ជុំថ្មីបំផុតនៃកិច្ចចរចាពាណិជ្ជកម្មរវាងពួកអ្នកធ្វើការចរចាស.រ.អា និងចិនបានបញ្ចប់ក្នុងក្រុង Shanghai កាលពីថ្ងៃពុធដោយមានការព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នាទៀតក្នុងខែកញ្ញាក្នុងស.រ.អា។
សេតវិមានបានហៅកិច្ចចរចាគ្នានេះថាមាន «ភាពស្ថាបនា» ហើយបាននិយាយថា «ការផ្ទេរបច្ចេកវិទ្យាដោយត្រូវបង្ខំ កម្មសិទ្ធិបញ្ញា សេវាកម្ម ការមិនដកពន្ធគយនិងកសិកម្ម ឋិតនៅក្នុងចំណោមបញ្ហានានាដែលពួកអ្នកធ្វើការចរចាបានពិភាក្សាគ្នា»។
សេតវិមានបាននិយាយថា «ភាគីចិនបានបញ្ជាក់អំពីការសន្យារបស់ខ្លួនថា នឹងបង្កើនការទិញផលិតផលកសិកម្មស.រ.អា ដែលដឹកជញ្ជូនទៅលក់ឯក្រៅប្រទេស»។សេចក្តីថ្លែងការណ៍នេះក៏បាននិយាយដែរថាស.រ.អារំពឹងថា «កិច្ចចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមានធ្វើតទៅទៀតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅដើមខែកញ្ញា»។
ទីភ្នាក់ងារព័ត៌មាន Xinhua ជាផ្លូវការនៃប្រទេសចិនបានរាយការណ៍ថា កិច្ចចរចាគ្នានេះ «មានភាពស្មោះត្រង់ ប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការស្ថាបនាថែមទៀតផង» ហើយថា ក្រុមអ្នកធ្វើការចរចាបានពិភាក្សាគ្នាអំពី «បញ្ហាប្រទេសចិនបង្កើនការទិញកសិផលអាមេរិក»។
ក្រុមអ្នកតំណាងស.រ.អា និងចិនបានធ្វើការចរចាគ្នានៅក្នុងពិធីជប់លៀងអាហារពេលយប់ធ្វើការងារកាលពីថ្ងៃអង្គារនិងបានធ្វើចរចាគ្នាបួនម៉ោងថែមទៀតកាលពីថ្ងៃពុធ នៅមុនពេលគណៈប្រតិភូស.រ.អាបានចាកចេញពីកន្លែងប្រជុំគ្នាទៅកាន់អាកាសយានដ្ឋានជាបន្ទាន់នៅក្រោយកិច្ចចរចាគ្នានោះ។
ក្នុងរយៈពេលខ្លីក្រោយពួកអ្នកធ្វើការចរចាស.រ.អាបានទៅដល់ក្រុង Shanghai កាលពីថ្ងៃអង្គារ ប្រធានាធិបតីស.រ.អ. Donald Trump បានព្រមានប្រទេសចិនប្រឆាំងនឹងការចរចាឱ្យមានកិច្ចព្រមព្រៀងមួយនៅក្រោយការបោះឆ្នោតប្រធានាធិបតីស.រ.អាក្នុងឆ្នា២០២០ ដោយលោកបានប្រកាសថា កិច្ចព្រមព្រៀងមួយដែលបានត្រូវពន្យាពេលអាចមានការទាក់ទាញចិត្តតិចជាងកិច្ចព្រមព្រៀងមួយដែលត្រូវសម្រេចក្នុងពេលឆាប់ៗនេះ៕