផែនការខាងលើនឹងដាក់បញ្ចូលកងកម្លាំងបន្ថែមប្រមាណ ៧.៥០០នាក់ នៅក្នុងបេសកកម្មសំខាន់ៗដទៃទៀត រួមមានការការពារតាមជើងអាកាស និងកងប្រយុទ្ធប្រឆាំងនឹងយន្តហោះដ្រូន និងកងកម្លាំងការងារថ្មីចំនួនប្រាំនៅជុំវិញពិភពលោក ដែលមានសមត្ថភាពខ្ពស់ជាងមុនលើផ្នែកប្រព័ន្ធអ៊ីនធឺណិត ស៊ើបការណ៍សម្ងាត់ និងការវាយប្រហារពីចម្ងាយឆ្ងាយ។
រដ្ឋលេខាធិការកងទ័ពជើងគោកលោកស្រី Christine Wormuth បាននិយាយថា លោកស្រី និងអគ្គមេបញ្ជាការកងទ័ពជើងគោកលោកនាយឧត្តមសេនីយ៍ Randy George បានកាត់បន្ថយតួនាទីការងារដែលនៅទំនេរ ឬមានច្រើនជ្រុល។
លោកស្រី Wormuth បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី ២៧ ខែកុម្ភៈថា៖ «យើងកំពុងងាកចេញពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម។ យើងចង់ត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំ។ ដូច្នេះ យើងបានពិនិត្យមើលផ្នែកខ្លះនៃកងកម្លាំង ដូចជា តួនាទីពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ដែលយើងលែងត្រូវការ»។
លោក George បានបន្ថែមថា មេដឹកនាំយោធាជើងគោកបានធ្វើការសិក្សាវិភាគស៊ីជម្រៅដើម្បីកំណត់យកតួនាទីដែលត្រូវកាត់បន្ថយ។ លោកបានថ្លែងថា៖ «អ្វីដែលយើងមិនចង់មាននៅក្នុងរចនាសម្ព័ន្ធរបស់យើងគឺជា អ្វីដែលយើងគិតថា នឹងមិនធ្វើឱ្យយើងជោគជ័យនៅសមរភូមិនាពេលអនាគត»។
យោងតាមឯកសារកងទ័ពជើងគោក កងកម្លាំង «មានរចនាសម្ព័ន្ធច្រើនជ្រុល» ហើយមិនមានទាហានគ្រប់គ្រាន់ដើម្បីបំពេញតួនាទីក្នុងអង្គភាពដែលមាន។ ឯកសារបានលើកឡើងថាគឺ «តួនាទី» មិនមែន «ទាហាន»ទេដែលត្រូវកាត់ ហើយកងទ័ពជើងគោកនឹងមិនស្នើឱ្យទាហានចាកចេញពីកងកម្លាំងនោះទេ។
ក្រៅពីនេះ សេចក្តីសម្រេចនេះឆ្លុះបញ្ចាំងពីធាតុពិតដែលថា អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ យោធាមិនអាចបំពេញកន្លែងទំនេរចំនួនរាប់ពាន់។ ស្របពេលនៅក្នុងរចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន កងទ័ពជើងគោកអាចមានទាហានរហូតដល់ទៅ ៤៩៤.០០០នាក់ ចំនួនសរុបនៃទាហានសកម្មឥឡូវនេះមានប្រហែល ៤៤៥.០០០។ នៅក្រោមផែនការថ្មី គោលដៅគឺនាំចូលទាហានគ្រប់គ្រាន់នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខឱ្យបានរហូតដល់ ៤៧០.០០០នាក់។
ផែនការកែទម្រង់នេះត្រូវបានធ្វើឡើង បន្ទាប់ពីសង្រ្គាមរយៈពេលពីរទសវត្សរ៍នៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន ដែលបានជំរុញកងទ័ពជើងគោកឱ្យពង្រីកខ្លួនយ៉ាងឆាប់រហ័សនិងយ៉ាងខ្លាំងក្លាដើម្បីបំពេញជួរកងកម្លាំងដែលត្រូវបញ្ជូនទៅជួរមុខ។ នេះរួមមានបេសកកម្មប្រយុទ្ធក្រុមឧទ្ទាម ដូចជា ក្រុម al-Qaida ក្រុមតាលីបង់ និងក្រុមរដ្ឋអ៊ិស្លាម។
នៅក្នុងរយៈពេលបន្តបន្ទាប់ ការផ្តោតរបស់យោធាបានងាកមករកការប្រជែងអំណាចនឹងគូបដិបក្ខដូចជា ចិន និងរុស្ស៊ី និងការគំរាមកំហែងពីអ៊ីរ៉ង់ និងកូរ៉េខាងជើង។ ហើយសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីតម្រូវការក្នុងការសង្កត់ធ្ងន់ខ្លាំងជាងមុនលើប្រព័ន្ធការពារដែនអាកាស និងសមត្ថភាពបច្ចេកវិទ្យាទប់ទល់នឹងយន្តហោះដ្រូនតាមអាកាស និងពីសមុទ្រ។
មេដឹកនាំយោធាជើងគោកបាននិយាយថា ពួកគេបានពិនិត្យយ៉ាងដិតដល់លើគ្រប់តួនាទីក្នុងជួរយោធា ដើម្បីកំណត់តួនាទីត្រូវកាត់បន្ថយ។ ហើយពួកគេបានពិនិត្យលើកិច្ចប្រឹងប្រែងជាបន្ទាប់ដើម្បីធ្វើទំនើបកម្មកងទ័ពជើងគោកដោយបំពាក់អាវុធមានបច្ចេកវិទ្យាខ្ពស់ ដើម្បីកំណត់តួនាទីណាដែលគួរផ្តោតកងកម្លាំងបន្ថែម។
យោងតាមផែនការ កងកម្លាំងជើងគោកនឹងកាត់បន្ថយតួនាទីចំនួន ១០.០០០ សម្រាប់កងវិស្វកម្ម និងតួនាទីស្រដៀងគ្នា ដែលជាប់ពាក់ព័ន្ធនឹងបេសកកម្មប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម។ ការកាត់បន្ថយតួនាទីបន្ថែមចំនួន ២.៧០០ នឹងមានមកពីកងទាហាន ដែលមិនត្រូវចេញបេសកកម្មជាញឹកញយ និងអាចត្រូវកាត់បន្ថយបាន ហើយការកាត់បន្ថយចំនួន ៦.៥០០ នឹងធ្វើនៅផ្នែកហ្វឹកហ្វឺន និងកន្លែងដទៃទៀត។
តួនាទីចំនួនប្រមាណ ១០.០០០ ក៏ត្រូវកាត់ចេញពីកងប្រយុទ្ធរហ័ស កងប្រយុទ្ធពិឃាត កងទាហានថ្មើរជើង និងកងកម្លាំងជំនួយសន្តិសុខ ដែលត្រូវបានប្រើប្រាស់ដើម្បីបង្វឹកកងកម្លាំងបរទេស។
កំណែទម្រង់នេះតំណាងឱ្យការផ្លាស់ប្តូរយ៉ាងធំមួយសម្រាប់កងយោធាជើងគោក ដើម្បីត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំប្រឆាំងនឹងសត្រូវដែលមានលក្ខណៈស្មុគស្មាញ។ ប៉ុន្តែការផ្លាស់ប្តូរនេះក៏សង្កត់ធ្ងន់ពីបញ្ហាប្រឈមនៅក្នុងការជ្រើសរើសទាហានមកបម្រើការតាមគ្រប់តួនាទី។
នៅក្នុងឆ្នាំសារពើពន្ធមុននេះ ដែលបានបញ្ចប់កាលពីថ្ងៃទី ៣០ ខែកញ្ញា កងកម្លាំងជើងទឹក ជើងគោក និងជើងអាកាស ខកខាននៅក្នុងការបំពេញតាមគោលដៅជ្រើសរើសទាហានចូលថ្មី ស្របពេលកងទាហានម៉ារីន និងកងកម្លាំងដែនអាកាស ដែលមានទ្រង់ទ្រាយតូច បានសម្រេចតាមគោលដៅរបស់ខ្លួន។ យោធាជើងគោកបានជ្រើសរើសទាហានថ្មីជាង ៥០.០០០នាក់ ដែលមានតិចខ្លាំងជាងគោលដៅបញ្ជាក់ជាសាធារណៈចំនួន ៦៥.០០០នាក់។
នៅក្នុងឆ្នាំសារពើពន្ធមុនមួយទៀត យោធាជើងគោកក៏បានខកខានសម្រេចគោលដៅជ្រើសរើសមកបំពេញភារកិច្ចចំនួន ១៥.០០០នាក់ផងដែរ។ គោលដៅកាលពីឆ្នាំនោះគឺ មាន ៦០.០០០នាក់។
ជាការឆ្លើយតប កងយោធាបានធ្វើកំណែទ្រង់ទ្រាយធំមួយពីការខកខាននៅក្នុងការបំពេញតាមគោលដៅជ្រើសរើសទាហានថ្មីមកបម្រើការ ដើម្បីផ្តោតច្រើនជាងមុនមកលើយុវជនវ័យក្មេងដែលបានចំណាយពេលវេលាសិក្សានៅសាកលវិទ្យាល័យ ឬកំពុងស្វែងរកការងារធ្វើនៅដំណាក់កាលដំបូងនៃអាជីពរបស់ពួកគេ។ កងយោធាកំពុងបង្កើតជាក្រុមជំនាញផ្នែកជ្រើសរើសទាហានថ្មី ជាជាងពឹងផ្អែកលើក្រុមទាហានដែលជ្រើសរើសដោយចៃដន្យមកធ្វើការងារនេះ។
នៅក្នុងការពិភាក្សាពីការកែទម្រង់កាលពីគ្រានោះ លោកស្រី Wormuth ទទួលស្គាល់ថា យោធាជើងគោកមិនបានជ្រើសរើសទាហានបានគ្រប់គ្រាន់ «នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលគេអាចគិតដូច្នេះតាមរយៈការមើលព័ត៌មាននៅក្នុងរយៈពេល ១៨ខែចុងក្រោយនេះ»។ លោកស្រីបានលើកឡើងថា យោធាជើងគោកមិនបានសម្រេចគោលដៅប្រចាំឆ្នាំនៃការដាក់បញ្ចូលទាហានជាប់កិច្ចសន្យាថ្មីចាប់តាំងពីឆ្នាំ ២០១៤មក៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ