ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុ​ប្រធានាធិបតី​តៃវ៉ាន់​ថា​ដែន​កោះ​នេះ​នឹង​ឈរ​យ៉ាង​រឹងមាំ​នៅ​ចំពោះ​មុខ​ការគំរាម​កំហែង​​កាន់​តែ​ខ្លាំង​ឡើង​​របស់​ចិន​ដីគោក


អនុ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោក William Lai ថ្លែង​នៅ​ក្នុង​ពិធី​អាហារ​ថ្ងៃ​ត្រង់​មួយ​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣។
អនុ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ លោក William Lai ថ្លែង​នៅ​ក្នុង​ពិធី​អាហារ​ថ្ងៃ​ត្រង់​មួយ​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣។

អនុ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​លោក William Lai និយាយ​ថា​ តៃវ៉ាន់​នឹង​មិនខ្លាច​ពី​ការ​គំរាមកំហែង​ពី​ប្រទេស​ចិន​ដីគោក​នោះ​ឡើយ។

លោក Lai ថែ្លង​ដូច​នេះ​នៅ​ក្នុងពិធី​ទទួល​ទាន​បាយ​ថ្ងៃត្រង់​មួយក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិកមួយ​ថ្ងៃ​ក្រោយ​ការ​ឈប់​សំចត​របស់​លោកនៅ​តាម​ផ្លូវ​ទៅ​កាន់ប្រទេស​ប៉ារ៉ាហ្គាយ​ដើម្បី​ចួលរួម​នៅ​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែងនៃប្រធានាធិបតីថ្មី​របស់ប្រទេសអាមេរិក​ខាង​ត្បូង​មួយ​នេះ។

លោក Lai បាន​ប្រាប់ក្រុម​អ្នក​គាំទ្រ​លោកថា៖ ​«ជា​ថ្មី​ម្តង​ទៀត​នៅពេល​នេះ​ និង​នៅ​ទី​នេះ​ បើ​ទោះ​បី​ជា​មាន​ការគំរាមកំហែងពីរបប​ផ្តាច់ការ​នៃ​ប្រទេស​ចិនដីគោក​ខ្លាំង​ប៉ុណ្ណាទៅ​លើ​កោះតៃវ៉ាន់ក៏ដោយ​ ដាច់​ខាត​យើង​មិន​ភ័យខ្លាច​ឬកំសាក​នោះ​ឡើយ។ យើង​នៅ​តែ​ប្រកាន់​ខ្ចាប់​នូវតម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព»។

លោកLaiដែល​ទទួល​បាន​ការ​សិក្សា​អប់រំ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក​ដែលក្លាយ​ជា​អ្នកនយោបាយ​ជា​បេក្ខជន​នាំមុខក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កោះតៃវ៉ាន់​ក្នុង​ពេល​ខាង​មុខ។ លោក​ធ្លាប់បាន​ពណ៌នា​ខ្លួន​លោក​ក្នុង​ពេលកន្លង​ទៅ​ថា៖ ​«ជា​អ្នក​ធ្វើការ​យ៉ាងពិត​ប្រាកដ​ដើម្បី​ទាមទារ​ឯករាជ្យឱ្យ​កោះ​តៃវ៉ាន់»​ ប៉ុន្តែ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​ពេល​កន្លង​ទៅ លោក​បាន​គូស​បញ្ជាក់​ថា​ លោក​មិនមាន​បំណង​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាពពេល​បច្ចុប្បន្ន​ក្នុង​កោះតៃវ៉ាន់​នោះ​ឡើយ។ លោក​ក៏​ធ្លាប់បាន​បង្ហាញ​ពី​បំណងចង់​ធ្វើ​មិត្ត​ជា​មួយ​ចិន​ដីគោក​ផង​ដែរ។

ក្រសួង​ការបរទេសចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញដោយ​ថ្កោលទោសលោកLai ថា​ជា៖ ​«មនុស្ស​បង្ក​បញ្ហាមិន​ឈប់ឈរ​ដែល នៅតែ​ចិញ្ជឹម​ចិត្ត​យ៉ាង​តឹងរឹង​លើ​គោលជំហរ​បំបែក​ខ្លួន ដើម្បី​ទាមទារ​ឯករាជ្យ​ឱ្យ​កោះ​តៃវ៉ាន់»។

ក្រសួង​ការបរទស​ចិន​ក៏​បាន​និយាយ​ផង​ដែរ​ថា​ខ្លួន​«សោកស្តាយ​និង​ថ្កោលទោស​ជា​ខ្លាំង​ទៅ​លើ​ការសម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដែល​បានសម្រួល​នូវ​អ្វី​ដែល​គេ​ហៅ​ថា​ជា​ការ​ឈប់សំចត​នេះ»និង​បាន​បន្ថែម​ទៀត​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំងប្រឆាំង​ជំ ទាស់​ជា​ខ្លាំង​ទៅនឹងរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ដែល​មាន​ទំនាក់ទំនងផ្លូវ​ការក្នុង​ទម្រង់​ណា​មួយ​ជា​មួយកោះ​តៃវ៉ាន់​នោះ»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង AFP

XS
SM
MD
LG