កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងធនាគារកូរ៉េខាងជើង ៨ កន្លែង និងមន្ត្រីធនាគារកូរ៉េខាងជើង ២៦ នាក់។
សេចក្ដីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា វិធានការនេះ «សំដៅលើការប្រើប្រាស់របស់រដ្ឋាភិបាលកូរ៉េខាងជើងនូវប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិដើម្បីសម្រួលដល់កម្មវិធីអាវុធប្រល័យលោក និងគ្រាប់ផ្លោងមីស៊ីលរបស់ខ្លួន»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin បាននិយាយថា៖ «វិធានការនេះបង្កើនយុទ្ធសាស្ត្ររបស់យើងក្នុងការផ្ដាច់កូរ៉េខាងជើងឲ្យនៅឯកោ ដើម្បីសម្រេចឲ្យបាននូវគោលបំណងធំរបស់យើង គឺការធ្វើឲ្យឧបទ្វីបកូរ៉េមានសន្តិភាព និងគ្មានអាវុធនុយក្លេអ៊ែរ។ វិធានការនេះក៏ស្របទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ»។
កាលពីដើមខែនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំថ្មីមួយទៀតប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរដែលអាចជាគ្រាប់បែកអ៊ីដ្រូហ្សែន។
ប្រសិនបើអនុវត្តឲ្យបានពេញលេញ ការដាក់ទណ្ឌកម្មថ្មីៗទាំងនេះនឹងកាត់ផ្ដាច់ការនាំចូលប្រេងចំនួនមួយភាគបី កាត់បន្ថយជាងពាក់កណ្ដាលនូវការនាំចូលឧស្ម័ន ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈខ្លាំងដទៃទៀត និងហាមឃាត់ទាំងស្រុងនូវការនាំចូលឧស្ម័នធម្មជាតិ និងសារធាតុផ្សេងៗដែលជំនួសឲ្យប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង។
មន្ត្រីធនាគារកូរ៉េខាងជើងទាំង ២៦ នាក់ ដែលរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ រស់នៅបរទេសប៉ុន្តែធ្វើការឲ្យធនាគារកូរ៉េខាងជើង។ មន្ត្រី ១៩ នាក់កំពុងរស់នៅក្នុងប្រទេសចិន ៣ នាក់នៅក្នុងប្រទេសរុស្ស៊ី ម្នាក់នៅក្នុងប្រទេសលីប៊ី និងម្នាក់ទៀតនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម៕