ក្នុងសវនាសប្តាហ៍ទី៨ នៃសំណុំរឿងលោក កឹម សុខា ចៅក្រមសម្រេចទទួលយកភស្តុតាងចំនួន៨ដែលដាក់ដោយតំណាងអយ្យការក្នុងដំណាក់កាលជំនុំជម្រះ។
នៅថ្ងៃពុធនេះ គឺជាសប្តាហ៍ទី៨ នៃសវនាការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ឬស្មើនឹងបទក្បត់ជាតិ។ ក្នុងសវនាការព្រឹកនេះមានការបន្តដេញដោលអំពីភស្តុតាងចំនួន៨ ដែលដាក់ដោយតំណាងអយ្យការកាលពីពីរសប្តាហ៍មុន។
ក្រុមប្រឹក្សាអង្គជំនុំជម្រះបានចំណាយពេលពេញមួយព្រឹកថ្ងៃពុធដើម្បីស្តាប់អំណះអំណាងថា តើក្រមនីតិវិធីព្រហ្មទណ្ឌអនុញ្ញាតឱ្យព្រះរាជអាជ្ញាបញ្ជូលភស្តុតាងថ្មីក្នុងអំឡុងពេលជំនុំជម្រះក្តី ឬយ៉ាងណា។
ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានអះអាងថា អយ្យការត្រូវបានអនុញ្ញាតឱ្យបញ្ជូលភស្តុតាងតែនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតប៉ុណ្ណោះ មិនមែនក្នុងពេលជំនុំជម្រះនោះទេ ខណៈដែលតំណាងអយ្យការ និងមេធាវីរដ្ឋាភិបាលបានអះអាងថា ភស្តុតាងអាចត្រូវបានដាក់ដោយគ្រប់ភាគីនៅពេលណាមួយក្នុងពេលជំនុំជម្រះ។
លោក អាង ឧត្តម មេធាវីមួយរូបការពារក្តីឲ្យលោក កឹម សុខា បានលើកពីដីកាសន្និដ្ឋានស្ថាពរដែលបញ្ជូនរឿងឲ្យជម្រះដោយតំណាងអយ្យការដែលបានចេញនៅចុងបញ្ចប់នៃរយៈពេលនៃការស៊ើបអង្កេត ហើយដែលបានបញ្ជាក់ថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីរកឃើញថា លោក កឹម សុខា មានពិរុទ្ធភាព និងបញ្ជូនរឿងទៅជម្រះបាន។ លោកបន្ថែមថា ប្រសិនបើចៅក្រមយល់ព្រមទទួលយកភស្តុតាងថ្មីនេះបង្ហាញថា ភស្តុតាងដែលមានស្រាប់នៅមិនគ្រប់គ្រាន់ដើម្បីរកឃើញថាកូនក្តីរបស់លោកមានពិរុទ្ធ។
លោក អាង ឧត្តម លើកឡើងថា៖«ទោះទទួលយក ឬច្រានចោល គឺមានន័យថា ភស្តុតាងអត់គ្រប់ ហើយធ្លាក់ចូលវិមតិសង្ស័យ អញ្ចឹងត្រូវបានប្រយោជន៍លើជនជាប់ចោទ»។
មេធាវីការពារក្តីឲ្យលោក កឹម សុខា ម្នាក់ទៀតគឺលោក ចាន់ ចេន បានបន្ថែមថា ការទទួលយកភស្តុតាងដែលដាក់ដោយតំណាងអយ្យការក្នុងដំណាក់កាលជំនុំជម្រះនេះគឺខុសច្បាប់ និងថា ករណីនេះមិនដែលកើតឡើងនៅក្នុងនីតិវិធីច្បាប់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក។
ក្នុងសវនាការនោះលោកព្រះរាជអាជ្ញា ប្លង់ សុផល បានលើកឡើងម្តងហើយម្តងទៀតថា អយ្យការត្រូវបានអនុញ្ញាតឱ្យដាក់ភស្តុតាងគ្រប់ពេលនៃការជំនុំជម្រះ។ លោកព្រះរាជអាជ្ញារូបនេះបានចោទប្រកាន់មេធាវីការពារក្តីឲ្យលោក កឹម សុខា ថាមិនដឹងច្បាប់។
លោក ប្លង់ សំណាង និយាយដោយសំដៅលើលោក ចាន់ ចេន ថា៖ «លោកមិនចាំបាច់បង្រៀនខ្ញុំទេ។ មិនមានមនុស្សគ្រប់គ្នាដែលចូលរៀនសាលាច្បាប់គឺឆ្លាតទេ»។
ភស្តុតាងទាំងនោះមានលិខិតមួយច្បាប់ដែលជាសេចក្តីថ្លែងការណ៍រួមរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដែលបានចរចារបង្កើតគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១២ និងវីដេអូចំនួន៧ ដែលភាគច្រើនពាក់ព័ន្ធនឹងការថ្លែងរបស់លោក សម រង្ស៊ី និងការថ្លែងរបស់លោក កឹម សុខា ក្នុងអំឡុងបាតុកម្មឆ្នាំ២០១៣ និងវីដេអូរបស់ក្រុមបាតុករដែលបានបំផ្លាញគ្លីនិកឯករាជ្យនៅតាមបណ្តោយផ្លូវវេងស្រេង អំឡុងពេលបាតុកម្ម។
មេធាវីការពារក្តីឲ្យលោក កឹម សុខា បានជំទាស់ទៅនឹងភស្តុតាងមួយក្នុងចំណោមនោះ គឺជាវីដេអូរបស់លោក កឹម សុខា ដែលនិយាយទៅកាន់អ្នកតវ៉ាប្រាក់ឈ្នួលអប្បបរមានៅក្បែរស្ពានគីហ្សូណា ខេត្តកំពង់ចាម។ ពួកគេបានលើកឡើងអំពីភាពត្រឹមត្រូវរបស់វីដេអូនោះ ដោយនិយាយថា មិនមានការបង្ហាញមុខ និងបញ្ចេញឈ្មោះរបស់អ្នកអត្ថាធិប្បាយ ហើយថា សំឡេងរបស់អ្នកអត្ថាធិប្បាយត្រួតគ្នាជាមួយសំឡេងរបស់លោក កឹម សុខា ដែលធ្វើឲ្យសុន្ទរកថារបស់លោក កឹម សុខា ពិបាកស្តាប់។
យ៉ាងណាក្តីលោកចៅក្រម កូយ សៅ បញ្ជាក់ថា វីដេអូនោះមិនមានបញ្ហា ហើយអាចប្រើកាសត្រចៀកដើម្បីស្តាប់សំឡេងច្បាស់។
ចំណែកសវនាការនារសៀលថ្ងៃពុធនេះ មានការជជែកពាក់ព័ន្ធនឹងមូលហេតុដែលធ្វើឲ្យលោក កឹម សុខា និងលោក សម រង្ស៊ី សម្រេចបង្កើតគណបក្សសង្គ្រោះជាតិ ការចរចាររវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ដើម្បីបញ្ចូលគ្នាបង្កើតគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១២ ការបង្កើតគោលការណ៍ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ទំនាក់ទំនងរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ពេលថ្លែងទៅកាន់អ្នកគាំទ្រជាដើម។
សហចៅក្រម លោក សេង លាង បានសួរលោក កឹម សុខា អំពីការប្តេជ្ញារបស់លោក កឹម សុខា ថាប្រកាន់យកភាពអហិង្សា តែទៅរួមគ្នាជាមួយលោក សម រង្ស៊ី ដែលតែងប្រកាសពីការប្រើហិង្សាដើម្បីផ្លាស់ប្តូររដ្ឋាភិបាល។ លោក កឹម សុខា នៅតែឆ្លើយថា លោកប្រកាន់យកគោលការណ៍អហិង្សា និងថា មិនធ្វើការជាមួយបុគ្គលណាដែលតែងមានបំណងប្រើហិង្សានោះទេ។
ក្រោយការបញ្ចប់សំណួររបស់សហចៅក្រម តំណាងអយ្យការមួយរូបទៀត គឺលោក វង្ស ប៊ុនវិសុទ្ធ ក៏បានចោទសួរលោក កឹម សុខា ជាច្រើនដងថា តើលោក កឹម សុខា ស្តាយក្រោយទេដែលបានរួមគ្នាជាមួយលោក សម រង្ស៊ី ប៉ុន្តែលោក សម រង្ស៊ី បែរមិនអនុវត្តគោលការណ៍អហិង្សា? លោក កឹម សុខា មិនបានឆ្លើយថាស្តាយក្រោយ ឬមិនស្តាយក្រោយនោះទេ ប៉ុន្តែលោកបញ្ជាក់ថា លោកប្រកាន់ចរិតអហិង្សា និងមិនពេញចិត្តចំពោះការប្រើហិង្សាដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋ។
ក្រោយលោក លី ចាន់តុលា មេធាវីតំនាងរដ្ឋាភិបាលបន្តសំណួរពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ២០១៣ លោក ចៅក្រម កូយ សៅ ក៏បានស្នើឲ្យលោក លី ចាន់តុលា សួរពេលសវនាការក្រោយ និងសម្រេចបិទសវនាការនៅម៉ោង៥:១៥នាទី និងប្រកាសបន្តសវនាការទៅព្រឹកថ្ងៃព្រហស្បតិ៍៕