ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​រដ្ឋសភា​អាមេរិក​រិះគន់​អំពើ​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ធ្វើ​បាតុកម្ម​តវ៉ា​នឹង​ការ​រើសអើង​ជាតិសាសន៍​ចំពោះ​ជនជាតិ​អាស៊ី ក្នុង​អំឡុងពេល​ផ្ទុះ​រាតត្បាត​ជំងឺកូវីដ១៩ នៅ​ខាង​មុខ​អគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង Boston រដ្ឋ Massachusetts ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២០។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​ចូលរួម​ជាមួយ​នឹង​សមាជិក​សភា​ផ្សេង​ទៀត​ជា​ជាតិ​សាសន៍​អាស៊ី ជាតិ​សាសន៍​ស្បែក​ខ្មៅ និង​ជាតិ​សាសន៍ Hispanic កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​រិះគន់​លើ​ការ​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន​ជាតិ​សាសន៍​អាស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ករណី​សម្លាប់​បុរស​ជនជាតិ​ថៃ​អាយុ ៨៤ ឆ្នាំ​ម្នាក់​ផងដែរ​នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ California។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ហេតុការណ៍​នៃ​អំពើ​ស្អប់​គុំកួន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​បាន​កើនឡើង​ខ្លាំង គឺ​ជាង ៣.០០០ ករណី ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចាប់​តាំងពី​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​មុន​មក។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​សកម្មជន​នានា​តាម​សហគមន៍ បាន​និយាយ​ថា ការ​កើនឡើង​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​នឹង​វោហារសាស្ត្រ​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី ដែល​លោក​អតីត​ប្រធានាធិបតី Donald Trump និង​មេដឹកនាំ​នយោបាយ​ផ្សេង​ទៀត​បាន​ប្រើ នៅ​ពេល​ពិភាក្សា ឬ​និយាយ​អំពី​ជំងឺ​កូវីដ១៩។

អ្នកស្រី Pelosi បាន​និយាយ​ថា៖ «ស្រប​ពេល​យើង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចន្ទគតិ ដែល​ជា​ពេល​សប្បាយ​រីករាយ វា​ក៏​ជា​ពេល​នៃ​ការ​ឈឺចាប់​សម្រាប់​ពួក​យើង​នៅ​ពេល​នេះ​ផងដែរ ដោយសារតែ​ហេតុការណ៍​ដែល​បាន​កើតឡើង​ទាំង​នេះ»។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​តាមរយៈ Zoom ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​ក្រុម​សភា​ទទួល​បន្ទុក​កិច្ចការ​ពលរដ្ឋ​ដើម​កំណើត​អាស៊ី​ប៉ាស៊ីហ្វិក ក្រុម​សភា​ទទួល​បន្ទុក​កិច្ចការ​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ក្រុម​សភា​ទទួល​បន្ទុក​កិច្ចការ​ពលរដ្ឋ​ដើម​កំណើត Hispanic ដើម្បី​ជា​កា​បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​នឹង​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី។

អ្នកស្រី Pelosi បញ្ជាក់​ដូច្នេះ​ថា៖ «ភាព​ចម្រុះ​ជាតិ​សាសន៍​របស់​យើង​គឺជា​ភាព​ខ្លាំង​របស់​យើង។ ការ​រួបរួម​របស់​យើង​គឺជា​អំណាច​របស់​យើង។ យើង​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ចំពោះ​រឿង​នេះ»។

គេ​ឃើញ​មាន​រលក​នៃ​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី និង​ការ​វាយ​ប្រហារ​ជា​កាយវិការ លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី និង​ដើម​កំណើត​ប៉ាស៊ីហ្វិក ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ការ​វាយ​ប្រហារ​នេះ​មាន​លក្ខណៈ​កាន់តែ​ហិង្សា​ឡើង និង​ហាក់​សំដៅ​លើ​ពលរដ្ឋ​វ័យ​ចំណាស់។

កាលពី​ថ្ងៃ​ទី ២៨ ខែ​មករា​កន្លង​ទៅ​នេះ លោក Vicha Ratanapakdee ដែល​ជា​ជន​អន្តោប្រវេសន៍​ជនជាតិ​ថៃ អាយុ ៨៤ ឆ្នាំ បាន​ដើរ​ហាត់​ប្រាណ​ដូច​រាល់​ថ្ងៃ​នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ California ហើយ​នៅ​ពេល​ដែល​លោក​កំពុង​ដើរ​នោះ ស្រាប់តែ​បុរស​ម្នាក់​បាន​រត់​កាត់​ថ្នល់​យ៉ាង​លឿន​មក​រុញ​លោក​មួយ​ទំហឹង​ឲ្យ​ដួល។

ហេតុការណ៍​នេះ​ត្រូវ​បាន​ថត​ជាប់​នៅ​ក្នុង​វីដេអូ​មួយ និង​ជា​ហេតុការណ៍​ដែល​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ហៅ​ថា​ជា​ឧក្រិដ្ឋកម្ម​ស្អប់​គុំកួន។ នៅ​ក្នុង​ហេតុការណ៍​នោះ លោក Ratanapakdee ត្រូវ​បាន​ជន​ល្មើស​រុញ​មួយ​ទំហឹង​ដួល​បោក​ក្បាល​នឹង​ដី ហើយ​ក្រោយ​មក​លោក​បាន​ស្លាប់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG