ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​អំពាវនាវ​ឲ្យ​រុស្ស៊ី​និង​ស៊ីរី​គោរព​ទៅ​តាម​បទ​ឈប់​បាញ់


លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ថ្លែង​សុន្ទរកថា​នៅ​វេទិកា Oslo នៅ​មណ្ឌល Losby Gods នៅ​ខាង​ក្រៅ​ក្រុង​អូស្លូ ប្រទេស​ន័រវែស កាលពី​ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៦។
លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ថ្លែង​សុន្ទរកថា​នៅ​វេទិកា Oslo នៅ​មណ្ឌល Losby Gods នៅ​ខាង​ក្រៅ​ក្រុង​អូស្លូ ប្រទេស​ន័រវែស កាលពី​ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្លួន​លែង​មាន​ភាព​អត់ធ្មត់​ទៀត​ហើយ ហើយ​កំពុង​តែ​អំពាវនាវ​ឲ្យ​រុស្ស៊ី​និង​លោក​ប្រធានាធិបតី​ស៊ីរី Bashar al-Assad គោរព​ទៅ​តាម​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​នោះ។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក John Kerry កំពុង​តែ​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​និង​ស៊ីរី​ថា​អនុវត្ត​ទៅ​តាម​បទ​ឈប់​បាញ់​នេះ​ដោយ​អន្លើៗ​ ខណៈ​ដែល​កងកម្លាំង​របស់​លោក Assad នៅ​តែ​បន្ត​យុទ្ធនាការ​របស់​ពួកគេ​ដើម្បី​ដណ្តើម​យក​ទីក្រុង Aleppo ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO មក​វិញ។

លោក Kerry បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង Oslo ប្រទេស Norway យ៉ាង​ដូច្នេះ​ថា «វា​ច្បាស់​ណាស់​ថា បទ​ឈប់​បាញ់​នេះ​ដាច់រហែក​និង​ផុយស្រួយ ហើយ​វា​ចាំបាច់​ណាស់​ក្នុង​ការ​ឲ្យ​មាន​បទ​ឈប់​បាញ់​ដ៏​ពិតប្រាកដ​មួយ​ដែល​អាច​អនុវត្ត​បាន»។

លោក​បាន​បន្ត​ថា «ប្រទេស​រុស្ស៊ី​ត្រូវ​យល់​ថា ភាព​អត់ធ្មត់​របស់​យើង​មិនមែន​មាន​រហូត​នោះ​ទេ វា​មាន​កម្រិត ហើយ​អាស្រ័យ​ថា​តើ​លោក Assad ​នឹង​មាន​ភាព​ទទួល​ខុស​ត្រូវ​ឬ​ទេ»។

លោក Kerry បាន​និយាយ​ថា សមាជិក​របស់​ក្រុម​បះបោរ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក៏​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បន្ត​ប្រយុទ្ធ​គ្នា​នេះ​ផង​ដែរ។

បទ​ឈប់​បាញ់​កាល​ពី​ខែ​កុម្ភៈ​បាន​បរាជ័យ​យ៉ាង​ខ្លាំង ហើយ​មាន​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​ការ​ចរចា​ទៅ​លើ​អន្តរកាល​នយោបាយ ដែល​បាន​កំណត់​ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១​ខែ​សីហា​ឆ្នាំ​២០១៦។

សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ជាង​២​សែន​៨​ម៉ឺន​នាក់ និង​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ស្វែងរក​សិទ្ធិជ្រកកោន ជាពិសេស​នៅ​អឺរ៉ុប ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១១​មក។

លោក Kerry បាន​ទៅ​កាន់​ប្រទេស​ន័រវែស​ដើម្បី​ចូល​រួម​ក្នុង​វេទិកា​ប្រជុំ Oslo ប្រចាំ​ឆ្នាំ ដែល​កោះហៅ​អ្នក​សម្របសម្រួល​ជាន់ខ្ពស់​ក្នុង​ជម្លោះ និង​អ្នក​ធ្វើ​សេចក្តីសម្រេច​ចិត្ត​កំពូល ក៏​ដូច​ជា អ្នក​វិភាគ ​និង​អ្នក​ជំនាញការ​នានា ដើម្បី​ចែករំលែក​បទពិសោធន៍ កំណត់​បញ្ហា និង​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​សម្របសម្រួល​នៅ​ក្នុង​ជម្លោះ​ផង​ដែរ៕

XS
SM
MD
LG