ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Bloomberg មាន​គោល​ជំហរ​ទន់ភ្លន់​ចំពោះ​គោល​នយោបាយ​ពាណិជ្ជកម្ម​ចិន


រូប​ឯកសារ៖ លោក Michael Bloomberg​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្នុង​ក្រុង Norfolk រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

​លោក Bloomberg ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់​មាន​គោល​ជំហរ​ទន់ភ្លន់​ចំពោះ​គោល​នយោបាយ​ពាណិជ្ជកម្ម​ចិន។ លោក​គឺ​ជា​ពាណិជ្ជករ​សេរី ដែល​មាន​គំនិត​មិន​សូវ​រិះគន់​លើ​គោល​នយោបាយ​ផ្ដាច់ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន បើ​ប្រៀប​ជាមួយ​នឹង​គូ​ប្រជែង​ផ្សេង​ទៀត​របស់​លោក។

នៅ​ក្នុង​ការ​ប្រកាស​អំពី​បេក្ខភាព​របស់​លោក​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​សម្រាប់​ការ​ប្រជែង​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Mike Bloomberg អតីត​អភិបាល​ក្រុង New York និង​ជា​មហា​សេដ្ឋី​ជំនួញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​បន្ថែម​នូវ​យុទ្ធសាស្ត្រ​ថ្មី​ចំពោះ​ការ​ជជែក​ដេញដោល​កំពុង​បន្ត​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី Donald Trump ជាមួយ​នឹង​ប្រទេស​ចិន ហើយ​ជាង​នេះ​ទៀត ប្រហែលជា​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Bloomberg តំណាង​ឱ្យ​អ្វី​មួយ​ដែល​ពិសេស​នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រជែង​យក​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ចំណុច​ពិសេស​នោះ​គឺ​ថា លោក​គឺ​ជា​ពាណិជ្ជករ​សេរី ដែល​មាន​គំនិត​មិន​សូវ​រិះគន់​លើ​គោល​នយោបាយ​ផ្ដាច់ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន បើ​ប្រៀប​ជាមួយ​នឹង​គូ​ប្រជែង​ផ្សេង​ទៀត​របស់​លោក។

តាំង​ពី​យូរ​មក​ហើយ​មុន​ពេល​ប្រកាស​បេក្ខភាព​របស់​លោក លោក Bloomberg គឺ​ជា​អ្នក​រិះគន់​លោក Trump អំពី​គោល​នយោបាយ​ពាណិជ្ជកម្ម ដោយ​លោក​បាន​និយាយ​ថា វិធីសាស្ត្រ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​របស់​លោក Trump ដើម្បី​ចរចា​ជាមួយ​នឹង​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត «បាន​បង្កើត​នូវ​ស្តង់ដារ​ថ្មី​នៃ​ភាព​មិន​ចុះ​សម្រុង​គ្នា និង​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ»។

នៅ​ក្នុង​អំឡុង​ពេល​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី លោក Bloomberg បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ពហុ​ភាគី ដែល​ឥឡូវ​នេះ​ត្រូវ​បាន​រិះគន់​ដោយ​មិន​ត្រឹមតែ​លោក Trump ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដោយ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

លោក Bloomberg ដែល​អាណាចក្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​របស់​លោក​បាន​បង្កើត​ទំនាក់ទំនង​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​ចិន និង​ជា​រឿយៗ​រៀបចំ​សន្និសីទ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន​នោះ ក៏​ជា​អ្នក​ខុសប្លែក​ពី​គេ​ផង​ដែរ​ទាក់ទិន​នឹង​ការ​គិត​របស់​លោក​អំពី​ទិដ្ឋភាព​នៃ​គណបក្ស​កុំម្មុយនិស្ត​ចិន និង​លោក Xi Jinping ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ។

ការពារ​រដ្ឋាភិបាល​របស់​លោក Xi Jinping

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​សម្រាប់​កម្មវិធី «Firing Line» របស់​ទូរទស្សន៍ PBS កាល​ពី​ខែ​កញ្ញា លោក Bloomberg បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា បន្ទាប់ពី​លោក​ហាក់​ដូចជា​ការពារ​រដ្ឋាភិបាល​របស់​លោក Xi Jinping នៃ​ប្រទេស​ចិន​ថា​ជា​រដ្ឋាភិបាល​មាន​ការ​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាជន និង​ជា​រដ្ឋាភិបាល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ។

លោក Bloomberg បាន​និយាយ​ដូច្នេះ​ថា៖ «គណបក្ស​កុម្មុយនិស្ត [ចិន] ចង់​នៅ​កាន់​អំណាច​ក្នុង​ប្រទេស​ចិន ហើយ​គណបក្ស​នេះ​ស្ដាប់​មតិ​សាធារណជន។ លោក Xi Jinping មិន​មែន​ជា​ជន​ផ្ដាច់ការ​ទេ។ លោក​ត្រូវតែ​បំពេញ​ចិត្ត​អ្នក​បោះឆ្នោត​គាំទ្រ​លោក បើ​មិន​ដូច្នេះ​ទេ លោក​នឹង​មិន​អាច​នៅ​កាន់​អំណាច​បាន​តទៅ​ទៀត​ទេ»។

នៅ​ពេល​នោះ ក្រុម​អ្នក​តវ៉ា​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង​កំពុង​ប្រឈម​នឹង​ការ​ឆ្លើយតប​បែប​ហិង្សា​ពី​រដ្ឋាភិបាល​ចិន ហើយ​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​អំពី​ការ​គាប​សង្កត់​ឃោរឃៅ​លើ​ជាតិ​សាសន៍ Uighur នៅ​ក្នុង​ខេត្ត Xinjiang ប្រទេស​ចិន។

នៅ​ពេល​ដែល​អ្នក​សម្ភាសន៍​បង្ហាញ​ការ​មិន​ជឿ​ទុក​ចិត្ត​លើ​គោល​ជំហរ​របស់​លោក ដោយ​បាន​លើក​ឡើង​ពី​គោល​នយោបាយ​ជិះជាន់​របស់​លោក Xi Jinping លោក Bloomberg បាន​ការពារ​គោល​ជំហរ​របស់​លោក​កាន់តែ​ខ្លាំង​ថែម​ទៀត។

លោក Bloomberg បញ្ជាក់​ដូច្នេះ​ថា៖ «លោក [Xi Jinping] មាន​ក្រុម​អ្នក​គាំទ្រ​ដែល​លោក​ត្រូវតែ​គោរព​តាម។ គ្មាន​រដ្ឋាភិបាល​ណា​មួយ​អាច​បន្ត​ដំណើរការ​បាន​ដោយ​គ្មាន​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នោះ​ទេ។ គណបក្ស​កុំម្មុយនិស្ត​ចិន​មើល​លើ​ប្រទេស​រុស្ស៊ី ហើយ​ស្វែង​រក​ប្រទេស​ណា​មួយ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កុំម្មុយនិស្ត ប៉ុន្តែ​មិន​បាន​រក​ឃើញ​នោះ​ទេ។ ពួកគេ​មិន​ចង់​ឱ្យ​រឿង​នេះ​កើត​ឡើង​នោះ​ឡើយ ដូច្នេះ​ពួកគេ​ត្រូវតែ​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាជន»។

ជៀសវាង​មិន​និយាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ចិន

លោក Bloomberg ទំនងជា​ផ្ដោត​ការ​ជឿជាក់​របស់​លោក​អំពី​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​នោះ លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​ផ្សែង​បំពុល​ដែល​ហ៊ុមព័ទ្ធ​ពី​លើ​ទីក្រុង​សំខាន់ៗ​របស់​ចិន។ ប៉ុន្តែ លោក Bloomberg មិន​បាន​លើក​ឡើង​អំពី​បញ្ហា​គ្រឹះ​នៃ​សេរីភាព​នយោបាយ និង​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នោះ​ទេ។

ចំពោះ​បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​នៃ​ទង្វើ​របស់​រដ្ឋាភិបាល​ចិន​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន លោក Bloomberg មាន​គោល​ជំហរ​ខុស​ពី​បេក្ខជន​នាំ​មុខ​ភាគ​ច្រើន​ក្នុង​ចំណោម​អ្នក​ប្រជែង​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

មក​ទល់​នឹង​ពេល​នេះ នៅ​ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គោល​ជំហរ​របស់​បេក្ខជន​នីមួយៗ​អំពី​ទំនាក់ទំនង​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ចិន​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ ដោយសារតែ​បេក្ខជន​នាំ​មុខ​មួយ​ចំនួន​ចង់​ដក​ខ្លួន​ថយ​ពី​ការ​លើក​ឡើង​ពី​លោក Trump ទោះបីជា​នៅ​ពេល​ដែល​ពួកគេ​ទំនងជា​ឯកភាព​ចំពោះ​ការណ៍​ដែល​លោក Trump ដំឡើង​ពន្ធ​គយ​លើ​ទំនិញ​ចិន ដើម្បី​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ចិន​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG