ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​យូណេស្កូ​៖ គុណ​ភាព​អប់រំ​​​អន់​ខាត​លុយ​រាប់​ពាន់​លាន​ដុល្លារ


គ្រូ​បង្ហាត់​ម្នាក់​បង្រៀន​សិស្ស​នៅ​សង្កាត់ Lodwar ក្នុង​ក្រុង Turkana នៃ​ប្រទេស​កេនយ៉ា។ លោក រក​ប្រាក់​បន្ថែម​ដោយ​លោក​និង​ភរិយា​បើក​ហាង​តូច​មួយ។ (K. Prinsloo/ ARETE/UNESCO)
គ្រូ​បង្ហាត់​ម្នាក់​បង្រៀន​សិស្ស​នៅ​សង្កាត់ Lodwar ក្នុង​ក្រុង Turkana នៃ​ប្រទេស​កេនយ៉ា។ លោក រក​ប្រាក់​បន្ថែម​ដោយ​លោក​និង​ភរិយា​បើក​ហាង​តូច​មួយ។ (K. Prinsloo/ ARETE/UNESCO)
ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មាន​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​ពង្រីក​ការ​ទទួល​បាន​ជា​សកល​នូវ​ការ​អប់រំ​ថ្នាក់​បឋមសិក្សា​និង​ផ្តល់​ឲ្យ​ក្មេងៗ​នូវ​មូលដ្ឋាន​គ្រឹះសម្រាប់​បន្តទៅ​ថ្នាក់​អនុវិទ្យាល័យ។ ប៉ុន្តែ​របាយការណ៍​អង្កេត​ប្រចាំឆ្នាំ​របស់​កម្មវិធី​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​របស់​អង្គការ​យូណេស្កូ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​បាន​បាត់​បង់​ប្រហែល ១២៩​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើការ​អប់រំ​ដែល​មាន​គុណភាព​អន់។ ជា​លទ្ធផល សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​បួននាក់​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដែល​មាន​ចំនួន​សរុប​ប្រហែល ១៧៥​លាន​នាក់​ មិនចេះ​អក្សរ។

អង្គការ​យូណេស្កូ​ឲ្យ​ដឹង​ថា មាន​កត្តា​មួយ​ចំនួន​ដែល​ក្នុង​នោះ​រួម​មាន​ការ​បណ្តុះ​បណ្តាល​គរុកោសល្យ​ដែល​មាន​គុណភាព​អន់ និង​ការ​កាត់​មូលនិធិ បង្ក​ឲ្យប្រព័ន្ធ​អប់រំ​មាន​ដំណើរ​ការទាបជាងបទដ្ឋាន​។

លោកស្រី​ ផោលីន រ៉ូស (Pauline Rose) គឺ​ជា​អ្នក​ដឹក​នាំ​ធ្វើ​របាយការណ៍​អង្កេតសកលឆ្នាំ ២០១៣​របស់​កម្ម​វិធី​អប់រំ​សម្រាប់​ទាំង​អស់​គ្នានៃ​អង្គការ​យូណេស្កូ។ លោក​ស្រី​មាន​ប្រសាសន៍​ថា អនុតំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្រ្វិក​ត្រូវ​ការ​គ្រូ​ប្រហែល​២សែន​២ម៉ឺន​៥ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទទួល​បាន​ការ​អប់រំ​ថ្នាក់​បឋមសិក្សា​សកល​ត្រឹម​ឆ្នាំ ២០១៥ ឬ​ជិត​៦០​ភាគរយ​នៃ​ចំនួន​គ្រូសកលសរុប​ ។

រដ្ឋាភិបាល​ជាច្រើន​ព្យាយាម​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គ្រូជាប់​កិច្ច​សន្យា​ដែល​មាន​ចំនួន​ជា​ង​ពាក់​កណ្តាល​នៃកម្លាំង​ពលកម្ម​ក្នុង​ប្រទេសជា​ច្រើនក្នុង​ទ្វីប​អាហ្រ្វិក​ខាង​លិច ដែល​រួម​មាន​ប្រទេស​បេនីន កាមេរូន ឆាដ ម៉ាលី​ និង​នីហ្ស៊េរ។

«មាន​ការ​ទាក់​អារម្ម​ណ៍​ខ្លាំង​ពី​ទស្សនៈ​នៃ​រដ្ឋាភិបាល​និង​កម្មវិធី​មួយ​ចំនួន​ដែល​ជារឿយៗ​គាំទ្រ​ដោយ​ម្ចាស់​ជំនួយ​មួយ​ចំនួន​នោះ​គឺ​ថា វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​រដ្ឋាភិបាល​លើ​ប្រាក់​បៀវត្សរ៍។ គ្រួ​ជាប់​កិច្ច​សន្យា​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​ប្រាក់​បៀវត្សរ៍មួយ​ចំណែកតូច​ពី​ប្រាក់​របស់​គ្រូ​ដែល​ជា​មន្ត្រី​រដ្ឋការធម្មតា។ ដូច្នេះ​ អ្នក​អាច​ជួល​បាន​គ្រូ​ច្រើនដោយ​ប្រើ​លុយចំនួន​ប្រហែល​គ្នា។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ គ្រូ​អត់​មាន​កិច្ច​សន្យា​ស្ថិត​ស្ថេរ​ទេ។ ដូច្នេះ វា​ហាក់​ដូច​ជា​មាន​ប្រយោជន៍​ដែល​មាន​គ្រូ​ដែល​គេ​អាច​ដេញចោល​បាន ប្រសិន​បើ​ពេល​ក្រោយ​មក​គេ​មិន​ត្រូវ​ការ​គ្រូច្រើន ឬ​គ្រូៗ​បំពេញ​ការ​ងារ​មិន​បាន​ល្អ។ ប៉ុន្តែ​ ក៏​មាន​បញ្ហា​មួយ​ចំនួន​អំពី​ថា​តើ​ការ​ធ្វើ​របៀប​នេះ​អាច​លើក​ទឹក​ចិត្ត​គ្រូដែរ​ឬ​ទេ»។ គ្រូ​គឺ​ជា​វិជ្ជាជីវៈដ៏​សំខាន់ ដែល​គេ​ត្រូវ​ការ​មាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​បង្រៀន​ក្មេងៗបាន​ល្អ​ ពោល​គឺធ្វើ​ការ​នៅ​ក្នុង​ថ្នាក់​រៀន​ជា​ជាង​ធ្វើ​ការ​ក្រៅ​ ហើយ​នេះ​គឺ​ជា​បញ្ហា​ក្នុង​ការ​ជ្រើសរើស​គ្រូ​ដោយ​ប្រើ​កិច្ច​សន្យា​បែប​នេះ»។

របាយការណ៍​ការ​នេះ​ឲ្យ​ដឹង​ថា គ្រូ​គួរ​ចេញ​ពី​ប្រវត្តិការងារ និង​ទីតាំង​ភូមិសាស្ត្រផ្សេងៗ​គ្នា​។ បេក្ខជន​គួរ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ប្រសើរ​ដែល​រួមមាន​ធ្លាប់​ជា​គរុគណ និង​បទពិសោធ​បង្រៀន​នៅ​ក្នុង​ថ្នាក់។ របាយការណ៍​នោះ​ក៏បង្ហាញដែរថា ប្រាក់​បៀវត្សរ៍​ក៏​គួរ​តែ​ត្រូវ​បាន​ដំឡើង​ដែរ​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ជា​មូលដ្ឋាន​ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅរក​ការផ្តល់​ការងារ​ជា​មន្ត្រី​រដ្ឋការ​ដល់ពួកគេ។ រដ្ឋាភិបាល​ក៏​គួរ​តែ​ផ្តល់​គ្រឿង​លើក​ទឹក​ចិត្ត​ដូច​ជា​កន្លែង​ស្នាក់​នៅល្អ​ ឬ​ប្រាក់​បន្ថែម​ដើម្បី​ធានា​ថា​គ្រូអាចត្រូវ​បាន​បញ្ជូន​ទៅ​ដំបន់​ខ្សត់​ខ្សោយ។

ប្រទេស​ ម៉ាឡាវី ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិ​មួយ​ដើម្បី​បង្កើត​សាកលវិទ្យា​ល័យ​បណ្តុះ​បណ្តាល​គរុកោសល្យ​ដែល​បណ្តុះ​បណ្តាល​បេក្ខជន​ថ្មី​នូវ​ជំនាញ​សម្រាប់​តំបន់​ជនបទ។ ប្រទេស​អេត្យូពី​លើក​ទឹក​ចិត្ត​គរុគណ​និង​អ្នក​ត្រូតពិនិត្យ​ឲ្យ​ជួយ​គាំទ្រ​បេក្ខជន​ថ្មី។ គម្រោង​មួយ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កំពុង​ត្រូវ​បាន​ដំណើរ​ការ​ដើម្បី​បង្កើន​ចំនួន​គ្រូប​ង្រៀន​ដែល​ជា​ស្ត្រី​ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់បេក្ខជន​ស្រ្តី​។ គម្រោង​នេះ​ក៏​ផ្តល់​គ្រឿង​លើក​ទឹក​ចិត្ត​ផង​ដែរ​ក្នុងការ​ជួយ​ឲ្យ​សិស្សានុសិស្ស​ជា​ស្ត្រី​ដើម្បី​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​និង​មាន​សក្តានុពល​នឹង​ក្លាយ​ជា​គ្រូបង្រៀន។

របាយ​ការណ៍​នេះ​ក៏​បាន​ផ្តល់​មធ្យោបាយ​ផ្សេងៗ​ដើម្បី​កែលម្អ​ការ​អប់រំ។

រដ្ឋាភិបាល​មួយ​ចំនួន​អាចផ្លាស់ប្តូរ​របៀប​ចំណាយ​មូលនិធិ​លើ​វិស័យ​អប់រំ។ ឧទាហរណ៍​ របាយការ​ណ៍​បាន​រក​ឃើញថា ធនធាន​អប់រំភាគច្រើន​នៅ​ប្រទេស​ម៉ាឡាវី ទ្រទ្រង់​អ្នក​មាន​ចំណេះ​ដឹង​ដែល​មាន​ចំនួន​១០​ភាគរយប៉ុណ្ណោះ។

ផ្ទុយ​ទៅវិញ ប្រទេស​អាហ្វ្រិកខាង​ត្បូង​ មាន​ខ្ទង់​ថវិកា​ប្រាំមួយ​ដង​ច្រើន​ជាង​នេះ​ទៅ​ឲ្យ​សិស្សានុសិស្ស​ក្នុង​តំបន់​ដែល​មាន​ចំណូលនិង​ការ​អប់រំទាប​និង​មាន​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់។

របាយការណ៍​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា​បង្ហាញ​ថា រដ្ឋាភិបាល​នឹង​ត្រូវ​បង្កើន​ការ​ចំណាយ។ នៅ​ក្នុង​ប្រទេស​ជាច្រើន​ ការ​ផ្គង់​ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​អប់រំ​ថយ​ចុះ​ឬ​នៅ​ទ្រឹង។

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា អនុតំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្រ្វិក​នឹង​ត្រូវការ​លុយ​ចំនួន​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍​នៃ​គ្រូ​បឋមសិក្សា​បន្ថែម​ដែល​ត្រូ​វបាន​ស្នើ​សុំ​មិន​ឲ្យ​ហួស​ពី​ឆ្នាំ ២០២០។ របាយការណ៍​នេះ​ ក៏បង្ហាញដែរ​ថា តំបន់​ទាំង​មូល​នឹង​ត្រូវ​ការ​២៦​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទទួល​បាន​ការ​អប់រំ​បឋមសិក្សា​សកល។

អង្គការ​យូណេស្កូ លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឲ្យ​ផ្តល់​២០ភាគរយ​នៃ​ថវិកាជាតិ​របស់ខ្លួន និង​៦ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ដល់​វិស័យអប់រំ។

របាយការណ៍​នោះ​បង្ហាញ​ថា ប្រទេស​អង់ហ្គោឡា​ទទួលបាន​ចំណូល​យ៉ាង​ច្រើន​ពី​ធនធាន​ធម្មជាតិ​ដែលបញ្ចូល​ក្នុង​ថវិកាជាតិ​ ប៉ុន្តែចំណាយ​តែ​៩ភាគរយ​នៃ​ថវិកា​ជាតិ​លើវិស័យ​អប់រំ​ ដែល​នេះ​ជា​ចំនួន​តិច​ជាង​គេ​បង្អ់ស​មួយ​ក្នុង​ពិភពលោក។

របាយការណ៍​នេះ​ក៏​រក​ឃើញ​ដែរ​ថា ប្រទេស​មួយ​ចំនួនដែល​រួមមាន​ប្រទេស​បង់ហ្គ្លាដែស​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ប៉ាគិស្ថាន​ចំណាយ​តិច​ជាង​៦​ភាគរយ​នៃ​ផលិតផលសរុប​ក្នុង​ស្រុក GDP របស់​គេ​លើ​វិស័យ​អប់រំ។ របាយការណ៍​នេះ​សរសេរថា នៅ​ប្រទេស​ប៉ាគិស្ថាន វិស័យ​កសិកម្ម​ផ្តល់​វិភាគ​ទាន​២០ភាគរយ​ដល់​សេដ្ឋកិច្ច​ទាំង​មូល​ ប៉ុន្តែចំណាយ​តែ​ជាង​១ភាគរយ​នៃចំណូល​ពន្ធដារប៉ុណ្ណោះ​លើ​វិស័យ​អប់រំ។

របាយការណ៍​ផ្តល់​អនុសាសន៍​ឲ្យបង្កើន​មូលនិធិបន្ថែម​ដល់​ការ​អប់រំ។

«បញ្ហា​ជាមួយ​នឹង​រដ្ឋាភិបាល​នោះ​គឺ​គេ​មិន​បាន​ចំណាយ​លុយឲ្យ​បានគ្រប់​គ្រាន់។ រដ្ឋាភិបាល​ខ្លះ​ចំណាយ​រហូត​ដល់​២០​ភាគរយ​នៃ​ថវិកាជាតិ​របស់​គេ​លើ​វិស័យ​អប់រំ ប៉ុន្តែ​បញ្ហា​នោះ​គឺ គេ​មិន​ដំឡើង​ពន្ធដារ​ឲ្យ​បាន​គ្រប់​គ្រាន់។ យើង​ផ្តល់​អនុសាសន៍​ថា មាន​មធ្យោបាយ​ក្នុង​ការ​ដំឡើង​មូលដ្ឋាន​ពន្ធដារ​ពីព្រោះ​តែ​មធ្យោបាយ​នៃ​ការ​ប្រមូលពន្ធ​ដារ​ដែល​មាន​ស្រាប់​នោះ​នៅ​ខ្យោយ​នៅ​ឡើយ។ ប្រព័ន្ធ​នោះ​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ឥស្សរជន​គេចពន្ធដារ។ រដ្ឋាភិបាល​ត្រូវ​រឹតបន្តឹង​ចន្លោះ​ប្រហោង»។

យោង​តាម​របាយការណ៍​នេះ ភាព​ចន្លោះ​ប្រហោង​នៃ​ប្រព័ន្ធ​ពន្ធដារ​និងអំពើ​ពុករលួយ​នាំ​ឲ្យរដ្ឋាភិបាល​នៃ​ទ្វីប​អាហ្រ្វិកបាត់​បង់​ប្រាក់​៦០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ អង្គការ​យូណេស្កូ​បាន​សិក្សា​ប្រទេស​ចំនួន​៦៧​ដែល​បាន​ផ្តល់​ទិន្នន័យ​ដែល​គេ​មាន​ ហើយ​បានរកឃើញថា គេ​អាច​ដំឡើង​មូលនិធិ​សម្រាប់​វិស័យ​អប់រំ​ដល់​១៥៣​ពាន់​លាន​ដុល្លារ​ដោយ​មធ្យោបាយ​ចម្រុះ​សម្រាប់​ប្រមូល​ពន្ធដារ។ របាយការណ៍​នោះ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ប្រទេស​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​កុងហ្គោ​បាត់​បង់​លុយ​ចំនួន​ជា​១​ពាន់​លានដុល្លារ​ក្នុង​របររ៉ែក្នុង​រយៈពេល​បីឆ្នាំ​។ លុយ​នោះ​អាច​ប្រើប្រាស់​សម្រាប់​វិស័យ​អប់រំ​បាន​រយៈពេល​ពីរឆ្នាំ។

អង្គការ​យូណេស្កូ ឲ្យ​ដឹង​ថា ប្រយោជន៍​នៃ​វិស័យ​អប់រំ​មាន​ច្រើន​ណាស់។ ការ​បង្កើន​ចំណាយ​លើ​វិស័យ​អប់រំ​រយៈពេល​មួយ​ឆ្នាំ អាច​បង្កើន​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​បាន​រហូតដល់​២​ភាគរយ ហើយ​ជួយ​ឲ្យមនុស្ស​គេច​ចេញពី​ភាព​ក្រីក្រ។

នៅ​ប្រទេស​តានហ្សានី ជា​ង៨០ភាគរយ​នៃ​កម្មករ​មាន​ការ​អប់រំ​ទាប​ជាង​ថ្នាក់​បឋមសិក្សា ហើយ​អ្នក​ទាំង​នោះ​រស់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។ អង្គការ​យូណេស្កូ​ឲ្យ​ដឹង​ថា ផ្ទុយ​ពី​នេះ កម្មករ​ដែល​មាន​ការអប់រំ​កម្រិត​បឋមសិក្សា​ដែល​មាន​ចំនួន​២០​ភាគរយនោះ​នឹង​មិន​ក្រទេ ហើយ​អ្នក​ដែល​មាន​ការ​អប់រំ​កម្រិត​មធ្យមសិក្សា​ បន្ថយ​ឱកាស​នៃ​ការ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ដល់​ទៅ​៣​ដង។ នៅ​ប្រទេស​ប៉ាគិស្ថាន​ឯណោះ​វិញអ្នក​ដែល​ចេះ​អាន​និង​សរសេរ​អាច​រក​ចំណូល​បាន​២០ភាគរយ​លើស​អ្នក​ដែល​មិន​ចេះ​អក្សរ។ អង្គការ​យូណេស្កូ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កសិករ​ដែល​ចេះអក្សរអាច​ប្រើ​បច្ចេកទេស​និង​បច្ចេក​វិទ្យា​ថ្មី​ ហើយ​ម្តាយ​ដែល​ចេះ​អក្សរ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ល្អ​ជាង​ម្តាយ​អត់​ចេះ​អក្សរទាក់​ទង​នឹង​សុខភាព​គ្រួសារ។

ឆ្នាំ​ក្រោយ​ កិច្ច​ប្រឹង​ប្រែង​សកល​ប្រកប​ដោយ​មហិច្ឆិតា​ក្នុង​ការ​បង្កើន​បទដ្ឋាន​ជីវភាព​រស់នៅ ដែល​ជា​ទិសដៅអភិវឌ្ឍរបស់អង្គការ​សហប្រជាជាតិ​នឹង​ឈាន​ដល់​ទី​បញ្ចប់។

អង្គការ​យូណេស្កូ​ឲ្យ​ដឹង​ថា ក្រប​ខណ្ឌ​ដែល​ជំនួស​ទិសដៅ​នោះ​គួ​រតែរួម​បញ្ចូលក្នុង​ចំណោម​ទិសដៅ​កំពូល​របស់​ខ្លួន គឺ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ប្រកបដោយ​គុណភាព​ ដែល​មាន​លក្ខណៈ​ឥត​គិត​ថ្លៃ​និង​ត្រូវ​តែ​ធ្វើសម្រាប់មនុស្ស​ទាំង​អស់​គ្នា៕

ប្រែសម្រួល​ដោយ​អ៊ឹម សុធារិទ្ធ
XS
SM
MD
LG