រដ្ឋបាលលោក ត្រាំ និងប្រទេសចិនជិតឈានទៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយដែលនឹងផ្អាកការតំឡើងពន្ធគយលើទំនិញនាំចេញរបស់ប្រទេសទាំងពីរដែលការណ៍នេះនឹងជួយបន្ធូរបន្ថយភាពតានតឹងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលបានកើតឡើងរយៈពេល១៧ខែមកនេះ។
លោក Myron Brilliant ប្រធានកិច្ចការអន្តរជាតិនៃសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បានថ្លែងថា «យើងជិតឈានដល់កិច្ចព្រមព្រៀងហើយ»។
លោក Brilliant បានបញ្ជាក់ទៀតថា រដ្ឋបាលបានយល់ព្រមផ្អាកគម្រោងរបស់លោក ត្រាំ ក្នុងការតំឡើងពន្ធគយលើទំនិញនាំចូលរបស់ចិនតម្លៃ១៦០ពាន់លានដុល្លារ
នៅថ្ងៃអាទិត្យនេះ និងកាត់បន្ថយពន្ធគយលើទំនិញដែលមានស្រាប់។
ជាការឆ្លើយតបមកវិញ រដ្ឋាភិបាលក្រុងប៉េកាំងនឹងទិញផលិតផលកសិកម្មរបស់ អាមេរិកបន្ថែមទៀត បង្កើនការចូលទៅទីផ្សារចិនរបស់ក្រុមហ៊ុនអាមេរិកាំងនានា និងរឹតបន្តឹងការការពារកម្មសិទ្ធិបញ្ញាផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរង់ចាំការសម្រេចចុងក្រោយពីប្រធានាធិបតីលោក ដូណាល់ ត្រាំ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍លោក ត្រាំ បានបង្ហោះសារនៅលើ Twitterដោយប្រកាសថា «យើងឈានកាន់តែជិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយជាមួយចិនហើយ។ ទាំងអាមេរិកនិងចិនសុទ្ធតែចង់បានកិច្ចព្រមព្រៀងនេះ»។
មុននឹងការបង្ហោះសាររបស់លោក ត្រាំ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បា្រប់ក្រុមអ្នកសារព័ត៌មានថា«ភាគីទាំងពីរនៅរក្សាទំនាក់ទំនងគ្នា យ៉ាងដិតដល់ពាក់ព័ន្ធនឹងលក្ខខណ្ឌសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងកិច្ចព្រមព្រៀងនេះ»៕