ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ជំរុញ​រោងចក្រ​កែ​ច្នៃ ខណៈ​រដ្ឋាភិបាល​ផ្តោត​លើ​វិស័យ​កសិកម្ម ពេល​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ បុរសម្នាក់កំពុងបន្សើមដីដើម្បីដាំបន្លែ នៅឯរមណីយដ្ឋាន ពិកនិកក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ កញ្ញា ២០១៧។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ បុរសម្នាក់កំពុងបន្សើមដីដើម្បីដាំបន្លែ នៅឯរមណីយដ្ឋាន ពិកនិកក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ កញ្ញា ២០១៧។ (ទុំ ម្លិះ/VOA)

ខណៈ​ដែល​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋ​កិច្ច​នោះ ​តំណាង​អ្នក​ធ្វើ​ការ​លើ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម ​ជំរុញ​ឲ្យ​ចាប់​ផ្តើម​បង្កើន​រោងចក្រ​កែ​ច្នៃ​ផលិត​ផល​កសិកម្ម​ ដើម្បី​ជួយ​ដល់​កសិករ​កម្ពុជា។

លោក ​តែ តាំងប៉រ ​ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ​និង​មធ្យម​ បាន​ថ្លែង​ថា​ ​ប្រទេស​កម្ពុជា​មាន​វត្ថុ​ធាតុ​ដើម​ច្រើន​ពី​ផលិត​ផល​កសិកម្ម ប៉ុន្តែ​លោក​ថា​ អ្វី​ជា​បញ្ហា​គឺ​កង្វះ​ខាត​ខ្លាំង​នៃ​រោងចក្រ​កែ​ច្នៃ​ផលិត​ផល​ទាំង​នោះ។ លោក​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចូល​រួម​ក្នុង​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ។ ​លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក ​តែ តាំងប៉រ​ មាន​ប្រសាសន៍​ថា៖​ «ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម។ ​ Raw Material​ (វត្ថុ​ធាតុ​ដើម) ​យើង​មាន​ទាំង​អស់។​ យើង​នៅ​កណ្តាល​ប្រទេស​វៀតណាម​ ថៃ។ តាម​ពិត​វត្ថុធាតុ​ដើម ​យើង​មាន​ទាំង​អស់។​ តែ​យើង​ត្រូវ​ការ​ស្អី?​ ត្រូវ​ការ​កែ​ច្នៃ។ ​ អា​ផលិត​ផល​ដែល​ចេញ​ពី​កសិកម្ម​ឲ្យ​ទៅ​ជា​ចំណី​អាហារ។ ​អាហ្នឹង​ទំហំ​ធំ​ណាស់»។​

លោក​បន្ថែម​ថា៖​ «គឺ​បង្កើត​ឲ្យ​អ្នក​វិនិយោគ​នៅ​ក្រៅ​ហ្នឹង​មក​ជំរុញ​កែ​ច្នៃ​ ព្រោះ​ស្រុក​ខ្មែរ​ មាន​ផលិត​ផល​ហ្នឹងហើយ ​ចាំ​បាច់​អ្នក​ឯង​នេះ​អី​(នាំ​ចូល)។ ផលិត​នៅ​ក្នុង​ស្រុក​ខ្មែរ ​អាច​នាំ​ទៅ​អាស៊ាន​បាន ​ លក់​នៅ​ក្នុង​ស្រុក​ខ្មែរ​បាន»។​

លោក​បន្ត​ថា​ ​ការ​នាំ​ចូល​មក​កម្ពុជា​នូវ​ផលិត​ផល​កែ​ច្នៃ ​គិត​ជា​ទឹកប្រាក់​យ៉ាង​តិច ​៦​ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដែល​លោក​ថា​ កម្ពុជា​អាច​ផលិត​បាន។​ លោក​មាន​ប្រសាសន៍​ថា៖​ «បើ​មួយ​ឆ្នាំ​ ប្រាំ​មួយ​ប្រាំពីរ​ពាន់​លាន​(ដុល្លារ) ​ យើង​ទិញ​គេ​ចូល​តែ​បើ​យើង​ផលិត​បាន ​ យើង​លក់​នៅ​ក្នុង​ស្រុក​វិញ ​ អាហ្នឹង​ដូច​ថា​លុយ​វា​មូល​តែ​ម្តង»។​

លោក​ តែ តាំងប៉រ ​បន្ត​ថា​ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​ កម្ពុជាគួរ​តែ​បង្កើន​ការ​ផលិត​ក្នុង​ស្រុក។ ​លោក​លើក​ឧទាហរណ៍​ ដូច​ជា​ការ​បង្កើន​ការ​ផលិត​មី​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ​ពេល​ប្រជាជន​ត្រូវ​ការ​រក្សា​ទុក​ស្បៀង។​ ក្នុង​ពេល​នេះ ​លោក​ក៏​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​គាំទ្រ​ផលិត​ផល​របស់​កម្ពុជា​ ដែល​លោក​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ក្រម​សីលធម៌​ក្នុង​ការ​ផលិត​អាហារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ចុះ​ថ្ងៃ​ទី​៣​ ខែ​មេសា ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ លើក​ឡើង​ថា​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​គម្រោង​សហហិរញ្ញប្ប​ទាន ​១០០​ លាន​ដុល្លារ​ សម្រាប់​ផ្តល់​ឥណទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច ​និង​មធ្យម ​ក្នុង​អត្រា​ការ​ប្រាក់ ​៧​ ភាគរយ។​ ថវិកា​នោះ ក៏​នឹង​មាន​ការ​ជួយ​ដល់​សហគ្រាស​ដែល​ផលិត ​និង​កែច្នៃ​ម្ហូប​អាហារ​ផង​ដែរ។

លោក ​ឈា ឡាយហ៊ី ​ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុនតូច​និង​មធ្យម​ នៃ​ក្រសួង​ឧស្សាហ​កម្ម​និង​សិប្បកម្ម​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ប្រមាណ​ ១០០​ លាន​ដុល្លារ​អាមេរិក​នេះ​ដើម្បី​ត្រៀម​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ក្នុង​ពេល​ដែល​មាន​វិបត្តិ​នៃ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។

លោក​បាន​ថ្លែង​ថា៖ ​«មក​ដល់​បច្ចុប្បន្ន​នេះ ​ រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ SME Bank ​(ទុន​ធនាគារ) ​ក៏​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ ដែល​យើង​កំពុង​ជួប​បញ្ហា​កូវីដ​ហ្នឹង ​ដាក់​ ​ដាក់​ឲ្យ​ទាន់​ពេល​វេលា​ដើម្បី​ជូន​ទៅ​ដល់ ​SME​ ទាំង​អស់​នៅ​ស្រុក​ខ្មែរយើង​ ដើម្បី​គាត់​អាច​មាន​ឱកាស​ក្នុង​ការ​ទទួល​យក​ប្រាក់​កម្ចី​ ដើម្បី​យក​ទៅ​ទ្រទ្រង់​អាជីវកម្ម​របស់​គាត់»។​

បើ​តាម​លោក​ ឈា ឡាយហ៊ី ​សហគ្រាស​ធុនតូច ​សំដៅ​លើ​ការ​រក​ស៊ី​ដែល​មាន​ដើម​ទុន ចាប់​ពី ​៥​ ទៅ​ ២៥​ ម៉ឺន​ដុល្លារ​ និង​សហគ្រាស​ធុន​មធ្យម ​ដែល​មាន​ដើម​ទុន ​ចាប់​ពី​ ២៥​ ទៅ ​៥០​ ម៉ឺន​ដុល្លារ​អាមេរិក។​ លោក​បន្ត​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដោយ​រាប់​បញ្ចូល​ទាំង​ការ​រកស៊ី​ដែល​មាន​ដើម​ទុន​ក្រោម ​៥ ​ម៉ឺន​ដុល្លារ​ផង​នោះ ​មាន​ទៅ​ដល់​ប្រមាណ​ ៥២ ​ម៉ឺន​មូលដ្នាន ​នៅ​ទូទាំង​ប្រទេស។

រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ច្រូត​ស្រូវ​ នៅ​ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ​ខេត្ត​រតនគិរី​ ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​កំពុង​ប្រឈម​អត់​ការងារ​ធ្វើ​ ក្នុង​នោះ​មាន​ពលករ​ប្រមាណ ​៩ ​ម៉ឺន​នាក់ ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ហើយ​បាត់​បង់​ការងារ​ និង​គ្រួសារ​ប្រឈម​ជំពាក់​បំណុល​គេ។ ​ កម្មករ​រោងចក្រ​ជាង​ ២០ ​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​ការងារ ​និង​បញ្ឈប់​ពី​ការងារ។​អ្នក​ធ្វើ​ការ​លើ​វិស័យ​កាត់​ដេរ​បារម្ភ​អំពី​ការ​អត់​ការងារ​ធ្វើ​របស់​កម្មករ ​និង​ពលករ​ ហើយ​ពួកគេ​មិន​អាច​ធ្វើ​កសិកម្ម​បាន​ទេ ​ដូច្នេះ​ហើយ​ទើប​ពួក​គេ​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ​និង​ធ្វើ​ការ​ក្នុង​វិស័យ​រោងចក្រ។​

ដោយ​សារ​កម្ពុជា​រង​ឥទ្ធិពល​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា ​ដែល​នាំ​ឲ្យ​ប៉ះពាល់​វិស័យ​ឧស្សាហ​កម្ម ​ សេវា​កម្ម ​និង​ទេសចរណ៍​នោះ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មេសា ​បាន​ជំរុញ​ឲ្យ​ក្រសួង​កសិកម្មបង្កើន​សកម្មភាព​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ដាំ​ដុះ ​ការ​ចិញ្ចឹម​សត្វ ​ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ខណៈ​ការ​នាំ​ចូល​មិន​សូវ​មាន​នៅ​គ្រា​មាន​វិបត្តិ​វីរុស​កូរ៉ូណា​នេះ។​

លោក​បាន​ថ្លែង​ថា៖ ​«យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ ​ក្លាយ​ទៅ​ជា​កាលានុវត្ត​ភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ​ដែល​មាន​កំណើន​យឺត​ក្នុង​រយៈ​ពេល​កន្លង​ទៅ»។​

អ្នក​ជំនាញ​ខាង​កសិកម្ម​បារម្ភ​អំពី​កង្វះ​ទឹក​ ដើម្បី​ជួយ​ដល់​កសិករ ​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ ​និង​ដាំ​ដំណាំ ​ដែល​ជា​បញ្ហា​ប្រឈម​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​កសិករ។​

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ​ឆ្នាំ​២០២០​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ថ្លែង​ថា ​ដី​នៅ​កម្ពុជា​មាន​ច្រើន ​តែ​កសិករ​មិន​មាន​ទឹក​ប្រើប្រាស់​សម្រាប់​ការ​ដាំដុះ​របស់​ពួក​គេ។​

លោក​ថ្លែង​ថា៖ ​«ទឹក​មិន​ទៅ​មុខ​ទេ ​ដោះ​មិន​ទៅ​មុខ​តែម្តង។​ ហើយ​បើ​អត់​ទឹក​ណា៎​ សម្រាប់​កម្ពុជា​ បើ​និយាយ​ថា​កម្ពុជា​ខ្វះ​ទឹក​ អ្នក​ខ្លះ​គេ​សើច​វិញ​ទេ។​គេ​អាច​សើច​ព្រោះ​យើង​អត់​ចេះ​ចាត់​ចែង​ទឹក។ ​ ប្រឡាយ​ដែល​យើង​ជីក​ចំណាយ​លុយ​ធំ ​ប៉ុន្តែ​អត់​ដែល​មាន​ទឹក​ប្រើ​ខែ​ប្រាំង​ទេ ​ព្រោះ​វា​អត់​មាន​ប្រភព​ទឹក។​ គាត់​ជីក​មក​អ៊ីចឹង​ទៅ ​ ប៉ុន្តែ​អត់​មាន​ប្រភព​ទឹក​ទេ។ បើ​ជីក​ប្រឡាយ​គ្រាន់​តែ​យក​សម្រាប់​ខែ​វស្សា​ដដែល​មិន​បាច់​ជីក​ទេ ​ព្រោះ​ពី​ដើម​មក ​មិន​ដែល​មាន​ប្រឡាយ​ឯ​ណា ​គេ​ធ្វើ​ស្រែ​រស់​តើ។​អា​ធ្វើ​ហ្នឹង ​ដើម្បី​ពេល​វា​អត់​ទឹក​ហ្នឹង។ ​វា​មាន​ប្រឡាយ​ហ្នឹង​ហើយ»។​

លោក ​ស ខេង​ បាន​បន្ថែម​ថា៖ ​«ប៉ុន​ឧបមា​ធ្វើ​កសិ​ឧស្សាហ​កម្ម ​ឬ​ធ្វើ​កសិកម្ម ​ធ្វើ​អី​អាហ្នឹង​ហូរហែ ​ការ​ចិញ្ចឹម​ការ​អី ​ វា​ត្រូវ​ការ​ទឹក។​តែ​បើ​យើង​ដោះ​អាហ្នឹង​មិន​បាន​ទេ ​ទៅ​មុខ​អត់​រួច​ទេ»។​

លោក​ យ៉ង់​ សាំងកុមារ​ អ្នក​ជំនាញ​កសិកម្ម ​ដែល​មាន​បទ​ពិសោធន៍​ធ្វើ​ការងារ​ជាមួយ​កសិករ​ច្រើន​ឆ្នាំ​មក​ហើយ ​មាន​ប្រសាសន៍​ថា ​ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​រីក​ច្រើន ​កម្ពុជា​ត្រូវ​ពង្រឹង​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​ ការ​កែ​ច្នៃ ​ការ​ធ្វើ​ពាណិជ្ជ​កម្ម ​និង​ការ​ផ្គត់​ផ្គង់​សម្ភារៈ​កសិកម្ម​ជា​ដើម។ ​លោក​បន្ត​ថា ​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ ​ដោយ​កង្វះ​ការ​វិនិយោគ​ ហើយ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ស្នើ​សុំ​ឯកសារ។​

អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​ហៅ​កាត់​ CDAC ​ លោក​ សាំង​កុមារ ​ ជំរុញ​ឲ្យ​មាន​ការ​ចុះ​ជួប​ផ្ទាល់​ជាមួយ​សហគ្រិន​ទាំង​នោះ ​ដើម្បី​ឲ្យ​ពួកគេ​មក​បង្កើត​រោងចក្រ​កែ​ច្នៃ​ផលិត​ផល​កសិកម្ម។

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​ខ្ញុំ​ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​វិញ​ ខ្ញុំ​ត្រូវ​ដើរ​រក​ ត្រូវ​ស្វែង​រក​សហគ្រិន​ហ្នឹង​ ដើម្បី​គាត់​បើក​សិប្បកម្ម​ឧស្សាហ​កម្ម​ កែ​ច្នៃ​ ជួយ​គាត់​ថែម ​ទាំង​ពី​ទុន ​ទាំង​ពី​ផ្លូវ​ច្បាប់ ​ទាំង​ពី​ការ​ស្រាវជ្រាវ​អភិវឌ្ឍ ​ធ្វើ​ម៉េច​ឲ្យ​គាត់​ឈរ​ជើង​ឲ្យ​ជាប់​នៅ​លើ​ទីផ្សារ​ហ្នឹង​ ដើម្បី​ពង្រីក​ឱកាស​កែ​ច្នៃ ​ធានា​ឱកាស​ទីផ្សារ​ជូន​កសិករ​យើង»។

លោក​លើក​ជាឧទាហរណ៍​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​ចិត្ត​ដាំ​ស្វាយ​ចន្ទី ​ប៉ុន្តែ​ស្វាយ​ចន្ទី​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ​ហើយ​រក​របស់​កែច្នៃ​ពី​ប្រទេស​វៀតណាម​មក​លក់​ក្នុង​ប្រទេស​កម្ពុជា​វិញ។​

ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​លោក ​សាំង​កុមារ​ បន្ថែម​ថា៖​ «កាល​ណា​យើង​និយាយ​គោល​នយោបាយ ​មិន​មែន​ចង់​និយាយ​ថា ​ចេញ​តែ​សារ​នយោបាយ ​ចេញ​តែ​លើ​ក្រដាស​ទេ។​ យើង​ត្រូវ​ផ្សារ​ភ្ជាប់​ធនធាន ​និង​វិធាន​ការ​ជាក់​លាក់​ជួយ​គាំទ្រ​អាហ្នឹង»។​

បើ​តាម​លោក​ សាំងកុមារ ​ប្រទេស​កម្ពុជា​សម្បូរ​វត្ថុ​ធាតុ​ដើម ​សម្បូរ​កសិផល ​ហើយ​កម្ពុជា​មាន​ទីផ្សារ​សម្រាប់​របស់​របរ​កែច្នៃ។ ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រៀម​កញ្ចប់​ថវិកា​ ដើម្បី​បង្កើត​កម្មវិធី​ពិសេស​គាំទ្រ​វិស័យ​នេះ។​

លោក ​ឃុន ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់​ត្រាល់ ​(Central)​ មាន​ប្រសាសន៍​ថា ​ លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ពលករ​ដែល​មក​ពី​ក្រៅ​ប្រទេស ​និង​កម្មករ​រោងចក្រ ​ដែល​បាត់​បង់​ការងារ ​សរុប​ទាំង​អស់​ជាង​ ៣០​ ម៉ឺន​នាក់។​ លោក​បន្ត​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​ផ្តល់​ទុន​ដល់​កសិករ​ខ្នាត​តូច ​ហើយ​ធានា​ទីផ្សារ​ដល់​ពួក​គេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ្វី​ដែល​សំខាន់​ហ្នឹង​ គឺ​ទុន​សម្រាប់​ពួក​គាត់​នៅ​ក្នុង​ការ​ប្រកប​របរ​កសិកម្ម។​ ទៀត​សោត ​កសិករ​ខ្នាត​តូច​អី​ហ្នឹង​គាត់​មិន​មាន​ដី​អី​ហ្នឹង​ជា​ច្រើន​អី​ទេ។ ​អាហ្នឹង​គាត់​ពិបាក​ដែរ ​តែ​គាត់​អាច​លើក​កម្ពស់​កសិករ​ជំនាញ ​មាន​ន័យ​ថា​ឲ្យ​ទាំង​ទុន​ ឲ្យ​ពួក​គាត់​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម​ខ្នាត​តូច ​ឬ​ក៏​មធ្យម​ ទៅ​តាម​ទំហំ​លទ្ធភាព​ដែល​គាត់​មាន ​បូក​ផ្សំ​នឹង​រដ្ឋ​ដែល​គាត់​អាច​ផ្តល់​ជា​ទុន​បន្ថែម​ដល់​ពួក​គាត់​ បណ្តុះ​បណ្តាល​ជំនាញ​របស់​គាត់​ហ្នឹង​ទៀត។​ អាហ្នឹង​ខ្ញុំ​គិត​ថា​អាច​ធ្វើ​ទៅ​បាន»។​

បើ​តាម​លោក​ ឃុន ថារ៉ូ ​ កសិផល​ដូច​ជា​ស្វាយ​ស្វាយ​ចន្ទី ​ដំឡូង​ពោត​ជាដើម ​ដែល​ជា​ផលិត​ផល​របស់​កសិករ​ខ្មែរ ​ត្រូវ​បាន​នាំ​ចេញ​ ដើម្បី​កែ​ច្នៃ​នៅ​ក្រៅ​ប្រទេស ​ ហើយ​នាំ​ចូល​ផលិត​ផល​កែច្នៃ​ទាំង​នោះ​ចូល​មក​ប្រទេស​កម្ពុជា​វិញ៕

XS
SM
MD
LG