ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​យល់ព្រម​ផ្ដល់​ជំនួយ​យោធា​ដំបូង​បង្អស់​ដល់​តៃវ៉ាន់​នៅ​ក្រោម​កម្មវិធី​ជំនួយ​បរទេស


រូបឯកសារ៖ ក្រសួងការពារជាតិអាមេរិក​មើលពី​យន្តហោះ Air Force One នៅ​ពេល​វា​ហោះ​ពី​លើ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ ក្រសួងការពារជាតិអាមេរិក​មើលពី​យន្តហោះ Air Force One នៅ​ពេល​វា​ហោះ​ពី​លើ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden បាន​យល់ព្រម​ជា​លើក​ដំបូង​បង្អស់​ឱ្យ​មាន​ការ​ផ្ដល់​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​ដល់​កោះ​តៃវ៉ាន់​នៅ​ក្រោម​កម្មវិធី​ជំនួយ​មួយ​ដែល​មាន​បំណង​សំដៅ​លើ​រដ្ឋាភិបាល​បរទេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រីកាលពី​ថ្ងៃ​ពុធ។

ការ​យល់ព្រម​របស់​លោក Biden នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ក្ដី​បារម្ភ​កើន​ឡើង​អំពី​ប្រទេស​ចិន។

ក្រសួង​ការបរទេស​អាមេរិក​បាន​ជូន​ដំណឹង​ដល់​សភា​កាលពី​ថ្ងៃ​អង្គារ​អំពី​កញ្ចប់​ទឹក​ប្រាក់ ៨០ លាន​ដុល្លារ ដែល​នេះ​មាន​ចំនួន​តិចតួច​បើ​ប្រៀប​ជាមួយ​នឹង​ការ​លក់​សព្វាវុធ​នា​ពេល​ថ្មីៗ​នេះ​ដល់​តៃវ៉ាន់ ប៉ុន្តែ​វា​ជា​ជំនួយ​ដំបូង​បង្អស់​ដល់​តៃវ៉ាន់​នៅ​ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​យោធា​បរទេស ដែល​ជា​ទូទៅ​ពាក់ព័ន្ធ​នឹង​ជំនួយ​ឬ​ក៏​កម្ចី​សម្រាប់​ប្រទេស​អធិបតេយ្យ។

អស់​រយៈពេល ៥ ទសវត្សរ៍​មក​ហើយ សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​តែ​រដ្ឋាភិបាល​ចិន​ប៉ុណ្ណោះ បើ​ទោះបី​ជា​នៅ​ក្រោម​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់ (Taiwan Relations Act) សភា​តម្រូវ​ឱ្យ​មាន​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​កោះ​តៃវ៉ាន់ ដែលគ្រប់គ្រង​ខ្លួន​ឯង​និង​ប្រកាន់​របប​ប្រជាធិបតេយ្យ សម្រាប់​ការ​ការពារ​ខ្លួន​ក៏ដោយ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កន្លងមក​បាន​ធ្វើ​ដូច្នេះ​តាម​រយៈ​ការ​លក់​សព្វាវុធ​ជាជាង​ការ​ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់​ដល់​កោះ​តៃវ៉ាន់ ដោយ​មាន​សេចក្ដី​ថ្លែងការណ៍​ជា​ផ្លូវការ​ដែល​ថ្លែង​ឡើង​ក្នុង​លក្ខណៈ​ជា​ការ​ទូទាត់​អាជីវកម្ម​ជាមួយ​នឹង​ការិយាល័យ​ទំនាក់ទំនង​ការទូត​របស់​តៃវ៉ាន់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ទទូច​ថា ជំនួយ​ដំបូង​បង្អស់​សម្រាប់​តៃវ៉ាន់​នៅ​ក្រោម​កម្មវិធី​នេះ​មិន​មែន​មាន​ន័យ​បញ្ឆិតបញ្ឆៀង​ថា​ ជា​ការ​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​តៃវ៉ាន់​នោះ​ទេ។

នៅ​ពេល​ត្រូវ​សួរ​អំពី​ជំនួយ​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ ក្រសួង​ការពារ​ជាតិ​ចិន​បាន​ព្រមាន​ថា ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តៃវ៉ាន់​នេះ​នឹង​ប៉ះពាល់​ដល់​កោះ​តៃវ៉ាន់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក Wu Qian បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ជំនួយ​យោធា​និង​ការ​លក់ [សព្វាវុធ] របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​មាន​តែ​លើក​ស្ទួយ​ដល់​បណ្ដាញ​យោធា​និង​ឧស្សាហកម្ម​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ ខណៈ​ដែល​វា​ប៉ះពាល់​ដល់​សន្តិសុខ​និង​សុខុមាលភាព​របស់​ជន​រួម​ជាតិ​តៃវ៉ាន់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG