ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយ​អ្នក​កាសែត​ខ្មែរ​អាមេរិកាំង​ដោយ​​អ្នក​ដែល​ទំនង​ជា​គាំទ្រ​លោក​ ត្រាំ​ រង​ការ​ថ្កោល​ទោស


អ្នក​កាសែត​ផ្នែក​ថតរូប​ម្នាក់​ គឺលោក​ ឌីម៉ាញ ឈួន ​(Dymanh Chhoun) ចូលរួមយកព័ត៌មាន នៅពេលមានបាតុកម្មនៅក្នុងទីក្រុង Saint Paul រដ្ឋមីនីសូតា ប្រឆាំងនឹងការស្លាប់របស់ជនជាតិស្បែកខ្មៅម្នាក់ កាលពីរដូវក្តៅឆ្នាំ​២០២០។ (រូបថតផ្តល់ឲ្យដោយ Dymanh Chhoun)

អ្នក​កាសែត​ខ្មែរ​អាមេរិកាំងម្នាក់​រៀបរាប់អំពីការ​វាយ​ប្រហារ​ពីបុរស​ម្នាក់ ​ដែល​គេសង្ស័យ​ថា ជា​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ (Donald Trump) ​នៅពេល​មាន​បាតុកម្ម​គាំទ្រ​និង​ប្រឆាំង​លោក​ប្រធានាធិបតី​ ត្រាំ ​ក្នុង​រដ្ឋមីនីសូតា ​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃពុធ​កន្លង​ទៅ។ ​ការណ៍នេះ​ បានធ្វើ​ឲ្យមាន​ការ​ថ្កោលទោស​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​រឿង​យាយី​អ្នក​កាសែត​។

​មកដល់​សហរដ្ឋ​អាមេរិក កាល​ពីឆ្នាំ​ ១៩៩៣​ ជាមួយ​ឪពុក​ម្តាយ​ដែលមានស្រុក​កំណើត ​នៅ​បាត់​ដំបង លោក​ ឌីម៉ាញ ឈួន​ (Dymanh Chhoun) ​អាយុ ៣៤ ​ឆ្នាំ គឺជាអ្នក​កាសែត​ផ្នែក​ថតរូបម្នាក់ បម្រើការ​ងារឲ្យស្ថានីយ៍ទូរទស្សន៍​ល្បីល្បាញ​មួយ​ឈ្មោះ ​WCCO-TV ​ក្នុងរដ្ឋមីនីសូតា។

កាលពីថ្ងៃពុធកន្លងទៅនេះ លោក ឌីម៉ាញ ត្រូវបាន​បញ្ជូន​ឲ្យទៅ​ថតរូបនៅ​កន្លែង ​ដែល​មាន​បាតុកម្ម​គាំទ្រ​លោក​ ដូណាល់ ត្រាំ​ នៃ​គណបក្ស​សាធារណ​រដ្ឋ និង​បាតុកម្ម​គាំទ្រ​លោក ​ចូ ប៊ៃឌិន​ (Joe Biden) ​បេក្ខជន​ប្រធានា​ធិបតី​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​ ​នៅជិត​ព្រលាន​យន្តហោះ​ក្នុងសង្កាត់​ Duluth​ ខាងជើង​ទីក្រុង​ភ្លោះ​នៃរដ្ឋ​មីនីសូតា ​ក្នុង​ចម្ងាយ​ប្រមាណ ​២០០ ​គីឡូម៉ែត្រ។

លោក ​ឌីម៉ាញ ​បានរងការ​វាយ​ដោយ​បុរស​វ័យ​ចំណាស់​ជាង ​៥០ ​ឆ្នាំម្នាក់ ​ពេល​លោក​ប្រើ​ទូរស័ព្ទដៃ​ថតរូប​បុរស​ ដែល​គេមិនស្គាល់អត្តសញ្ញាណ​ ហើយ​ស្ថិត​នៅក្នុង​ក្រុម​បាតុករ​គាំទ្រ​លោក ​ត្រាំ​ ពេល​បុរស​នោះ​កំពុង​តតាំង​សម្តី​ជាមួយ​ស្ត្រីម្នាក់​ទៀត​ ដែល​គេសង្ស័យ​ថា ​ក្រុម​បាតុករ​គាំទ្រ​លោក Joe Biden។​

លោក ​ឌីម៉ាញ បាន​ប្រាប់ VOA តាមទូរស័ព្ទ​ថា៖ «ដល់ខ្ញុំ​ឃើញ​អីចឹង​ទៅ ​ខ្ញុំទៅថត ​យក​តេឡេហ្វូន​ដៃ​ទៅថត​ ដល់​ទៅថត​ទៅ គាត់​ឃើញ ​គាត់​វាយកាមេរ៉ា​ខ្ញុំតែម្តង​ ធ្លាក់​កាមេរ៉ាខ្ញុំ ​ខ្ញុំស្មាន​តែបែក​ហើយ​តែខ្ញុំ​អត់ខ្វល់​ វាយ​កាមេរ៉ាខ្ញុំ​ វាយចំ​ដៃខ្ញុំ​ ខ្ញុំលើក​កាមេរ៉ា​ខ្ញុំថត​ទៀត។ ​គាត់សួរ​ខ្ញុំធ្វើ​ការឲ្យ​នរណាគេ​ហេតុអី​បានជា​មកថត​អីចឹង ​ខ្ញុំបង្ហាញ ផ្លាក​ឈ្មោះ ​(បណ្ណព័ត៌មាន )​ខ្ញុំ​នៅមុខ​គាត់ហ្នឹង ​គាត់ឃើញ​ រួចគាត់​ថា អត់​ឲ្យថត​ទេ»។

លោកថា​ បុរសនោះ​មិនបាន​សុំទោស​មុន​ចាកចេញ​ក្រោយ​កើត​ហេតុបន្តិច ​ហើយមិត្ត​ភក្តិ​ដែលកាន់​បដា​គាំទ្រ​លោក​ ត្រាំ​ បាន​យក​ស្លាក​គាំទ្រ​លោក ​ត្រាំ មក​បិទ​កាមេរ៉ា​ មិន​ឲ្យថត​ដែរ​។​ លោក ឌីម៉ាញ​ ថា​ នៅឡាន​ក្រហម​របស់​បុរស​នោះ​ ដែល​លោក​ថតស្លាក​លេខ​បាន ​មាន​ដាក់​ស្លាក​គាំទ្រ​លោក ត្រាំ​នៅពី​ក្រោយ​។​ គ្មាន​ការ​បញ្ជាក់​ជាផ្លូវការ​ ឬភាគី​គណបក្ស​សាធារណរដ្ឋ​ថា បុរស​នោះ​ជាអ្នក​គាំទ្រលោក ​ត្រាំ នោះទេ។

​បុរស​វ័យ​ចំណាស់​ជាង ​៥០​ឆ្នាំម្នាក់ ​មិនស្គាល់អត្តសញ្ញាណ ដែលបានវាយ​ទូរស័ព្ទដៃ​និងដៃរបស់លោក ឌីម៉ាញ ឈួន (Dymanh Chhoun) នៅទីក្រុង Duluth រដ្ឋ Minnesota កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ (រូបដកស្រង់ពីវីដេអូ WCCOTV)
​បុរស​វ័យ​ចំណាស់​ជាង ​៥០​ឆ្នាំម្នាក់ ​មិនស្គាល់អត្តសញ្ញាណ ដែលបានវាយ​ទូរស័ព្ទដៃ​និងដៃរបស់លោក ឌីម៉ាញ ឈួន (Dymanh Chhoun) នៅទីក្រុង Duluth រដ្ឋ Minnesota កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ (រូបដកស្រង់ពីវីដេអូ WCCOTV)

សមាគម​អ្នក​កាសែត​អាស៊ី​អាមេរិក ​Asian American​ Journalists ​Association ​(AAJA)​ បាន​ថ្កោល​ទោស​ចំពោះ​ការ​វាយ​អ្នក​កាសែត​ផ្នែក​ថតរូប​នៃទូរទស្សន៍​ WCCO-TV ​ដែល​កំពុងបំពេញ​កិច្ចការ​នៅទី​សារធារណ:។​ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ថ្ងៃពុធ​ សមាគម​ AAJA បានបញ្ជាក់​តាមខ្លឹមសារ​ដើមថា

«សមាគម​អ្នក​កាសែត​អាស៊ី​អាមេរិក ​រួមគ្នា​គាំទ្រ​អ្នក​សារព័ត៌មាន​ ហើយ​ថ្កោលទោស​ចំពោះ​ការគំរាម​កំហែង​និងការ​វាយប្រហារ​ ដែលនាំ​ឲ្យរំខាន​ដល់​សិទ្ធិ​អ្នកសារព័ត៌មាន​ក្នុងការ​បំពេញ​កិច្ចការរបស់​ពួកគេ​ ដោយ​មិន​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព»។

សមាគម​នេះ​បាន​ទទូច​ដល់​អាជ្ញាធរ​ប៉ូលិស​ឲ្យស៊ើប​អង្កេត​ចំពោះ​ករណីនេះ​ឲ្យបាន​ដិតដល់ ​ទៅ​លើការ​វាយ​អ្នកកាសែត​ដែល​កំពុង​ជួបប្រទះ​នឹង​គ្រោះថ្នាក់​ជារៀង​រាល់ថ្ងៃ​ នៅជួរ​មុខនេះ​ ដោយបាន​បញ្ជាក់​តាមខ្លឹមសារ​ដើម​ទៀត​ថា៖

«អ្នក​សារព័ត៌មាន​មិនមែន​ជាសត្រូវ​ទេ ​អ្នក​សារព័ត៌មានដើរតួនាទី​ជាគ្រឹះដ៏​សំខាន់​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន ​ហើយធ្វើ​ឲ្យអ្នក​មាន​អំណាច​និង​ស្ថាប័ន​រដ្ឋ មានការ​ទទួល​ខុសត្រូវ។ ​ការ​គំរាម​កំហែង​ណាមួយ​ដល់​សារព័ត៌មាន ​គឺជាការ​គំរាមដល់​សង្គម​សេរី ដល់សេរីភាព​បញ្ចេញមតិ ​ហើយនិង​វិសោធនកម្មទី១​នៃ​រដ្ឋធម្មនុញ្ញ»។

មន្ត្រី​ប៉ូលិស​នៃសង្កាត់ ​Duluth​ រដ្ឋមីនីសូតា​ បានទទួល​ធ្វើ​កំណត់​ហេតុ​ចំពោះ​ករណី​វាយ​អ្នក​កា​សែត​នេះ​ ហើយ​កំពុង​ស៊ើប​អង្កេត​ដើម្បី​ស្វែងរក​ជន​សង្ស័យ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានមួយ ដែលត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់ស្ថាប័នប៉ូលិស Duluth។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បានបញ្ជាក់​ថា៖ «ការិយាល័យ​ប៉ូលិស​សង្កាត់ ​Duluth ​កំពុង​ស៊ើបអង្កត​សំណុំ​រឿងនេះ។ ​ប្រសិន​បើលោក​អ្នកមានព័ត៌មាន​ សូម​រាយការណ៍​ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​ ២១៨ ៧៣០ ៥០២០»។

បើតាម​វីដេអូ​ដែល​គេបង្ហោះ​តាម​គេហទំព័រ​របស់​ស្ថានីយ​ទូរទស្សន៍​ WCCO TV ​បាន​បង្ហាញ​ថា បុរស​ស្បែកស​មាន​មាឌធំ​ខ្ពស់ ​និងមានអាយុ​លើស ​៥០ ឆ្នាំ​ បានវាយ​លើ​អ្នកសារព័ត៌មាន ​ដែលកំពុង​ថតរូប​លោក​ ហើយ​ក៏បាន​ដាច់ត្រឹម​នោះ​ដោយសារ​ធ្លាក់ពី​ដៃ។

កាលពី​ម្សិលមិញ​ អតីត​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ Jason Lewis​និងជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ បាន​បង្ហោះសារ​តាម​បណ្តាញសង្គម Twitter ​ឡើងវិញ​នូវសារ​និង​រូបភាព​បុរស​អាមេរិកាំងស្បែកស ​ដែលបាន​វាយ​អ្នក​ការសែត​បន្តពី​លោក ​Guy Still ​ដែលជា​អ្នកគ្រប់​គ្រង​នៃ​ទូរទស្សន៍ WCCO TV ​ផ្នែក​ខាងចាត់​បញ្ជូន​អ្នកព័ត៌មាន ​រួមទាំង​លោក​ ឌីម៉ាញ ឈួន ​ចុះទៅ​យកព័ត៌មានផងនោះ​ ហើយ​បាន​ភ្ជាប់មក​ជាមួយ​នូវសារ​ពីរឃ្លាខ្លីៗ​យ៉ាង​ច្បាស់ៗ។​

នៅក្នុងសារនោះ​ លោក​បានសរសេរ​អំពីការ​មិនសប្បាយ​ចិត្ត​នឹង​ទង្វើ​វាយ​អ្នកសារព័ត៌មាន​ ដោយបាន​បញ្ជាក់ថា៖ ​«ជារឿង​ដែលខក​ចិត្តណាស់ ​ដែលបាន​ឃើញ​ការ​វាយ​អ្នក​សារព័ត៌មាន​របស់​ទូរទស្សន៍​WCCO ​គឺលោក ​ឌីម៉ាញ ឈួន ​(Dymanh Chhoun)។ ​បញ្ហានេះ​កំពុង​ស្ថិតនៅ​ក្នុង​ការិយាល័យ​ប៉ូលិស​សង្កាត់ ​Duluth ដែលជា​រឿងគួរ​ធ្វើ​ដូច្នោះ»។

លោកបាន​បន្ថែម​ថា៖​ «សេរីភាព​ព័ត៌មាន​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ ហើយនោះ​គឺជា​រឿងដែលត្រូវ​យល់ដឹង​និង​គោរព»។

អ្នក​កាសែត​ផ្នែក​ថតរូប​ម្នាក់​ គឺលោក​ ឌីម៉ាញ ឈួន​(Dymanh Chhoun) ថតជាមួយកូននៅឯសួន Lowell Park ក្រុង Stillwater រដ្ឋមីនីសូតា កាលពីរដូវក្តៅឆ្នាំ​២០២០។ (រូបថតផ្តល់ឲ្យដោយ Dymanh Chhoun)
អ្នក​កាសែត​ផ្នែក​ថតរូប​ម្នាក់​ គឺលោក​ ឌីម៉ាញ ឈួន​(Dymanh Chhoun) ថតជាមួយកូននៅឯសួន Lowell Park ក្រុង Stillwater រដ្ឋមីនីសូតា កាលពីរដូវក្តៅឆ្នាំ​២០២០។ (រូបថតផ្តល់ឲ្យដោយ Dymanh Chhoun)

លោក​ Dymanh Chhoun ​និយាយ​ថា​ លោក​ចង់បាន​ការគោរព​ពីក្រុម​អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ ​ហើយ​ផ្តល់​ឱកាស​ដល់អ្នក​សារព័ត៌មាន​បានធ្វើការ​បម្រើ​សាធារណជន​ ដោយគ្មាន​ការរំខាន​ ដោយដោយសេរី​ ដោយ​មិនលម្អៀង ​និង​ដោយ​មិន​ភ័យខ្លាច។

«អីចឹង​ពួកខ្ញុំ​ចង់ឲ្យ​អ្នកធ្វើការ​ធំៗ​ហ្នឹង​ ត្រូវការ​ជួយ​ប្រាប់​ប្រជាពលរដ្ឋ​ផង​ថា កុំ​ឲ្យធ្វើបាប​អ្នក​ថតព័ត៌មាន​ កុំឲ្យ​ធ្វើបាប​អ្នក​សរសរព័ត៌មាន ​កុំឲ្យធ្វើ​បាប​អ្នកផ្សាយ​ព័ត៌មាន​ នេះជា​កិច្ចការ​ដែល​ពួកខ្ញុំខំរៀន​ពីតូច​ដល់ធំ​ ធ្វើការ​ខាងនេះ ​ព្រោះ​ពួកខ្ញុំ​ចូលចិត្ត។​ ម្ល៉ោះហើយ​តែយើង​មាន​មេខាង​ឆ្វេង ខាងស្តាំ​ថា ឲ្យ​ពួកខ្ញុំ ​មកធ្វើ​បាបពួក​ខ្ញុំ​ ពួកខ្ញុំ​សប្បាយ​ចិត្តទេ ​ទៅធ្វើការ?​ មិន​សប្បាយចិត្ត​ទេ ​ភ័យ ព្រួយបារម្ភ​ ប្រពន្ធ​ខ្ញុំពោះធំផង ​នៅពេល​ប្តីគេមក​ដល់​ផ្ទះវិញ​ គេខឹង​ប៉ុណ្ណា»។

លោក ឌីម៉ាញ​ ដែល​រៀន​ចប់​មុខវិជ្ជាសារព័ត៌មាន​នៅ​សាកលវិទ្យល័យ​រដ្ឋមីនីសូតា​ ហើយ​ធ្វើការជាអ្នកថត​ព័ត៌មានរយៈពេល ​៨ ឆ្នាំមក​ហើយ ​រាប់ទាំង​រយ:ពេល ​៥ ឆ្នាំ​ ធ្វើការ​នៅក្នុង​ស្ថានីយ​ WCCO TV។

លោក​ទទូច​ដល់លោក ​ត្រាំ​ ដែល​ធ្លាប់​វាយ​ប្រហារ​ចំៗ​ដោយ​ពាក្យ​សម្តី​ចំពោះ​អ្នក​សារព័ត៌មាន​ថា​ ផ្សាយព័ត៌មាន​ក្លែងក្លាយ ក្នុង​អំឡុង​យុទ្ធនាការ​រកសំឡេងឆ្នោត​ កាលពីឆ្នាំ ​២០១៦ និងជា​បន្ត​បន្ទាប់ ក្រោយ​ពេល​លោក​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ហើយនោះ កុំឲ្យ​ធ្វើបាប​អ្នក​សារព័ត៌មាន។

«នេះជារឿង​ដែល​អ្នកធំៗ​ គេហៅ​ថាប្រធានាធិតី ​President​ យើង​ត្រូវការ​ប្រាប់​ប្រជាពលរដ្ឋ។ ​ដូចខ្ញុំ​និយាយ​អីចឹង ​មិនចាំ​បាច់​ខាងឆ្វេង​ខាងស្តាំ​ទេ ​ប្រាប់កុំ​ឲ្យធ្វើ​បាប​ពួកខ្ញុំ។ ​ពួកខ្ញុំ​នៅសហរដ្ឋអាមេរិក​នេះ​សេរីភាព​ថតបាន ​ធ្វើអ្វីៗ​បាន​ទាំងអស់​ធ្វើម៉េច ​កុំឲ្យ​ប៉ះ​ពួកខ្ញុំ ​កុំឲ្យ​វាយ​ពួកខ្ញុំ នេះជា​ច្បាប់​កើតឡើង​តាំងពីដើម ​ច្បាប់​គេបង្កើត​យូរណាស់​ហើយ»។

លោកទទូច​ដូច្នេះ​ ដោយសារ​លោ​កក៏ធ្លាប់​ចូលរួម​ថត​យក​ព័ត៌មាន​ក្នុង​កម្មវិធី​លោក ​ត្រាំ​ ហើយនៅនឹង​មុខ​ពេល​លោក​ ត្រាំ ​វាយប្រហារ​អ្នក​សារព័ត៌មាន​ក្នុង​រដ្ឋ​មីនីសូតា។

ក្រុម​បាតុករ​គាំទ្រ​ជាច្រើន​និង​ប្រឆាំង​លោក​ប្រធានាធិបតី​ ត្រាំ​ កើតឡើង​ នៅពេល​លោក​ប្រធានាធិបតី ​ត្រាំ ​បាន​ធ្វើដំណើរ​ទៅកាន់​រដ្ឋមីនីសូតា​ កាល​ពីថ្ងៃពុធ ​ដើម្បី​ចូលរួម​ក្នុងកម្មវិធី​ធ្វើយុទ្ធនាការ​ឃោសនា​រកសំឡេងឆ្នោត​របស់​លោក ​ក្នុង​សង្កាត់​ Duluth ​បន្ទាប់​ពីការ​ដេញដោល​ដ៏ចម្រូងចម្រាស ​ជាមួយនឹង​គូប្រជែង​របស់​លោក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​គឺលោក Joe Biden។

អ្នក​កាសែត​ខ្មែរ​អាមេរិកាំង​ Dymanh Chhoun​ ស្ថិត​ក្នុងចំណោម​អ្នក​កាសែត​ប្រមាណ​ ៤០០ នាក់ ​ក្នុងសហរដ្ឋ​អាមេរិក ​ដែល​ត្រូវ​អង្គការ​សមាគម​អ្នក​កាសែតសហរដ្ឋអាមេរិក ​អះអាង​ថា ​រងគ្រោះ​ដោយ​ការ​យាយី​ ចាប់​តាំង​ពី​មាន​បាតុកម្ម​ពាស​ពេញ​ប្រទេស​ បន្ទាប់​ពី​ការ​ស្លាប់​របស់​លោក George Floyd ក្រោម​សមត្ថកិច្ច​ប៉ូលិស ក្រោយពេល​ប៉ូលិស​បាន​ចាប់​លោក Floyd ក្នុងបទ​សង្ស័យ​ថា​បាន​យកលុយ​ក្លែងក្លាយ ​២០ ​ដុល្លារ​ទៅ​ទិញ​បារី ហើយ​ប៉ូលិស​ម្នាក់​បាន​យក​ជង្គង់​សង្កត់​ក​លោក ​អស់​ជាង​ ៨ ​នាទី​ក្នុងរដ្ឋ​មីនីសូតា ​កាលពី​ចុងខែឧសភា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG