លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ប្រចាំប្រទេសកម្ពុជា បានរៀបចំ ទទួលអាហារថ្ងៃត្រង់ ជូនឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅកម្ពុជា នៅនិវាសដ្ឋានរបស់ លោកកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពេលលោកបានថ្វាយសារតាំងជូនព្រះមហាក្សត្រ ខ្មែរ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាលើកដំបូងកាលពីថ្ងៃទី២៣ តុលា នៅមុនពេលក្រុមមេដឹកនាំអាស៊ានចូលរួមកិច្ច ប្រជុំកំពូលអាស៊ានប្តូរវេនប្រចាំឆ្នាំនិងកិច្ចប្រជុំអាស៊ីបូព៌ាក្នុងទីក្រុងបាងកកប្រទេសថៃ នៅដើមខែវិច្ឆិកាខាងមុខ។
គេមិនបានឃើញការបញ្ជាក់ថាឯកអគ្គរដ្ឋទូតប្រទេសណា ខ្លះរបស់អាស៊ានដែលចូលរួមនោះទេតែនៅក្នុងសារ លោក Patrick Murphy លើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូត លោកបានបញ្ជាកថា៖ «ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ ខ្ញុំរង់ចាំដោយរីករាយ នូវកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូល អាមេរិក អាស៊ាន នៅទីក្រុងបាងកក»។
ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយនឹងទាំងលោក Patrick Murphy មិនបាន លើកឡើងនៅលើសារហ្វេសប៊ុកថាលោកបានពិភាក្សាអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យ កម្ពុជាដែលគេទន្ទឹងរង់ចាំ ហើយដែលប្រទេសទាំងពីរមានភាពល្អក់កករក្នុងទំនាក់ ទំនងការទូតខ្លះថ្មីៗនេះនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងឯកអគ្គរដ្ឋទូតអាមេរិកបានបង្ហាញពីការបន្ត ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិក ក្រៅពីការជំរុញដល់ឯកអគ្គរដ្ឋទូតអាមេរិក ឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការកម្រិតអន្តរជាតិ ជា ពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខណ្ឌអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ ជាពិសេសនៅពេលដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ។
«ទាក់ទងទៅនឹងទំនាក់ទំនងនេះផងដែរ នៅឆ្នាំក្រោយនេះគឺជាខួបទី៧០ នៃទំនាក់ ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះកម្ពុជា និងទូតអាមេរិក នឹងសហការគ្នាក្នុងការ ធ្វើកម្មវិធីមួយចំនួននៅខួបនៃទំនាក់ទំនងនេះ»។
ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអាស៊ាននិងអាមេរិកមិនទាន់ឈានដល់កម្រិត យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទេ ក្នុងរដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមិនអើពើចំពោះតំបន់អាស៊ានដែលមានពលរដ្ឋជាង៦៥០លាននាក់ និង ជាទីផ្សារដ៏ធំ សម្រាប់អាមេរិក ដែលចិនបានច្បាមយកឥទ្ធិពលយ៉ាងខ្លាំងក្លានេះ។