លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅធ្វើការថ្លឹងថ្លែងពីជម្រើសដើម្បីឆ្លើយតបទៅនឹងការសង្ស័យនៃការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជឿជាក់ថា ត្រូវបានធ្វើឡើងប្រធានាធិបតី បាល់សា អាល់ អាសាធ។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Halley បានប្រាប់ជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា៖ «ប្រធានាធិបតីរបស់យើងមិនទាន់ធ្វើការសម្រេចអំពីចំណាត់ការក្នុងប្រទេសស៊ីរីនៅឡើយទេ។ ក៏ប៉ុន្តែ តើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់យើងត្រូវសម្រេចធ្វើសកម្មភាពក្នុងប្រទេសស៊ីរីដែរឬទេ ការសម្រេចនោះនឹងក្លាយជាការការពារគោលការណ៍ដែលយើងទាំងអស់គ្នាត្រូវយល់ព្រម។ការសម្រេចនោះនឹងក្លាយជាការការពារច្បាប់អន្តរជាតិដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងអស់»។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Halley បានប្រាប់ពួកអ្នកយកព័ត៌មាននៅតាមផ្លូវឆ្ពោះទៅកាន់សម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា លោកស្រី នឹងវិលត្រឡប់ទីកាន់រដ្ឋធានីវ់ាស៊ីនតោនវិញនៅរសៀលនេះដើម្បីជួបពិភាក្សាគ្នាកាន់តែច្រើនឡើងស្តីពីការឆ្លើយតបដ៏ធំមួយ។
លោកស្រីឯកអគ្គរដ្ឋទូតអាមេរិក Halley បានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «ខ្ញុំមានមោទនភាពបំផុតពីរបៀបដែលប្រធានាធិបតីត្រាំពិនិត្យព័ត៌មាន ធ្វើការវិភាគ ដែលមិនឲ្យជនណាម្នាក់បង្ខំលោក ពីព្រោះលោកបាននិយាយកាលពីដំបូងថា យើងត្រូវតែដឹងថានៅពេលណាយើងធ្វើកិច្ចការត្រូវ យើងត្រូវតែដឹងព័ត៌មានទាំងអស់ យើងត្រូវតែដឹងថា មានភស្តតាងគ្រប់គ្រាន់ ហើយយើងត្រូវតែដឹងថា យើងនឹងចាត់វិធានការប្រកបដោយការប្រុងប្រយ័ត្នជាមុន»៕