ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ថា​ គ្មាន​ការ​បញ្ឈប់​ការ​កាត់ទោស​​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទេ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើរកឃើញ​ថា​មានទោស​មែននោះ​ លោក​កឹម សុខា នឹង​ត្រូវ​យក​ទៅដាក់​នៅមន្ទីរ​ឃុំឃាំង​ផ្សេង​ក្រៅ​ពីមន្ទីរ​ឃុំ​ឃាំង​ត្រពាំង​ផ្លុង​ ដែល​ស្ថិត​នៅ​ក្បែរ​ព្រំប្រទល់​កម្ពុជា​ និងវៀតណាម។ នេះ​ជា​ការ​លើកឡើង​របស់​មេដឹកនាំ​កម្ពុជា​លោក​ ហ៊ុន សែន។

នៅ​ថ្ងៃ​អង្គារ​នេះ​ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ ការ​កាត់​ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា​ នឹង​បន្ត​ដោយ​គ្មាន​ការ​ប្រែប្រួល​ ហើយ​បើ​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ​ លោក​នឹង​ត្រូវ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ផ្សេង​ ក្រៅពី​ពន្ធនាគារ​ត្រពាំងផ្លុងដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​កម្ពុជា ​វៀតណាម។

សវនា​ការ​កាត់ទោស​លោក កឹម សុខា​ ក្នុងសំណុំ​រឿង​ក្បត់​ជាតិ​ បាន​កំពុង​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ប្រាំពីរ​សប្តាហ៍​មក​ហើយ។ កាល​ពី​សប្តាហ៍​មុន​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្អាក​សវនាការ​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​សវនាការ​នោះ​ទេ។ តែ​សវនាការនឹង​បន្ត​ទៀត​ នៅ​ថ្ងៃទី​១១​ ខែ​មីនា​នេះ។

ថ្លែង​ក្នុងពិធី​ចែក​សញ្ញាបត្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​លោក ហ៊ុន ​សែន​ បាន​លើកឡើង​ពី​ស្ថានភាព​ចុងក្រោយ​នានាពាក់​ព័ន្ធនឹង​ការ​ទប់​ស្កាត់​ការ​ឆ្លងកូរ៉ូណាវីរុស​ ឬ Covid-19​ ​និង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា​នឹង​ត្រូវបាត់​បង់​២០​ភាគ​រយនៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ «អ្វីៗ​ទាំង​អស់​លើកលែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា​ EBA។

ភា្ជប់​ជា​មួយ​បញ្ហា​ EBA​ នេះ​ លោក ​ហ៊ុន សែន​ បានមាន​ប្រសាសន៍​ថា​ កម្ពុជា​នឹង​មិន​ស្នើ​សុំ​មក​វិញ​នូវ​ចំណែក​២០​ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ EBAនោះ​ទេ ហើយ​ថា​កម្ពុជា​ក៏​នឹង​មិន​ធ្វើ​តាម​ការ​ទាម​ទារ​របស់​សហភាព​អឺរ៉ុប​កាល​ពី​ពេល​កន្លង​មក​ដែរ។ លោក​បន្ថែម​ថា​ កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​ភាព​ជាតិ​ខ្លួន ទៅ​ដោះ​ដូរ​យក​«ជំនួយ​ ឬភាពអនុគ្រោះ»​ ពី​ប្រទេស​ណាមួយ​ ហើយ​ក៏​គ្មាន​ការ​ផ្អាកការ​កាត់​ទោស​លោក​ កឹម សុខា ​នោះ​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «មិន​អាច​ឲ្យ​អា​អ្នក​កាត់​ទោស​ អា​អ្នក​ត្រូវ​ជាប់​ទោស​ មិន​បាន​កាត់​ទោស​នោះ​ទេ​ ស្អីឯង​ ដូរ​មិនដូរ​។ អាមុន​បោះឆ្នោត ហ្ហែង​ឃោសនា​ ដូរ​មិន​ដូរ​ហ្ហែង​ឃោស​នា​ត្រូវ​ហើយ​ ដូរ​មិនដូរ​ ដូរ​ អាហ្នឹង​មុន​បោះឆ្នោត​ តែ​ក្រោយ​បោះឆ្នោត​រួច​ហើយ​ ហ្ហែង​មក​ទារ​ដូរ​ អាហ្នឹង​ស្អី​ អាហ្នឹង​ស្អី។ ផែនការ​ផ្តួល​រំលំចុងក្រោយដែល​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​ ២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ អាហ្នឹង​ជា​ស្អី​ ដែល​ទីចុង​បំផុត​នាំ​ដល់​មនុស្ស​ស្លាប់​ និង​របួស​ នៅផ្លូវ​វេង​ស្រេង​ អាហ្នឹង​ជា​ស្អី អាហ្នឹង​ជា​ស្អី​ គិត​មិន​ឲ្យ​គេ​កាត់​ហ្អី​ស្អី​ ត្រូវ​តែកាត់​»។

លោក​ ហ៊ុន សែន​ បញ្ជាក់​បន្ថែម​ថា​ ការ​ឃុំខ្លួន​លោក កឹម សុខា​ នៅ​លើក​ក្រោយ​នេះ មិនមែន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ​ទេ​ តែ​នៅ​កន្លែង​ផ្សេង​ដែល​លោក​មិន​បញ្ជាក់។

លោក ហ៊ុន សែន និយាយ​ថា៖ «ហើយ​ម្តងនេះ​ មិនមែន​ត្រពាំងផ្លុង​ទេ​ ប្រាប់​ឲ្យ​ហើយ​កន្លែង​ផ្សេង​ តាសាល​ក្រម​ចេញ​ក្រឹប​ហើយ​ គឺ​ដាក់​ហើយ​ គ្មាន​ទៅ​ទុក​ទេ»។

លោក ​ហ៊ុន សែន​ ដែល​បង់​ក​ក្រម៉ា​ផង​នោះ បាន​ព្រមាន​ចំៗ​ដាក់​លោក ​រ៉ុង ឈុន​ អតីត​សមាជិក​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ហៅកាត់ថា​ (គ.ជ.ប.) ឲ្យ​ឈប់​និយាយ​ពី​ការ​ខាត​បង់​ចំណែក​២០ភាគរយនៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA។ លោក​ហ៊ុន សែន​ មានប្រសាសន៍ថា​ ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធនេះ​ មុខតែ​នឹង​បាត់​បង់​ពី​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «យើង​ក៏បាន​ត្រៀម​ទុកនោះ​ ពីចម្ងាយ​សម្រាប់​ផល​ប៉ះពាល់​ទៅ​លើ​ស្អី​ EBAគេនោះ​ ២០​ភាគរយ​ កម្ពុជា​បញ្ជាក់​ច្បាស់​ហើយ​ថា​ កម្ពុជា​មិន​ទៅ​ស្នើ​សុំ​អា​២០ភាគរយ​ ត្រឡប់​មក​វិញ​ទេ​ សុំ​អាអ្នក​វិភាគ​ ជាពិសេស​ អារ៉ុង ឈុន​នោះ​ និយាយ​ស្តាប់​ឲ្យ​បាន​ គេត្រៀម​បម្រុង​នៅ​ណេះ​ហើយ ឲ្យ​បាត់​ទៅ​អា​២០ភាគ​រយ​នោះ​ កុំ​ទៅខ្វល់»។

លោក រ៉ុង ឈុន​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សភាព​សហជីព​កម្ពុជា​ បាន​ឆ្លើយ​តប​ភ្លាមៗ​ថា​ លោក​ ហ៊ុន សែន​ កំពុង​ចាត់វិធានការ​ឆ្លើយតប​ទៅនឹង​ការ​បារម្ភនានាអំពី​ផលប៉ះពាល់​ដែលលោក​ធ្លាប់​លើកឡើង​កន្លង​មក​ថា​ នឹង​កើត​ឡើងមក​លើ​កម្មករ នៅ​ពេល​កម្ពុជាអាច​ប្រឈម​នឹង​ការបាត់​បង់​ចំណែក​២០ភាគរយ​នៃ​ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​ជា​ស្ថាពរ​ នៅខែ​សីហា​ឆ្នាំ​២០២០។

មេដឹកនាំ​សហជីព​រូប​នេះ​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរ​បំពេញ​ទៅ​តាម​ការ​ទាមទារ​របស់​សហ​ភាព​អឺរ៉ុប​ក្នុង​ការ​កែ​ខៃ​ការគោរព​សិទ្ធិ​មនុស្ស​ និង​នយោបាយ ដែល​នឹង​មិន​ធ្វើ​ឲ្យកម្ពុជា​បាត់​បង់​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ EBA​ទាំងស្រុង​នោះ​ទេ។

លោក រ៉ុង ឈុន និយាយ​ថា៖ «ការណ៍​ដែល​សម្រប​ខ្លួន​នេះ​មិនមែន​មាន​ន័យ​ថា​ ទៅ​លក់​អធិបតេយ្យ​ភាព​កម្ពុជា​ ឬ​មួយ​ឱន​ក្បាល​ឲ្យ​សហភាព​អឺរ៉ុប​ទេ​ ពីព្រោះ​យើង​បាន​ទទួល​លក្ខខណ្ឌ​ពី​សហភាព​អឺរ៉ុប​កន្លងមក​ហើយ​ បាន​ជាយើង​ បាន​ទទួលEBA​តាំងពី​ឆ្នាំ​២០០១​ រហូត​មក​ដល់​ពេល​នេះ​ ចឹង​យើង​គ្រាន់តែ​អនុវត្តន៍​ អ្វីដែល​យើង​ធ្លាប់​អនុវត្តន៍​កន្លងមក​ទៅ​ ពេល​ហ្នឹងអា​EBAហ្នឹង​ វា​មិនបាត់​បង់​ទៅណាទេ»។

ដោយ​ឡែក​ លោក​ ផែង ហេង សហ​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​មួយរូប​ មិន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយរដ្ឋម​ន្ត្រីហ៊ុន សែន​នោះ​ទេ​ ដោយ​សារ​តែ​នីតិវិធីរបស់​តុលាការ​កំពុង​បន្ត​។​ តែលោក​ជឿថា​ កូនក្តី​របស់​លោក​គឺលោក​កឹម សុខា​ មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ​ផែង ហេង​ សហ​មេធាវី​មួយ​រូប​ ក្នុង​ចំណោម​មេធាវី​បួន​រូប​របស់​លោក​ កឹម សុខា​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​មេធាវី​ គឺ​បាន​លើក​នៅ​ក្នុង​សវនាការ​ ក៏ដូច​ជា​កន្លងមក​ យើង​បាន​លើក​ហើយ​ថា​ វា​ យើង​បាន​ស្នើ​ឲ្យ​ទម្លាក់​ចោល​ កាលចោទ​ប្រកាន់​ហ្នឹង​ ព្រោះ​ថា​ មិន​មាន​ភស្តុតាង​ និង​អង្គហេតុ​គ្រប់​គ្រាន់​សម្រាប់​ធ្វើការ​ចោទ​ប្រកាន់»។

លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ មុន​ការ​បោះឆ្នោតជាតិឆ្នាំ​២០១៨​ ត្រូវបាន​ចោទ​ពី​បទ​ «សន្ទិដ្ឋិភាព» ឬ​រួម​គំនិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ទាំង​លោក​ កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

XS
SM
MD
LG