ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន និង​លោក ​សម រង្ស៉ី​ បញ្ចេញ​សារ​ហ្វេសប៊ុក​ផ្ទុយគ្នា​ចំ​ខួប​លើក​ទី​២៨ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព


រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង)​ មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)
រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង)​ មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)

មេដឹកនាំ​នយោបាយ​កម្ពុជា​លោក​ហ៊ុន សែន ​និង ​លោក ​សម រង្ស៉ី​ បញ្ចេញ​សារ​ផ្សេង គ្នា​លើ​ទំព័រ​ហ្វេសប៊ុក​ នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​២៨ ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស។

ក្រុម​មេដឹកនាំ​នយោបាយ​កម្ពុជា​កំពូលៗ​បញ្ចេញ​សារ​ផ្ទុយគ្នា​លើ​គេហទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​ តុលា។

សារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​លើ​គេហទំព័រ​ហ្វេសប៊ុក ​ដែល​មាន​អ្នក​ចូល​មើល​ជាង​១២លាន​នាក់​នោះ​ ផ្តោត​ទៅ​លើ​ប្រវត្តិ​នៃកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​លោក និង​សម្តេចឪ ​ព្រះ​បរមរតន​កោដ​បាន​ចរចា​គ្នា​មុន​កើត​ចេញ​ជា​កិច្ចព្រមព្រៀង​ទីក្រុង ប៉ារីស​ ដើម្បី​ចាប់ផ្តើម​បញ្ចប់​សង្គ្រាម​ស៊ីវិល​រវាង​ភាគី​ខ្មែរ​ទាំងបួន​នៅ​កម្ពុជា​ គឺ​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ចលនា​តស៊ូ​ហ៊្វុនស៊ីនប៉ិច​ រណសិរ្សជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ស្នាដៃ​របស់​លោក​បន្ថែម​ចំពោះ​ការ​បន្ត​បញ្ចប់​សង្គ្រាម​ដោយ​ខ្លួន​លោក​ផ្ទាល់​នៅ​ឆ្នាំ​១៩៩៨ ​និង​ការ​បង្ហាញ​ពី​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​អគ្គរដ្ឋទូត ​អគ្គរាជទូត​ថ្មី​ប្រទេស មហា​អំណាច​ធំៗ​ចំនួន​៣​ប្រចាំ​នៅ​កម្ពុជា​ គឺ​មក​ពី​ប្រទេស​អាមេរិក​មាន​លោក W.Patrick Murphy ​ប្រទេស​អាល្លឺម៉ង់ ​គឺលោក ​Christian Berger ​និង​ឯក​អគ្គរដ្ឋទូត អាល្លឺម៉ង់ ​ហើយនឹង​ប្រទេស​ជប៉ុន​គឺ​លោក​ឯកអគ្គរាជទូត​ Masahiro Mikami​ ចំ​ថ្ងៃ ​២៣ តុលា ​ដែល​ជា​ថ្ងៃ​កម្ពុជា​ចាប់ផ្តើម​ទទួល​បាន​សន្តិភាព​កាលពី​២៨​ ឆ្នាំមុន​ ហើយ​ដែល​អន្តរ​ជាតិ​និង​មហា​អំណាច ​អង្គការ​សហ​ប្រជាជាតិ​បាន​ជួយ​ជ្រោមជ្រែង​នៅ​ពេល​នោះ ហើយ​ក៏ជា​ជំនួប​ដែល​កើត​ឡើង​មុន​ពេល​លោក ​សម រង្ស៉ី​ ប្រកាស​វិលចូល​មក​កម្ពុជា វិញ​និង​នៅ​ពេល​លោក ​កឹម សុខា​ កំពុង​ជាប់​ពន្ធធនាគារ​ផងដែរ។

ដោយ​ឡែកសារ​លោក​ សម រង្ស៉ី​មេដឹកនាំ​ក្រុមជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​ ហើយ បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​លោក ​ដែលមាន​អ្នកចូល​មើល​ជិត៥លាន​នាក់​នោះ ​បាន​ផ្តោត​ទៅលើ​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក​នៅ​ថ្ងៃ​បុណ្យ ឯករាជ្យ​ជាតិ​ដែល​ជាស្នារ​ព្រះហស្ថ​របស់​សម្តេឪ​កាលពី​ឆ្នាំ១៩៥៣​ ដើម្បី​កែទម្រង់ ប្រទេស​កម្ពុជា ​បង្កើន​ជីវភាព​ពលរដ្ឋ​ និង ​អំពាវនាវ​ដល់​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​រួមទាំង​ថៃ​ដើម្បី​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ជាមួយ​លោក​ នៅថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ​ជាដើម។


«ខ្ញុំសូម​អំពាវនាវ​ឲ្យ​បងប្អូន​និង​កូនក្មួយ​ដែល​រស់នៅ​ប្រទេស​ថៃ​ដែល​មាន​ចំនួន ២លាន​នាក់ ​អាចច្រើន​ជាង​២លាន​នាក់ផង​ សូមបង​ប្អូន ​កូនក្មួយ​ មករួម​ដំណើរ ជាមួយ​ខ្ញុំ ​និង​ជាមួយ​ថ្នាក់ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ‍ ​យើង​វិលត្រឡប់​ទៅ​ស្រុក យើង​វិញ​ យើង​ទៅផ្ទះ​យើងវិញ ​យើង​ទៅយក​ស្រុក​យើង​វិញ ​យើង​ត្រូវតែ​រៀបចំ ប្រទេស​យើងវិញ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ»។

មេដឹកនាំ​នយោបាយ​ម្នាក់​ទៀត​គឺលោក ​កឹម សុខា​ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅបន្ត រក្សា​ភាព​ស្ងៀម​ស្ងាត់ ​ដោយ​គេមិន​បាន​ឃើញ​លោក ​បង្ហោះសារ​អ្វី​នៅលើ​ទំព័រ ហ្វេសប៊ុក ​របស់​លោក​ ដែល​មាន​អ្នកចូល​មើល​ជាង​១លាន​២សែន​នាក់នោះ​ទេ ​តែ កូនស្រី​របស់​លោក​ គឺ​កញ្ញា​ កឹម មនោវិទ្យា ​បាន​បញ្ជាក់​ប្រាប់​ VOA ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ថា​គោល​នយោបាយ​របស់​លោក​ កឹម សុខា ​គឺ​ប្រកាន់​ជំហរ​អហិង្សា ​និង ​ការផ្សះផ្សារ​ជាតិ​ដើម្បី​ជោគជ័យ​ខ្មែរ​ទាំង​អស់គ្នា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG