ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ជប៉ុន​ព្រមាន​ពលរដ្ឋ​ពី​អសន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា


US embassy in Phnom Penh, Cambodia
US embassy in Phnom Penh, Cambodia
ស្ថានទូត​នៃ​ប្រទេស​សំខាន់ៗ​ចំនួន​ពីរ​បាន​ព្រមាន​ដល់​ពលរដ្ឋ​របស់​ខ្លួន​អំពី​បញ្ហា​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា។ ការព្រមាន​នេះ​កើតឡើង​ក្រោយពី​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​ផ្ទួនៗគ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុង​សប្តាហ៍​មុន​ដោយ​មាន​ជនជាតិ​អាមេរិកាំង​ម្នាក់​និង​ស្ត្រី​ជប៉ុន​ម្នាក់​ត្រូវ​ឧក្រិដ្ឋជន​បាញ់​ឲ្យ​របួស​ធ្ងន់។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​និង​ស្ថានទូត​ជប៉ុនក្នុង​ទីក្រុង​ភ្នំពេញ​បាន​ព្រមាន​ធ្ងន់ៗ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​ស្នាក់​នៅ​ឬ​ត្រូវ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា​«គ្មាន​ទេ​កន្លែង​ដែល​គ្មាន​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា» ​ហើយ​ «ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រឈម​នឹង​គ្រោះថ្នាក់»។

ការព្រមាន​ធ្វើឡើង​ក្រោយពី​អ្នក​ប្រឹក្សា​សំណង់​ជនជាតិ​អាមេរិកាំង​ម្នាក់​គឺ​ លោក ម៉ូរីស ឡរ (Maurice Law) ​អាយុ​៥៧​ឆ្នាំត្រូវ​បាន​ជន​មិន​ស្គាល់​មុខប្លន់​កាលពី​ល្ងាច​ថ្ងៃសុក្រ​សប្តាហ៍​មុន ខណៈពេល​លោក​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​គេហដ្ឋាន​ជាមួយ​ភរិយា​លោក​ក្នុង​ខណ្ឌ​ចំការមន។ ខ្មាន់កាំភ្លើង​បានបាញ់​លើ​ជនរងគ្រោះចំ​គ្រលៀន។

មួយ​ថ្ងៃ​ក្រោយពី​ព្រឹត្តិការណ៍​នោះ​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ទៀត​គឺ​អ្នកស្រី​សាគីកូ តាកាយ៉ាណាហ្គី​ (SakikoTakayanagi) ​អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​ជនមិន​ស្គាល់​មុខ​បាញ់​ឱ្យ​របួស​ភ្លៅ​ខាងស្តាំ​នៅជិត​ផ្សារ​រាត្រី ​ក្បែរ​វត្តភ្នំ​ក្នុង​ពេល​ដែលអ្នកស្រី​ប្រទូស្តរាយ​ជាមួយ​ក្រុម​ជនប្រដាប់​អាវុធ​នេះ​ដោយសារតែ​ពួក​គេ​ព្យាយាម​កញ្ឆក់​កាបូប​របស់​អ្នកស្រី។

ក្នុង​លិខិត​មួយ​របស់​ខ្លួន​ទៅ​កាន់​ជនជាតិ​អាមេរិកាំង​នៅ​កម្ពុជា​កាលពី​ថ្ងៃអង្គារ ​ស្ថានទូត​សហរដ្ឋ​អាមេរិកបាន​ក្រើន​រំឭកដល់​ពលរដ្ឋ​ខ្លួន​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ក្នុង​អំឡុង​ពេល​ស្នាក់នៅ​ឬ​ក៏​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា ​ជា​ពិសេស​នៅ​ពេល​ធ្វើ​ដំណើរ​ក្នុង​ពេល​យប់។ លិខិត​ដដែល​បន្ថែម​ថា «ពុំ​មាន​ទេ​តំបន់​ដែល​គ្មាន​បទ​ឧក្រិដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ចំណែក​ឯសកម្មភាព​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូចជា​ការ​លួច​និង​ប្លន់មាន​ការ​កើន​ឡើង​នៅ​ពេល​យប់»។

​លោក សន ម៉ាកឃីនថូស ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​ថ្លែង​ប្រាប់​វីអូអេ​ខេមរភាសា​តាម​សារ​អេឡិកត្រូនិក​ថា «​ស្ថានទូត​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ឧបទ្ទវហេតុ​នា​ពេល​ថ្មី​ៗ​នេះ​មក​លើ​ជនជាតិ​អាមេរិកាំង​និង​ជនជាតិ​ដទៃទៀត​នៅ​ក្រុង​ភ្នំពេញ។ យើង​អំពាវនាវឱ្យអាជ្ញាធរធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​និងម៉ត់ចត់មួយ​ដើម្បី​នាំ​ខ្លួនជន​ល្មើស​យក​មក​កាត់​ទោស​និង​ដើម្បី​ទប់​ស្កាត់បទ​ឧក្រិដ្ឋបែប​នេះ​បន្ថែម​ទៀត»។

​ក្រោយពី​ឧក្រិដ្ឋ​កម្មនោះ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ក៏​បាន​ថ្កោល​ទោសភ្លាមៗ​ហើយ​កំពុងតែ​ស្វែង​រក​ឱកាស​ជួប​ពិភាក្សា​ជាមួយមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​ប្រហារមក​លើ​ពលរដ្ឋ​ខ្លួន​នេះ​និងអំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​ជនដៃ​ដល​យល់​មក​ផ្តន្ទា​ទោស។​

តប​ហ្នឹង​សំណួរ​របស់​វីអូអេ​ ខេមរភាសា ​តាម​សារ​អេឡិកត្រូនិក ​លោក តាកាយោស្សី ​គូរូមីយ៉ា​ ទីប្រឹក្សា​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ថា៖ «​នេះ​គឺ​ជា​ការ​ប្លន់​ប្រដាប់​អាវុធ​លើក​ទី​ពីរហើយ ​ក្រោយ​ពី​ឧបទ្ទវហេតុ​ប្លន់ប្រដាប់​អាវុធ​មួយនៅ​ក្រុង​ភ្នំពេញ​បាន​បណ្តាល​ឱ្យ​ស្លាប់​ជនជាតិ​ជប៉ុន​ម្នាក់​កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៣។ ហេតុការណ៍​ទាំង​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​មាន​ការ​បារម្ភ​ជា​ខ្លាំង​អំពី​សុវត្ថិភាព​ប្រជា​ពលរដ្ឋ​ជប៉ុន​ដែល​មក​ធ្វើ​ទេសចរណ៍​ឬ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ជាមួយគ្នា​នេះ​ស្ថានទូត​ជប៉ុនក៏​បាន​ព្រមាន​ដល់ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រស់នៅ​កម្ពុជា​អំពី​គ្រោះ​ថ្នាក់​ក្នុង​ការ​រស់​នៅ​ប្រទេស​កម្ពុជា​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ថ្លែង​ថារាល់​ករណី​ឧក្រិដ្ឋកម្ម​ អាជ្ញាធរ​តែងតែ​ចាត់​វិធានការ​យ៉ាង​ដិត​ដល់។

លោក​និយាយថា៖ «បញ្ហា​សំខាន់​ កាល​ណា​មាន​ការ​ប្លន់​ឬ​ការ​បាញ់ ​កុំ​ថា​ឡើយ​កើត​ឡើង​ចំពោះ​ជនជាតិ​បរទេស ​ទោះ​បីជា​ចំពោះ​ជនជាតិ​កម្ពុជា​យើង ​អាជ្ញាធរ​តែងតែ​ស្វះស្វែង​រក​ជនដៃ​ដល់​ដើម្បី​យក​មក​ផ្តន្ទាទោស»។

ទេសចរ​បរទេស​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញមិនធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​សន្តិសុខ​នៅ​ប្រទេស​កម្ពុជា​ទេ​នៅពេល​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បានជួប​សម្ភាស។

ប៉ុន្តែ​បើយោងតាម​លោក សុន វិសាល ​អាយុ​៣១​ឆ្នាំជា​អ្នក​គិត​បញ្ជី​ម្នាក់​នៅ​ភោជនីយដ្ឋាន​ “On the Corner” ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​សុធារស ​ក្បែរ​ព្រះ​បរមរាជវាំង​ឱ្យ​ដឹង​ថា​អតិថិជន​បរទេសដែល​ចូល​មក​ហាង​លោកជា​ច្រើន​តែងតែ​ជជែក​គ្នា​ពី​អសន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា។

លោក​និយាយថា៖ «រឿង​បាញ់​នេះ​មិន​ដែល​ឮ​ពួកគាត់​និយាយ​ទេ ​ប៉ុន្តែ​មាន​តែ​បញ្ហា​ចោរ​ឆក់​តាម​ផ្លូវ​តាម​ទុកទុក​មាន។ ហើយ​ភ្ញៀវ​រាង​បំផុត​ពេល​ចោរ​ឆក់​ហើយ​ តែង​តែ​ប្រាប់​ត​ៗ​គ្នា​ហើយ។ បើ​និយាយ​ទៅ​មាន​ភ្ញៀវ​ប្រហែល​ពាក់​កណ្តាល​ហើយ​ដែល​និយាយអំពី​រឿង​ហ្នឹង»។

លោក កែម ឡី ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​យល់​ថា​ការ​អាក់​ខាន​ក្នុង​ការនាំ​ជន​ល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់នឹង​បង្ក​ការ​បារម្ភបន្ថែម​ទៀតសម្រាប់​ភ្ញៀវទេសចរណ៍​និងអ្នកវិនិយោគ​បរទេស។

លោក​និយាយថា៖ «កាល​ណា​យើង​មិន​រឹត​បន្តឹង​ខាង​ផ្នែក​សន្តិសុខ ​ហើយ​យើង​បណ្តោយ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​អញ្ចឹង​កើត​ឡើង ​ត្រឹម​តែ​មួយ​ទៅ​ពីរ​ករណី​វា​នាំ​ឱ្យ​លាន់​ឮ​ដល់​មិត្តភក្តិ​ឬ​អ្នក​ទេសចរណ៍​ផ្សេង​ទៀត។ ជា​ពិសេស​ស្ថានទូត​នីមួយ​ៗ​ គេ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ជនជាតិ​គេ​ណាស់។ កាល​ណា​មាន​ករណី​អញ្ចឹង​កើត​ឡើង​ គេ​ក្រើន​រំឭក​ដល់​ជនជាតិ​គេ​ទូទាំង​ប្រទេស​តែ​ម្តង។ ទី​ពីរ​កាល​ណា​រឿង​នេះ​កើត​ឡើង​ញឹកញាប់ ​យើង​មិន​ប្រញាប់​ប្រញាល់​ស្វែងរក​ឃាតករ​កុំ​ឱ្យ​មាន​និទណ្ឌភាព ​វា​ប៉ះពាល់​ដល់​វិនិយោគ​ទុន​ពី​ប្រទេស​នោះ​ទៅ​ទៀត»។

លោក កែម ឡី ​សង្កេត​ឃើញ​មាន​ការ​កើន​ឡើង​ករណី​ឧក្រិដ្ឋកម្ម​និង​ចោរកម្ម​ច្រើនជា​ពិសេស​នៅ​ពេល​មុន​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត ​ហើយ​ភាគ​ច្រើនកើត​ឡើង​នៅ​តាម​តំបន់​ដែល​មាន​ការ​ចល័ត​ទាហាន​ច្រើន​ដូចជា​នៅ​រាជធានីភ្នំពេញ ​ខេត្ត​សៀមរាប ​និង​ក្រុង​ព្រះ​សីហនុ​ជា​ដើម។

​លោក ពិន ពិសិដ្ឋ ​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ថា​លោក​ពុំ​មាន​ភារកិច្ច​និយាយ​ទៅ​កាន់​អ្នក​កាសែត​ទេ ​ដោយ​បង្វែរ​សំណួរ​ទៅ​លោកឧត្តម​សេនីយ៍​ឯក គៀត​ ច័ន្ទថារិទ្ធ ​អ្នកនាំ​ពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ។
ប៉ុន្តែ​លោក គៀត ច័ន្ទថារិទ្ធ​មិនអាច​ទាក់ទង​បាន​ទេ​ពីរថ្ងៃ​មកនេះ​ដោយសារ​ទូរសព្ទ័​របស់​លោករោទិ៍​ដោយ​គ្មាន​អ្នកទទួល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG