ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជូន​ជំនួយ​ផ្នែក​សន្តិសុខ​ ដែល​មាន​​ទឹកប្រាក់​ ៣៤៥ លាន​ដុល្លារ​ឱ្យ​តៃវ៉ាន់


រូប​ឯកសារ៖ រូបថត​ផ្តល់​ឱ្យ​​ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ​បង្ហាញ​​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​ប្រភេទ MQ-9 Reaper។
រូប​ឯកសារ៖ រូបថត​ផ្តល់​ឱ្យ​​ដោយ​កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ​បង្ហាញ​​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​ប្រភេទ MQ-9 Reaper។

សហរដ្ឋ​អាមេរិក​បានផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ក្នុង​ទឹក​ប្រាក់ ៣៤៥ លាន​ដុល្លារ​អាមេរិក​ដល់​កោះ​តៃវ៉ាន់​ ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជំនួយ​ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ ដែល​មាន​បំណង​ជួយ​កោះ​នេះ ​ការពារ​ខ្លួន​ពី​ការ​ឈ្លានពាន​ដ៏​មាន​សក្ដានុពល​របស់ប្រទេស​ចិន។

សេចក្តី​ប្រកាសរបស់សេតវិមាន​កាលពី​ថ្ងៃទី២៨ ខែ​កក្កដា​កន្លង​ទៅបាន​លើក​ឡើង​ថា ជំនួយ​ដែល​ផ្តល់​ទៅ​ឱ្យ​កោះ​តៃវ៉ាន់​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដក​ចេញ​ពី​ស្តុក​សព្វាវុធ​ដែល​មាន​ស្រាប់​របស់​សហរដ្ឋអាមេរិកនោះ​ នឹង​រួម​បញ្ចូល «ឧបករណ៍​បច្ចេកទេស​ និង​សេវាកម្ម​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​ដូច​ជា​ការបណ្តុះបណ្តាល​យោធា​និង​ការ​អប់រំ​យោធា​ផង​ដែរ»។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ជួបប្រជុំ​ជាមួយ​សមភាគី​អូស្ត្រាលី​របស់​គេសម្រាប់​ការ​ពិគ្រោះ​យោបល់​ថ្នាក់​រដ្ឋមន្ត្រី​ប្រចាំ​ឆ្នាំ​លើក​ទី៣៣​ រវាង​អូស្ត្រាលី​ និង​សហរដ្ឋ​អាមេរិក ​ក្នុង​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង Brisbane អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ លោក​វរសេនីយ៍​ទោ Martin Meiners បាន​ថ្លែង​ថា​ កញ្ចប់​ជំនួយ​នេះ «រួម​បញ្ចូល​សមត្ថភាព​ការពារ​ខ្លួន ដែល​តៃវ៉ាន់​អាច​នឹង​ប្រើប្រាស់​ដើម្បី​បង្កើន​ការរារាំង​ទប់ទល់​នៅពេល​នេះ និង​នៅ​ពេល​អនាគត»។

លោក​បាន​ថ្លែង​ថា​ ប្រព័ន្ធ​ការពារ​ដែល​មាន​ក្នុង​កញ្ចប់​ជំនួយ​អាច «ដោះស្រាយ​ស្តុក​សព្វាវុធ​ការពារ​ដ៏​សំខាន់ ​ការ​យល់​ដឹង​ពី​ពហុវិស័យ សមត្ថភាព​វាយប្រហារ​រថក្រោះ និង​សមត្ថភាព​ការពារ​ដែន​អាកាស»។
របាយការណ៍​របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បានស្រង់​សម្តី​មន្ត្រី​ការពារជាតិអាមេរិក​ ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែល​បាន​ថ្លែង​ថា កញ្ចប់​ជំនួយ​នេះ ​ក៏​រួម​បញ្ចូល​ទាំង​យន្តហោះ​ដ្រូន​ដែល​គ្មាន​មនុស្ស​បើក​ MQ-9 Reaper ផង​ដែរ។ តៃវ៉ាន់​ធ្លាប់​បាន​ទិញ​យន្តហោះ​ដ្រូន MQ-9s ពី​សហរដ្ឋអាមេរិក​ក្នុង​ពេល​កន្លង​ទៅ។ ​មន្ត្រីក្រសួង​ការពារ​ជាតិអាមេរិក​ ​បាន​បដិសេធ​មិន​ប្រាប់​ថា ​តើ​ទំនិញ​នៅ​ក្នុង​កញ្ចប់​ជំនួយ​នឹង​មក​ដល់​តៃវ៉ាន់​ឆាប់ៗ​ក្នុង​ពេល​ណា​នោះ​ទេ ប៉ុន្តែ​បាន​ថ្លែង​ថា​ពួកគេ​កំពុង «ធ្វើ​ការ​យ៉ាង​រហ័ស» ដើម្បី​ដឹក​ជញ្ជូនជំនួយ​ទាំង​នោះ។

លោក Meiners បាន​ថ្លែង​ថា ការ​ប្រកាស​ពី​កញ្ចប់​ថវិកា​ថ្មី​ដែល​មាន​ទឹក​ប្រាក់ចំនួន​ ៣៤៥ លាន​ដុល្លារ​អាមេរិក​នេះ មិន​បង្ហាញ​ពី​ការ​គំរាមកំហែង​ថ្មីៗ​ឬ​ដែល​នឹង​កើត​ឡើង​ចំពោះ​តៃវ៉ាន់​នោះ​ទេ។ មិន​ដូច​កញ្ចប់​ជំនួយ​ផ្នែក​សន្តិសុខ​ស្រដៀង​គ្នា​ ដែល​ធ្វើ​ឡើង​ក្រោម​អំណាច​ដក​ស្តុក​អាវុធ​របស់​ប្រធានាធិបតី​សម្រាប់​អ៊ុយក្រែន​នោះ​ទេ កញ្ចប់​ជំនួយ​នេះ​មិន​តម្រូវ​ឱ្យ​មាន​ការ​ប្រកាស​អាសន្ន​នោះ​ឡើយ។

ចិន​បង្ហាញការ​មិន​ពេញ​ចិត្ត

អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​ ​លោក Liu Pengyu បាន​ប្រាប់ VOA តាម​អ៊ីម៉ែល​ថា៖ «ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ទំនាក់ទំនង​យោធា​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​និង​ការ​ផ្តល់​អាវុធ​ដល់​កោះ​តៃវ៉ាន់»។

លោក​បាន​ថ្លែង​ថា៖ «ជំហរ​នេះ​គឺ​ម៉ឺងម៉ាត់​និង​ច្បាស់​លាស់​ណាស់។ សហរដ្ឋអាមេរិក​គួរ​តែ​គោរព​តាម​គោលការណ៍​ចិន​តែ​មួយ​និង​សេចក្តី​ប្រកាសរួម​៣​រវាង​ចិន​និង​អាមេរិក ​ដែល​រួម​មានការ​ឈប់​ផ្តល់​អាវុធ​ដល់​តៃវ៉ាន់ ការ​ឈប់​បង្កើត​ស្ថានការណ៍​ថ្មី​ ដែល​អាច​នាំ​ឱ្យ​មាន​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ និង​ការ​ឈប់​បង្ក​ហានិភ័យ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់»។

សភាអាមេរិក​បាន​អនុញ្ញាត​ឱ្យ​សហរដ្ឋអាមេរិក​បញ្ជូន​ជំនួយ​សន្តិសុខ​ដល់​កោះ​តៃវ៉ាន់​រហូត​ដល់​ចំនួន​ ១ពាន់​លាន​ដុល្លារ​អាមេរិក​ តាមរយៈ​អំណាច​ក្នុង​ការ​ដក​ស្តុក​អាវុធ​របស់​ប្រធានាធិបតី​ក្នុង​ឆ្នាំ​សារពើពន្ធ​នេះ៕

XS
SM
MD
LG