វិនិយោគិនភាគហ៊ុនឯកជន និងអ្នកគ្រប់គ្រងទ្រព្យសកម្មនៅសកលលោក កំពុងត្រៀមខ្លួនសម្រាប់ ការរួមបញ្ចូលនិងទិញយកក្រុមហ៊ុន ការវិនិយោគតម្លៃរាប់ពាន់លានដុល្លារ ដែលភ្ជាប់ទៅនឹងមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ឬ AI ជំរុញឱ្យមានតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែឧសភា។
បណ្តានាយកប្រតិបត្តិក្នុងវិស័យនេះបាននិយាយថា ល្បឿននៃកិច្ចព្រមព្រៀងយ៉ាងលឿនខ្លាំងក្លា នៅក្នុងតំបន់ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោកនេះ កើតឡើងនៅពេលដែលប្រទេស និងក្រុមហ៊ុនឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដោយអំពាវនាវឱ្យមានសមត្ថភាពស្តុកទិន្នន័យបន្ថែមទៀត។
ទិន្នន័យរបស់ក្រុមហ៊ុន London Stock Exchange Group ឬ LSEG បានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសជប៉ុន បានដឹកនាំសកម្មភាពចរចានៅក្នុងទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ពិភពលោកនៅឆ្នាំនេះ ដោយមានតម្លៃរួមបញ្ចូលនិងទិញយកក្រុមហ៊ុន (M&A) សរុបចំនួន ៨៤០,៤៧លានដុល្លារ ច្រើនជាងពាក់កណ្តាលនៃចំនួនសរុបនៅទូទាំងពិភពលោក។
នៅឆ្នាំ២០២៣ កិច្ចព្រមព្រៀងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់បានឈានដល់កម្រិតខ្ពស់បំផុតចំនួន ៣,៤៥ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុន LSEG។ ចំនួនសរុបនោះត្រូវបានកំណត់ថា នឹងលើសពីឆ្នាំនេះ ដោយមានប្រតិបត្តិការទូទាត់វិនិយោគធំៗយ៉ាងហោចណាស់ពីរនៅក្នុងផែនការដែលត្រៀមចេញជាផ្លូវការ។
ប្រភពជិតស្និទ្ធនឹងប្រតិបត្តិការនេះបាននិយាយថា អ្នកឧបត្ថម្ភហិរញ្ញវត្ថុមួយចំនួន រួមទាំងក្រុមហ៊ុនវិនិយោគធំៗជាសកល Blackstone Inc កំពុងតែស្វះស្វែងទិញក្រុមហ៊ុន AirTrunk ដែលជាម្ចាស់មជ្ឈមណ្ឌលទិន្នន័យខ្នាតធំចំនួន១១ នៅក្នុងប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលទិន្នន័យទាំងអស់ផ្សេងទៀតក្នុងតំបន់។
ប្រភពដដែលបានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន AirTrunk គឺក្រុមហ៊ុន Macquarie Group និងក្រុមប្រឹក្សាវិនិយោគសោធននិវត្តន៍ក្នុងវិស័យសាធារណៈរបស់ប្រទេសកាណាដា ឬ PSP មានបំណងដាក់តម្លៃអាជីវកម្មរហូតដល់ ៩,៨ពាន់លានដុល្លារ នៅក្នុងអ្វីដែលអាចជាប្រតិបត្តិការទិញមជ្ឈមណ្ឌលទិន្នន័យធំបំផុតនៅតំបន់អាស៊ីនៅឆ្នាំនេះ។
ក្រុមហ៊ុន Microsoft កាលពីថ្ងៃទី២ ខៃឧសភា បាននិយាយថា ខ្លួននឹងវិនិយោគទុនចំនួន ២,២ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកសេវាកម្ម Cloud និង AI របស់ខ្លួននៅទូទាំងតំបន់អាស៊ី។
ការកើនឡើងនៃការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ីដើរតាមគន្លងស្រដៀងគ្នាទៅនឹងអ្វីដែលបានឃើញនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា ក្រុមហ៊ុនAmazon ក្រុមហ៊ុនMicrosoft ក្រុមហ៊ុនAlphabet Inc និងក្រុមហ៊ុនMeta Platforms ពង្រីកសមត្ថភាព AI របស់ពួកគេយ៉ាងឆាប់រហ័ស។
ក្រុមហ៊ុន Microsoft បាននិយាយកាលពីខែឧសភា មួយថ្ងៃបន្ទាប់ពីបានប្រកាសពីការវិនិយោគដែលមានតម្លៃ ១,៧ពាន់លានដុល្លារលើអគារស្តុក AI និង cloud នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ការប្រើប្រាស់ទិន្នន័យ
កិច្ចព្រមព្រៀងដែលអាចកើតឡើងផ្សេងទៀតនៅក្នុងតំបន់អាស៊ីរួមមាន ការលក់ភាគហ៊ុនផ្នែកអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យនៃក្រុមហ៊ុនរដ្ឋ Telkom Indonesia របស់ប្រទេសឥណ្ឌូនេស៊ីដែលមានតម្លៃ ១ពាន់លានដុល្លារ និងការលក់មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន NEC របស់ប្រទេសជប៉ុនដែលមានតម្លៃ ៥០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ព័ត៌មាននានា។
មន្ត្រីទំនាក់ទំនងវិនិយោគិនជាន់ខ្ពស់របស់ក្រុមហ៊ុន Telkom លោក Ahmad Reza បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែឧសភា ថា ក្រុមហ៊ុន Telkom បើកចំហចំពោះភាពជាដៃគូយុទ្ធសាស្ត្រដើម្បីនាំអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ NeutraDC របស់ខ្លួនទៅកាន់សមត្ថភាព និងទីផ្សារថ្មីៗ។
លោក Ahmad Reza បានបន្តថា៖ «យើងបានស្វែងរកដៃគូដ៏មានសក្ដានុពលមួយចំនួន ប៉ុន្តែយើងនៅតែកំពុងវាយតម្លៃរកដៃគូដែលល្អបំផុត។ យើងរំពឹងថានឹងបញ្ចប់ដំណើរការនេះនៅចុងឆ្នាំនេះ»។
ក្រុមហ៊ុន NEC ថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយលើការរំពឹងទីផ្សារទុកមុនបានទេ។
អ្នកជិតស្និទ្ធនឹងក្រុមហ៊ុនវិនិយោគអាមេរិក Bain Capital និយាយថា ក្រុមហ៊ុនកំពុងស្វែងរកការផ្តល់ហិរញ្ញប្បទានឥណទានសម្រាប់មជ្ឈមណ្ឌលទិន្នន័យ Chindata និងការវិនិយោគសម្រាប់អាជីវកម្មនៅប្រទេសចិនរបស់ខ្លួន។
ក្រុមហ៊ុន Bain Capital ដែលបានដកក្រុមហ៊ុន Chindata ពីផ្សារហ៊ុនហុងកុងកាលពីឆ្នាំមុនក្នុងកិច្ចព្រមព្រៀង ៣,១៦ពាន់លានដុល្លារ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះ។
ក្រុមហ៊ុន Goldman Sachs Asset Management ឬ GSAM ដែលបានវិនិយោគនៅក្នុងក្រុមហ៊ុន AirTrunk ក្នុងឆ្នាំ២០១៧ មុនពេលលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Macquarie បីឆ្នាំក្រោយមក បានវិនិយោគប្រាក់ជាង១ពាន់លានដុល្លារ លើការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ីក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
លោក Nikhil Reddy ប្រធានផ្នែកអចលនទ្រព្យ APAC នៅក្រុមហ៊ុន GSAM បាននិយាយថា ក្រុមហ៊ុននឹងវិនិយោគយ៉ាងសកម្មនៅក្នុងគម្រោងបន្ថែម ដោយផ្តោតជាពិសេសលើប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
លោក Nikhil Reddy បាននិយាយថា៖ «AI បង្កើតតម្រូវការផ្សេងគ្នាសម្រាប់មជ្ឈមណ្ឌលទិន្នន័យ លើសពីតម្រូវការជាប្រវត្តិសាស្ត្រនៃសេវាកម្ម cloud ដោយសារវាផ្តោតលើការគណនាទិន្នន័យល្បឿនលឿនខ្លាំង។ ឥឡូវនេះជាមួយនឹង AI ដែលរួមបញ្ចូលការប្រើប្រាស់ទិន្នន័យយ៉ាងច្រើន សមត្ថភាពគណនាទិន្នន័យខ្លាំងគឺជាគន្លឹះសំខាន់»៕
ប្រែសម្រួលដោយលោកចាប ចិត្រា
វេទិកាបញ្ចេញមតិ