ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល និង​បញ្ញវន្ត​លើក​ពី​បញ្ហា​សង្គម​និង​នយោបាយ​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​រំឭក​ពី​ប្រវត្តិ​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ស្រប​ពេល​ដែល​រដ្ឋាភិបាល​ស្ងប់ស្ងាត់​ចំពោះ​ខួប​២៨​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​​​កម្ពុជា​មួយ​ចំនួន​​​បាន​រៀប​ចំ​ពិធី​មួយ​ដើម្បី​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​នេះ។

ការ​ប្រឈម​មុខ​ខាង​នយោបាយ​ដែល​មិន​ទាន់​បញ្ចប់​ អយុត្តិធម៌​សង្គម​ដែល​នៅតែ​កើតមាន​ ​កង្វះ​ការ​គោរពច្បាប់​ និង​ការ​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ពី​រឿង​នយោបាយ​នេះ​គឺ​ជា​ការ​លើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ តំណាង​ជនរងគ្រោះដោយ​ជម្លោះដីធ្លី​ និង​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅ​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​២៨​ឆ្នាំ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ តុលា​ ឆ្នាំ​១៩៩១។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មាន​គោលបំណង​សំខាន់​មួយ​ គឺ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ មាន​ការ​គោរព​សិទ្ធិមនុស្ស​ និង​រារាំង​មិន​ឲ្យ​មានការ​ប្រព្រឹត្ត​ឡើងវិញ​នូវ​ការ​រំលោភ​សិទ្ធិ​នានា​ដែល​ធ្លាប់​កើត​មាន​កាលពី​អតីតកាល។ កិច្ចព្រមព្រៀង​នេះ​ ក៏​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ មានការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ ដោយ​ការ​គោរព​ច្បាប់​និង​ដោយ​ឈរ​លើ​គោលការណ៍​អព្យាក្រឹត។

ក្រុម​ពលរដ្ឋ​ជាង​ប្រាំរយ​នាក់​ចូលរួម​ពិធី​រំឭក​ខួប​លើក​ទី​២៨ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រៀបចំ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែ​ តុលា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
ក្រុម​ពលរដ្ឋ​ជាង​ប្រាំរយ​នាក់​ចូលរួម​ពិធី​រំឭក​ខួប​លើក​ទី​២៨ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រៀបចំ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែ​ តុលា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

លោក​បណ្ឌិត​ប៉ា ចន្ទរឿន​ ប្រធាន​មជ្ឈមណ្ឌល​ទស្សន​វិជ្ជា​អនុវត្តន៍​ និង​សីលធម៌​នៅ​កម្ពុជា​លើក​ឡើង​ពី​ស្ថានភាព​សង្គម​ និង​នយោបាយ​កម្ពុជា​ ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​២៨ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រៀបចំ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែ​ តុលា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

​មាន​អ្នក​ចូល​រួម​ប្រហែល១០០០​នាក់​ក្នុង​ពិធី​រំលឹក​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ទី​លាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បណ្ឌិត ប៉ា ចន្ទរឿន​ ប្រធាន​មជ្ឈមណ្ឌល​ទស្សន​វិជ្ជា​អនុវត្តន៍​ និង​សីលធម៌​នៅ​កម្ពុជា​មាន​ប្រសាសន៍ ក្នុង​ពិធី​នេះ​ថា​ កម្ពុជា​កំពុង​ដើរ​ឆ្ងាយ​ពី​ការ​ចង្អុល​បង្ហាញ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​មើល​ទៅ​លើ​ការ​ប្រើ​ប្រាស់​សិទ្ធិ​នយោបាយ​ និង​អំពើ​អយុត្តិធម៌​សង្គម​នានា។

លោក​កត់​សម្គាល់​ថា ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​បាន​បន្ត​ឃ្លាត​ឆ្ងាយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ ដោយសារ​មាន​កើត​ឡើង​ជម្លោះ​នយោបាយ​ជាថ្មី​ទៀតរវាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​ ជាមួយ​គ្នា​នេះ ការ​អភិវឌ្ឍ​ជា​ច្រើន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស។

«​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ មិន​អាច​នៅ​គង់វង្ស​ទេ បើ​សិន​បើ​ការ​អភិវឌ្ឍ​នោះ​ អត់​មាន​យុត្តិធម៌​ អត់​មាន​យុត្តិធម៌​ជា​ស្នូល​ ហើយ​សង្គម​យើង​កំពុង​តែ​ខ្វះ​ កំពុងតែ​ខ្វះ​យុត្តិធម៌»។

កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​បាន​ធ្វើឡើង​កាល​ពី​២៨​ឆ្នាំមុន​ មាន​ប្រទេស​ចំនួន​១៨​ ជា​ហត្ថលេខី​ ក្នុង​នោះ​មាន​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ប្រទេស​ក្នុង​តំបន់​អាស៊ី ដូចជា​ថៃ ឥណ្ឌូណេស៊ី​ជាដើម។ ​ ប្រទេស​កម្ពុជា​ តាម​កិច្ច​ព្រមព្រៀង​នេះ ផ្ដល់​ការ​សន្យា​ថា​ នឹង​បើក​ទូលាយ​ឲ្យ​មាន​សេរីភាព​ខាង​នយោបាយ​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​ការ​គោរព​សិទ្ធិមនុស្ស។

កញ្ញា ឆែម ធីតា វ័យ​ ២១​ ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​បួន​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ហៅ​កាត់​ថា​ (RULE) មើល​ឃើញ​ពី​ការអនុវត្ត​ច្បាប់​ដែល​នៅ​ទន់ខ្សោយ​ ក្រោយ​២៨​ឆ្នាំ​នៃ​ការ​សម្រេច​បាន​របស់​កម្ពុជា​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

«ដូច​យើង​បាន​ដឹង​ចឹង​ គឺ​ច្បាប់​របស់​យើង​ យើង​មាន ​ប៉ុន្តែ​ការ​អនុវត្តន៍​របស់​យើង​គឺ​នៅ​ខ្វះខាត​ច្រើន​...ចំណុច​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ ប្រជាជន​យើង​ក៏​គាត់​អត់​ពេញ​ចិត្ត​ ក៏​គាត់​រស់​នៅ​ដោយ​ជួប​ភាព​ពិបាក​ច្រើន។ អ៊ីចឹង​ណាស់​ ភាព​អយុត្តិធម៌​ ឬ​ក៏​អី​ហ្នឹង​ ដែល​ខ្ញុំ​បាន​ឃើញ»។

ចំណែក​ពលរដ្ឋ​ដែល​តំណាង​ឲ្យ​កសិករ​ ដែល​រង​ការយាយី​ផ្នែក​សិទ្ធិ​កាន់​កាប់​ដីធ្លី​ ​បាន​ឆ្លៀត​យក​ឱកាស​នេះ ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ក្នុង​ជម្លោះ​ដីធ្លី​ ដោយ​មាន​ការ​ចាប់​ចង​ក្រុម​អ្នក​តវ៉ា ក្នុង​ជម្លោះ​ដី​ធ្លី​ជាដើម។

​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​កម្ពុជា​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​ពិធី​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថា​រដ្ឋាភិបាល​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ផង​ដែរ​ តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ជា​ច្រើន​ដង។

លោកMichael Newbill (ឈរ​នៅ​កណ្តាល) អនុ​ប្រធាន​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ចូលរួម​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ពិធី​រំឭក​ខួប​លើក​ទី​២៨ នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រៀបចំ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែ​ តុលា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

​ក្នុង​ការ​ជួប​ជុំ​នោះ​ ក៏​មាន​ការ​ចូលរួម​ពី​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ គឺ​លោក​Michael Newbill ដែល​ជា​អនុប្រធាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា។ លោក Michael Newbill ​មិន​ផ្ដល់​ការ​អធិប្បាយ​ ក្នុង​ពេល​លោក​ចូល​រួមការ​ជួបជុំ​នេះ​ទេ។

ដោយឡែក​ស្ថានទូត​សហរដ្ឋអាមេរិក​ បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​សរសេរ​ថា«ថ្ងៃ​នេះ​ប្រទេស​កម្ពុជា​រំឭក​ដល់​ការ​ប្ដេជ្ញា​ចិត្ត​កាល​ពី​ឆ្នាំ ១៩៩១ ចំពោះ​ពលរដ្ឋ​របស់​ខ្លួន ក្នុង​ការ​ការពារ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​គេ​ ធ្វើ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ និង​ធានា​អធិបតេយ្យភាព​របស់​ខ្លួន»។

ទោះ​យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ​២០១៧​ បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣​តុលា​នេះ​ថា​ «​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ និង​ការបោះឆ្នោត​ក្លែងក្លាយ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ដោយ​បន្សល់​ទុក​នូវ​ការ​បែកបាក់​ជាតិ»។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ លើកឡើង​ថា​លោក​នឹង​មិន​ធ្វើ​ការ​បក​ស្រាយ​ណា​មួយ​លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ទេ៕

XS
SM
MD
LG