រដ្ឋាភិបាលចិន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក «នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍នេះ។
គេឃើញមានក្ដីសង្ឃឹមកើនឡើងដែលថា ភាគីទាំងពីរជិតឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងតូចមួយ ប៉ុន្តែ ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងការគាំទ្រនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើការតវ៉ាប្រជាធិបតេយ្យនៅទីក្រុងហុងកុង និងលើជាតិសាសន៍ភាគតិច Uighur ទំនងជាធ្វើឲ្យការចរចាពិបាកនឹងសម្រេចបាន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយនៅឯសន្និសីទកាសែតមួយនៅថ្ងៃព្រហស្បតិ៍នេះថា ភាគីទាំងពីរនៅតែ «រក្សាទំនាក់ទំនងជិតស្និទ្ធ» ជាមួយគ្នា។
ប៉ុន្តែលោកបានបន្ថែមថា៖ «ប្រសិនបើភាគីទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងដំណាក់កាលពីមួយ ពន្ធគយគួរតែត្រូវបានកាត់បន្ថយទៅតាមនោះដែរ»។
កាលពីថ្ងៃអង្គារ លោក Trump ហាក់ដូចជាបង្អាក់ដល់ក្ដីសង្ឃឹមក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនេះនៅក្នុងខែនេះ ដោយលោកបានស្នើថា លោកពេញចិត្តឲ្យរង់ចាំរហូតដល់ក្រោយពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំក្រោយបញ្ចប់សិន មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយចិន។
ប្រទេសចិនបានគាំទ្រការលើកឡើងរបស់លោក Trump នេះ កាលពីថ្ងៃពុធម្សិលមិញ ដោយបញ្ជាក់ថា ពួកគេ «នឹងមិនកំណត់កាលបរិច្ឆេទកំណត់ណាមួយ» សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ។
ប្រទេសទាំងពីរមានជម្លោះពាណិជ្ជកម្មជាមួយគ្នាអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយបានដំឡើងពន្ធគយលើទំនិញគ្នាទៅវិញទៅមកដែលមានទឹកប្រាក់ប្រហែលរាប់រយពាន់លានដុល្លារអាមេរិក៕