ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ លើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្តដែលព្រះរាជអាជ្ញាក្នុងសវនាការកាត់ទោសលោក កឹម សុខា បានបំភ្លៃភស្តុតាងចោទប្រកាន់ថា សហរដ្ឋអាមេរិកមានពាក់ព័ន្ធនឹងសំណុំរឿងនេះ។
លោក Patrick Murphy លើកឡើងបែបនេះ ក្រោយបានចូលរួមជាលើកដំបូងស្តាប់សវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ដែលជាសវនាការថ្ងៃទី១៦ នៃសប្តាហ៍ទី៨ ពាក់ព័ន្ធនឹងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលមានការចោទថា លោក កឹម សុខា បានឃុបឃិតជាមួយបរទេស រៀបគម្រោងផ្តួលរំលំរដ្ឋាភិបាល។
បន្ទាប់ពីចំណាយពេល ១៥នាទី នៅក្នុងសវនាការ លោក Patrick Murphy បានចេញពីបន្ទប់សវនាការ និងនិយាយទៅកាន់អ្នកសារព័ត៌មាននៅផ្លូវម្ខាងខាងមុខតុលាការ ក្រោយពីសមត្ថកិច្ចតុលាការហាមមិនឲ្យឈរនៅខាងមុខរបងតុលាការ។
លោក Patrick Murphy ថ្លែងថា សហរដ្ឋអាមេរិកកំពុងតាមដានសវនាការកាត់ក្តីលោក កឹម សុខា យ៉ាងដិតដល់ ដោយមានបុគ្គលិកស្ថានទូតបានចូលរួមគ្រប់ថ្ងៃនៃដំណើរការសវនាការនេះ។ លោកបន្តថា ដំណើរការសវនាការនេះអាចមានមានផលវិបាកទៅលើនីតិរដ្ឋ និងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់នៅកម្ពុជា និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។
លោក Patrick Murphy បន្ថែមថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយសារមានការប្រឌិតរឿងចោទសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសំណុំរឿងលោកកឹម សុខា។
«យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក។ ការណ៍ពិតគឺសហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ពាន់លានដុល្លា រដល់ប្រទេសកម្ពុជាក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។
លោកក៏បានបន្ថែមថា សហរដ្ឋអាមេរិកគាំទ្រគណបក្សនយោបាយទាំងអស់ ហើយថា សហរដ្ឋអាមេរិកតែងប្រកាសថា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា និងតែងគោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ លោកក៏បានបន្ថែមថា ពិភពលោកស្គាល់កេរ្តិ៍ឈ្មោះលោក កឹម សុខា តាមរយៈការងារលើកតម្កើងសិទ្ធិមនុស្សរបស់លោក។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយមុនការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេសក្នុងគម្រោងមួយដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហៅថា«ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល» ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ទាំងលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធការចោទប្រកាន់នេះ។
ក្រោយការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានមួយឆ្លើយតបនឹងការលើកឡើងនោះ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា៖
«ព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយឡើយ ព្រះរាជអាជ្ញាបានចោទប្រកាន់តែទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំគ្រប់គ្រាន់ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់ VOA ថា សវនាការលើលោក កឹម សុខា គឺសម្រេចលើការអនុវត្តរបស់លោក កឹម សុខា តែមិនពាក់ព័ន្ធនឹងការមានកេរ្តិ៍ឈ្មោះ ឬអត់នោះទេ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា និងតុលាការមិនដែលចោទថាសហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា នោះទេ។
«មកដល់ពេលនេះមិនទាន់មានស្ថាប័នណាសម្រេចថា តើអាមេរិកពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនោះទេ។ វាស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ។ ហើយរដ្ឋាភិបាលក៏មិនដែលលើក ក៏មិនដែលចោទអាមេរិកនៅពីក្រោយសំណុំរឿង និងពាក់ព័ន្ធនឹងសំណុំរឿងនោះដែរ។ គឺលោក កឹម សុខា ខ្លួនឯងដែលបញ្ជាក់ខ្លួនឯង ហើយមានឯកសារនៅក្នុងសំណុំរឿង»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានយកទៅដាក់ក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ។ តុលាការបានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌនៃការឃុំខ្លួនលោក កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយអនុញ្ញាតឲ្យនៅផ្ទះមួយរយៈ។ បច្ចុប្បន្ន លោកមិនត្រូវបានអនុញ្ញាតឲ្យធ្វើនយោបាយ និងធ្វើដំណើរទៅក្រៅប្រទេសនោះទេ។
នៅសវនាការកាត់ទោសលោក កឹម សុខា រៀងរាល់សប្តាហ៍មានមន្រ្តីស្ថានទូតមួយចំនួន ដូចជាមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត អូស្រ្តាលី ជប៉ុន សហគមន៍អឺរ៉ុបនិងអង្គការសហប្រជាជាតិ ចូលរួម និងឃ្លាំមើល។
ក្នុងសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តំណាងអយ្យការស្នើឲ្យចាក់វីដេអូដែលជាដំណើរទស្សនកិច្ចរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ទៅកាន់ប្រទេសហ្វាំងឡង់ កាលពីខែមករា ឆ្នាំ២០១៣។ វីដេអូនោះបង្ហាញពីការថ្លែងរបស់លោក សម រង្ស៊ី ភ្ជាប់ជាមួយការអះអាងថា ជាភស្តុតាងបង្ហាញពីការប្រើហិង្សារបស់លោកសម រង្ស៊ី។
មេធាវីការពារក្តីឲ្យលោក កឹម សុខា បាននិយាយថា សុន្ទរកថារបស់លោក សម រង្ស៊ី គឺជាការថ្លែងរបស់លោក សម រង្ស៊ី ខុសពីសារនយោបាយ ឬកម្មវិធីនយោបាយដែលឆ្លុះបញ្ចាំងពីជំហរគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ដែលឈរក្នុងរង្វង់ក្រចកសេះដូចសព្វដង ក៏បានថ្លែងថា ការថ្លែងរបស់លោក សម រង្ស៊ី ក្នុងវីដេអូនោះជាសាររបស់បុគ្គលផ្ទាល់ខ្លួន ដែលត្រូវមានការទទួលខុសត្រូវរបស់បុគ្គល។ ចំណែកសារនយោបាយរបស់គណបក្សដែលត្រូវបានអនុម័តដោយគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្ស ទើបជាការទទួលខុសត្រូវរបស់គណបក្ស។
លោក កឹម សុខា ក៏បានបន្ថែមក្នុងអំឡុងឆ្លើយសំណួរក្នុងសវនាការថា លោកសប្បាយចិត្តដែលបានមកតុលាការដើម្បីបញ្ជាក់អំពីការណ៍ពិត។ លោកបញ្ជាក់ថា ការណ៍ពិតនោះគឺសំដៅលើការដែលលោកចាប់ផ្តើមសម្រេចបង្កើតគណបក្សសង្គ្រោះជាតិដោយឈរលើគោលការណ៍អហិង្សាដើម្បីឈានទៅរកការបោះឆ្នោត។
ក្រោយការបញ្ចប់ការដេញដោលអង្គហេតុថ្មីពាក់ព័ន្ធនឹងសកម្មភាពមុនការបោះឆ្នោត អំឡុង និងក្រោយការប្រកាសលទ្ធផលបោះឆ្នោត ចៅក្រមលោក កូយ សៅ បានសម្រេចបិទសវនាការ និងប្រកាសបន្តសវនាការទៅថ្ងៃទី២៥ និង២៦ ខែមីនាខាងមុខ៕