សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ខ្លួននឹងដកខ្លួនចេញពីអង្គការយូណេស្កូដោយបានចោទប្រកាន់អង្គការនោះថាមានភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។ លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការសម្រេចចិត្តនេះបានធ្វើឡើងដោយម៉ត់ចត់ ហើយឆ្លុះបញ្ចាំងពីការព្រួយកង្វល់របស់សហរដ្ឋអាមេរិកអំពីបំណុលដែលកំពុងកើនឡើងរបស់អង្គការយូណេស្កូ ភាពចាំបាច់សម្រាប់កំណែទម្រង់ដ៏សំខាន់មួយនៅក្នុងអង្គការនោះហើយនឹងការបន្តនូវភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនៅអង្គការយូណេស្កូ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ប៉ុន្មានម៉ោងក្រោយមក អ៊ីស្រាអែលបានប្រកាសថា ខ្លួនក៏នឹងចាកចេញពីស្ថាប័នរបស់អង្គការសហប្រជាជាតិនេះដែរ។
ការិយាល័យរបស់លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «លោកនាយករដ្ឋមន្រ្តីបានណែនាំក្រសួងការបរទេសឲ្យប្រុងប្រៀបដកអ៊ីស្រាអែលចេញពីអង្គការនោះជាមួយសហរដ្ឋអាមេរិក»។
លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu ស្វាគមន៍ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលដកខ្លួនចេញពីអង្គការយូណេស្កូ។ នេះជាការសម្រេចចិត្តប្រកបដោយការលើកទឹកចិត្តនិងប្រកបដោយសីលធម៌ពីព្រោះតែអង្គការយូណេស្កូបានក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើង ហើយជាជាងការការពារ អង្គការនេះបានផ្លាស់ប្តូរប្រវត្តិសាស្រ្ត៕