ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកមានការរន្ធត់ចិត្តចំពោះការចោទប្រកាន់ថា អ៊ីរ៉ង់បានចាប់ជនចំណាកស្រុកអាហ្វហ្គានីស្ថានជ្រមុជទឹកសម្លាប់


រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រសួងការបរទេសកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

សហរដ្ឋអាមេរិកបានធ្វើការបរិហារសេចក្តីរាយការណ៍ដ៏គួរឲ្យរន្ធត់ចិត្តថា ឆ្មាំការពារព្រំដែនអ៊ីរ៉ង់បានធ្វើទារុណកម្មនិងជ្រមុជទឹកជនចំណាកស្រុករាប់សិបនាក់មកពីអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនដើម្បីរារាំងពួកគេមិនឲ្យចូលក្នុងប្រទេសអ៊ីរ៉ង់។

លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅឯសន្និសីទកាសែតកាលពីថ្ងៃពុធម្ស៉ិលម៉ិញថា «យើងលើកទឹកចិត្តពួកអាជ្ញាធរ​អាហ្វហ្គានីស្ថានធ្វើការស៊ើបអង្កេតឲ្យបានពេញលេញហើយនឹងស្វះស្វែងរកពួកជនដៃដល់ទាំងនោះឲ្យទទួលខុសត្រូវ»។

មន្រ្តីអាហ្វហ្គានីស្ថាននិងអ្នកនៅរស់រានមានជីវិតនិយាយថា បុរសមួយក្រុមដែលមានគ្នាប្រហែល៦០នាក់មកពីខេត្ត Herat ភាគខាងលិច បានត្រូវគេលួចរត់ពន្ធចូលក្នុងប្រទេសអ៊ីរ៉ង់ មុនពេលឆ្មាំការពារព្រំដែនរបស់អ៊ីរ៉ង់ឃុំឃាំងហើយក្រោយមក បានបង្ខំពួកបុរសទាំងនោះឲ្យចុះក្នុងទន្លេ Harirud កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ក្រសួងការបរទេសអាហ្វហ្គានីស្ថាន និយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអ៊ីរ៉ង់បានយល់ព្រមធ្វើការស៊ើបអង្កេតរួមគ្នាអំពីឧបទ្ទវហេតុនេះដើម្បីកំណត់ការពិតនិងរកមុខជនដៃដល់។

កាលពីថ្ងៃអាទិត្យ លោក Syed Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយឆ្លើយបដិសេធការចោទប្រកាន់ទាំងនេះ ខណៈដែលបានសម្តែងនូវសមានចិត្តជាមួយក្រុមគ្រួសារជនរងគ្រោះ។

បណ្តាញព័ត៌មានអ៊ីរ៉ង់ បានដកស្រង់សម្តីលោក Mousavi មកចុះផ្សាយថា «ឧបទ្ទវហេតុនេះបានកើតមានឡើងនៅលើទឹកដីអាហ្វហ្គានីស្ថាន ហើយប៉ូលិសការពារព្រំដែន​របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានបដិសេធអំពីអ្វីដែលបានកើតមានឡើងដែលទាក់ទិននឹងបញ្ហានេះនៅលើទឹកដីរបស់យើង»។

លោក Haneef Atmar រដ្ឋមន្រ្តីការបរទេសអាហ្វហ្គានីស្ថាន ខណៈដែលថ្កោលទោសឧទ្ទវហេតុនោះថាជា«ឧក្រិដ្ឋកម្មដែលមិនអាចអត់អោនបាន» បានប្រាប់ពួកសមាជិក សភាកាលពីថ្ងៃពុធថា សាកសពមនុស្សយ៉ាងតិចណាស់ក៏១៦នាក់ដែរ បានត្រូវគេស្រង់ចេញពីទន្លេហើយមនុស្ស១៦នាក់ទៀតត្រូវបានជួយសងគ្រោះនៅរស់រានមានជីវិត៕

XS
SM
MD
LG