ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​និង​ចិន​ប្រជុំ​កំពូល​កម្រិត​ខ្ពស់​ក្នុង​ក្រុង Zurich


​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​​សហរដ្ឋ​អាមេរិក​​លោកស្រី​ Janet Yellen ចាប់​រលាក់ដៃ​ជាមួយនឹង​​​ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក Liu He នៅពេល​លោកស្រី និង​លោក​ជួប​ពិភាក្សាគ្នា​ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​​សហរដ្ឋ​អាមេរិក​​លោកស្រី​ Janet Yellen ចាប់​រលាក់ដៃ​ជាមួយនឹង​​​ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក Liu He នៅពេល​លោកស្រី និង​លោក​ជួប​ពិភាក្សាគ្នា​ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស នៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

នៅថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ក្រុង Zurich ប្រទេស​ស្វីស ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ ​លោកស្រី​ Janet Yellen និង​ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក Liu He បាន​សន្យា​ថា​នឹង​រក្សាការ​ទាក់ទងគ្នា​ដោយ​ចំហរវាងមហា​សេដ្ឋកិច្ចទាំង​ពីរនេះ។

ថ្លែងទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ពេល​ចាប់ផ្តើម​ជំនួបកំពូល​របស់លោកស្រី ​និង​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ លោកស្រី Yellen បានមានប្រសាសន៍​ថា ខណៈពេល​ដែល​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាលក្រុង​ប៉េកាំង«មានការ​ខ្វែង​គំនិតគ្នា‍» ប្រទេស​ទាំងពីរ​«មានការទទួល​ខុស​ត្រូវដោះស្រាយការ​ខ្វែង​គំនិត​គ្នា ​ហើយ​បញ្ចៀស​កុំ​ឱ្យ​ការប្រកួត​ប្រជែង​គ្នាអាច​ក្លាយ​ជា​ជម្លោះ‍»។

លោក Liu ​បាននិយាយថា ​ប្រទេស​ចិន​ប្រុង​ប្រៀបធ្វើការ​ជា​មួយស.រ.អ.ហើយ​ដើម្បី«​ឱ្យ​មានការ​សន្ទនានិង​ប្តូរ​យោបល់​គ្នា‍តទៅទៀត»​និង​ឱ្យ​មាន​ការ​មូលមតិ​គ្នា​។​

គេរំពឹង​ថា ​ជំនួបនៅ​ក្នុង​មជ្ឈមណ្ឌលហិរញ្ញវត្ថុ​សាកល​នេះផ្តោត​ការ​យក​ចិត្តទុកដាក់​លើការ​ប្រថុយប្រថាន​នៃ​ដំណើរ​សេដ្ឋកិច្ច​មិន​ទៅ​មុខ​នៅ​ឆ្នាំនេះ​និង​ប្រាក់បំណុល ​ជាពិសេសប្រទេស​ចិន​ជា​ម្ចាស់បំណុល​ច្រើន​លើសលប់​របស់​ក្រុម​ប្រទេសមាន​ចំណូលតិច​ដែលប្រឈម​នឹង​គ្មាន​លទ្ធភាព​សង​បំណុល​ដោយសារកំណើន​អត្រាការប្រាក់។ គេ​រំពឹង​ថា ​លោកស្រី Yellen នឹង​សុំ​ដល់​រដ្ឋាភិបាល​ប៉េកាំងឱ្យបន្ធូរបំណុល​ដល់​ក្រុម​ប្រទេស​ទាំង​នេះ នៅ​ក្នុង​ជំនួប​កំពូល​របស់លោកស្រី ​និង​លោក Liu។

ជំនួប​កម្រិត​ខ្ពស់នៅ​ថ្ងៃ​ពុធ​នេះ​ក្នុងក្រុង Zurich ជាលទ្ធផល​នៃ​កិច្ចព្រមព្រៀង​មួយ​រវាង​ប្រធានាធិបតី​ស.រ.អ.លោក Joe Biden និងប្រធានាធិបតី​ចិន​លោក Xi Jinping កាល​ពី​សន្និសីទកំពូល​ក្រុម​ប្រទេស​ G-20 ​នៅ​កោះ Bali ​កាល​ពី​ខែ​វិច្ឆិកាដើម្បី​កែ​លម្អ​ចំណង​ទាក់ទងរវាង​ប្រទេសមាន​សេដ្ឋកិច្ច​ធំទាំង​ពីរ​នេះ។

ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ប៉េកាំងមានភាព​រអាក់រអួលកាល​ពីប៉ុន្មាន​ឆ្នាំ​មុន​នេះ​ ដោយសារមានបញ្ហា​មួយ​ចំនួន មានរួមពាណិជ្ជកម្ម​ សិទ្ធិមនុស្ស​ និង​សម្ពាធខ្លាំង​ជាង​មុន​របស់​ប្រទេស​ចិន​លើកោះតៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ ដែល​រដ្ឋាភិបាលប៉េកាំង​ចាត់ទុក​ថា​ជាផ្នែក​មួយ​នៃ​ដែនដី​ខ្លួន៕

ព័ត៌មានមួយ​ចំនួន​ក្នុង​សេចក្តីរាយការណ៍​នេះ​ ត្រូវបាន​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP និង​ Reuters

XS
SM
MD
LG