ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​​ មិន​បកស្រាយ​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ​


រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពិធីអបអរខួប៦៨ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ប្រតិ​កម្ម​តប​ទៅ​នឹង​​ការ​បក​ស្រាយ​​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្តន៍​​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដោយ​លោក​​អះអាង​ថា​ ខ្លឹម​សារ​មួយ​ចំនួន​របស់​កិច្ច​ព្រមព្រៀង​នេះ​ បាន​ក្លាយ​ជា​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ទៅ​ហើយ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​វិភាគ​និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​លើក​ឡើង​ថា ​កម្ពុជា​​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​ពេញ​លេញ​នូវ​ខ្លឹម​សារ​ក្នុង​កិច្ច​ព្រម​ព្រាង​​​ឆ្នាំ​១៩៩១​នេះ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ ​ប្រកាស​ថា​លោក​នឹង​មិន​ធ្វើ​ការ​បក​ស្រាយ​ណាមួយលើ​ខ្លឹម​សារ​និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រាង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ ស្រប​ពេល​ដែល​អ្នក​វិភាគ​និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្សវាយ​តម្លៃ​ថា​កម្ពុជា​បរាជ័យ​ក្នុង​ការអនុវត្ត​ពេញ​លេញនូវ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ។

សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​នឹង​ខួប​២៨​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

អ្នក​វិភាគ​និង​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​លើកឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​វីអូអេ កាល​ចុង​សប្ដាហ៍​មុន​ថា​ជិត​៣០​ឆ្នាំ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​នេះ ​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ការ​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​លោក​នឹង​មិន​ធ្វើ​ការ​បក​ស្រាយ​លើ​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ទេ។

«ខ្ញុំ​អត់​និយាយ​ទេ កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ទុក​ឲ្យ​គេ​បក​ស្រាយ​ទៅ»។

លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បន្ថែម​ថា​ក្នុង​ពេល​នេះ​កម្ពុជា​ត្រូវ​អនុវត្ត​តាម​ខ្លឹម​សារ​នៃ​រដ្ឋ​ធម្មនុញ្ញ​ដោយ​ហេតុ​ថា​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ត្រូវ​បានបញ្ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

«តម្លៃ​កិច្ច​ព្រមព្រៀង​ស្អីៗៗ ចុះ​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​ទៅ​ណា​បាត់? ពេលវេលា​នេះ​ជា​ពេលវេលា​ត្រូវ​អនុវត្ត​តាម​ក្រប​ខណ្ឌ​នៃ​រដ្ឋ​ធម្មនុញ្ញ។​ ចាំ​មើល​ឲ្យ​គេ​ចេញ​មក​បក​(ស្រាយ)​ទៅ»។

នៅ​ត្រង់​ចំណុច​ក នៃ​មាត្រា​១៥ ​របស់​កិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣​តុលា ឆ្នាំ ១៩៩១ ចែងថាកម្ពុជាធានា​ដល់​ការ​គោរព​និង​ប្រតិបត្តិ​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ រួម​ទាំង​គាំទ្រ​«​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ដែល​ជំរុញ និង​ការពារ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន» ដើម្បី​ធានា​ថា​ នយោបាយ​ និង​អំពើ​ប្រព្រឹត្ត​ក្នុង​អតីត​កាល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​វិញ​ដាច់​ខាត​ និង​ចូលរួម​កិច្ច​ព្រមព្រៀង​ជា​អន្តរជាតិ​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​ដល់​សិទ្ធិមនុស្ស​។

លោក ​ហ៊ុន សែន បាន​បន្ថែម​ការ​អធិប្បាយ​ថា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​បានចែង​ឲ្យ​មាន​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​នោះ​ទេ ហើយ​កម្ពុជា​បាន​អនុវត្ត​លើស​ពី​កិច្ច​ព្រមព្រៀង​នេះ​ចែង​ទៅទៀត។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នកវិភាគ​នយោបាយ​ប្រាប់ VOA​ថា​ កម្ពុជា​បាន​បរាជ័យ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ ដោយ​ហេតុ​ថា​ ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេលនេះ​ មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នៅ​ឡើយ។

លោក​បន្ថែម​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅតែ​មាន​សុពល​ភាព​ដដែល​ ដរាប​ណា​កម្ពុជា​នៅ​មិន​ទាន់​ប្រកាស​ថា​ ខ្លួន​ឈប់​ត្រូវ​ការ​កិច្ចព្រមព្រៀង​នេះ​នោះ​ទេ។

«ប្រកាស​ប្រាប់​គេ​ថា​ ឥឡូវ​នេះ​គឺ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​គឺ​វា​ចប់​សព្វគ្រប់​ហើយ​បាទ។ លែង​មាន​សុពលភាព​ទៀត​ហើយ​នៅ​ប្រទេស​កម្ពុជា​ គឺ​ប្រទេស​កម្ពុជា​លែង​ជាប់​ជំពាក់​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៀត​ហើយ​បាទ»។

មាន​ប្រទេស​ហត្ថលេខី​ក្នុង​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ចំនួន​១៨​ប្រទេស។ ប្រទេស​ទាំង​នេះ​មាន​កាតព្វកិច្ច​ជួយ​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​ការ​គោរព​ និង​ប្រតិបត្តិ​តាម​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​កម្ពុជា​ «ដើម្បី​ជា​ពិសេស​ការពារ​ទប់​ទល់​នឹង​ការ​កកើត​ឡើង​វិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាថ្មី​ទៀត»។

ប៉ុន្តែ​នៅ​មុន​ការ​មក​ដល់​នៃ​ខួប​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ២៣​ តុលា​ សកម្មភាព​បង្ក្រាប​លើ​សកម្មជន និង​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​បាន​រីក​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង។ រហូត​មក​ដល់​ពេល​នេះ​ មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើស​ពី​៥០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ​ភាគ​ច្រើន​ក្នុង​ចំណោម​ជន​ដែល​ត្រូវ​ចាប់​ខ្លួន ​ត្រូវ​ជាប់​ចោទ​ថា​បាន«​រួម​គំនិត​ក្បត់»​ជាមួយ​លោក​សម រង្ស៊ី ខណៈ​ដែល​ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ប្រកាស​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា ខាងមុខ បន្ទាប់​ពី​ស្ថិត​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ប្រាំ​ឆ្នាំ៕

XS
SM
MD
LG