ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​វាយ​ប្រហារ​លើ​មីស៊ីល​របស់​ក្រុម​ហ៊ូធី​នៅ​យេម៉ែន


រូបឯកសារ៖ យន្តហោះចម្បាំងមួយគ្រឿងបានបាញ់ចេញពីនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Dwight D. Eisenhower អំឡុងពេលវាយប្រហារប្រឆាំងនឹងគោលដៅយោធា Houthi ក្នុងប្រទេសយេម៉ែន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (U.S. Navy/Mass Communication Specialist 2nd Class Jorge LeBaron/REUTERS)
រូបឯកសារ៖ យន្តហោះចម្បាំងមួយគ្រឿងបានបាញ់ចេញពីនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Dwight D. Eisenhower អំឡុងពេលវាយប្រហារប្រឆាំងនឹងគោលដៅយោធា Houthi ក្នុងប្រទេសយេម៉ែន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (U.S. Navy/Mass Communication Specialist 2nd Class Jorge LeBaron/REUTERS)

យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​បាន​វាយ​ប្រហារ «ការពារ​ខ្លួន» កាលពី​យប់​ថ្ងៃ​អាទិត្យ​លើ​មីស៊ីល​ស្វ័យ​នាំផ្លូវ​នៅ​ក្នុង​តំបន់​មួយ​នៃ​ប្រទេស​យេម៉ែន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូធី (Houthi)។

បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល (CENTCOM) បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នេះ​គឺ​ចំ​មីស៊ីល​បាញ់​នាវា ៤ គ្រាប់​ដែល​កំពុង​ត្រៀម​បាញ់​ដាក់​នាវា​នានា​នៅ​សមុទ្រ​ក្រហម។

បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​នេះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា មីស៊ីល​ទាំង​នោះ «គឺជា​ការ​គំរាមកំហែង​ដែល​ជិត​កើតឡើង​ចំពោះ​នាវា​របស់​ទាហាន​ជើងទឹក​សហរដ្ឋ​អាមេរិក​និង​នាវា​ពណិជ្ជកម្ម​ផ្សេងៗ​នៅ​ក្នុង​តំបន់»។

ការ​វាយ​ប្រហារ​នេះ​គឺជា​វិធានការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​យោធា​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​ដើម្បី​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​របស់​ក្រុម​នេះ​លើ​នាវា​នានា​នៅ​ក្នុង​ផ្លូវ​ដឹក​ជញ្ជូន​ទំនិញ​ដ៏​សំខាន់​នៅ​សមុទ្រ​ក្រហម។

កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​និយាយ​នៅ​ក្នុង​កម្មវិធី «State of the Union» របស់​ទូរទស្សន៍ CNN ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden «នឹង​ធ្វើ​អ្វី​ដែល​លោក​គិត​ថា​ចាំបាច់​ត្រូវ​ធ្វើ» ប្រសិនបើ​មាន​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​ទាហាន​អាមេរិកាំង​ដែល​ឈរជើង​នៅ​តំបន់​មជ្ឈិម​បូព៌ា​ឬ​លើ​នាវា​ទាហាន​ជើងទឹក​អាមេរិក​និង​នាវា​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ក្រហម។

ទោះបីជា​ដូច្នេះ​ក៏ដោយ លោក Sullivan បាន​លើកឡើង​ថា សហរដ្ឋ​អាមេរិក​នឹង «ព្យាយាម​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​សង្គ្រាម​នេះ​រីក​សាយភាយ​បន្ថែម​ទៀត» នៅ​តំបន់​មជ្ឈិម​បូព៌ា បើ​ទោះបីជា​ទាហាន​អាមេរិក​និង​ទាហាន​ចក្រភព​អង់គ្លេស​បាន​ចូលរួម​វាយ​ប្រហារ​លើ​ក្រុម​សកម្ម​ប្រយុទ្រ​នានា​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ក៏ដោយ។

សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​វាយ​ប្រហារ​លើ​គោលដៅ​ក្រុម​ហ៊ូធី​យ៉ាងតិច ៣៦ កន្លែង​នៅ​ក្នុង​ប្រទេស​យេម៉ែន​កាលពី​ថ្ងៃ​សៅរ៍៕

ប្រធាន​ការិយាល័យ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ពី​មូលដ្ឋាន​ទ័ព​អាកាស Dover នៅ​ក្នុង​រដ្ឋ Delaware។ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ផ្នែក​សន្តិសុខ​ជាតិ​លោក Jeff Seldin ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ផងដែរ។

XS
SM
MD
LG