ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​កាន់តែ​ឯកភាព​គ្នា​លើ​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ទប់ទល់​ជាមួយ​នឹង​ចិន


រូបឯកសារ៖ ស្លាកសញ្ញាមួយដែលសរសេរថា «Boris Stop Huawei» នៅផ្លូវល្បឿនលឿនមួយ នៅក្រុង Tetsworth ប្រទេសអង់គ្លេស។

សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​កំពុង​បង្កើន​សំឡេង​អំំពី​គោល​បំណង​របស់​ពួកគេ​នៅ​ក្នុង​ការ​វាយ​បក​ប្រឆាំង​នឹង​ប្រទេស​ចិន​លើ​ឆាក​អន្តរជាតិ ដែល​ចំណុច​នេះ​គឺ​ស្រប​ជាមួយ​នឹង​គោល​បំណង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​ទប់ទល់​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទោះបីជា​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​បន្ត​អំពី​វីធី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ។

សម្ព័ន្ធមិត្ត​អាមេរិក​ជាពិសេស​សហភាព​អឺរ៉ុបបាន​និយាយ​ថា ពួកគេ​កំពុង​ចាត់​វិធានការ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​នៅ​ក្នុង​ការ​ដោះសា្រយ​ការ​ព្រួយ​បារម្ភ​នានា​ទាក់ទិន​នឹង​ការ​ប៉ុនប៉ន​របស់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដូចជា​ក្រុមហ៊ុន Huawei ជា​ដើម នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​បណ្តាញ​ចល័ត 5G ក៏​ដូចជា​លើ​បញ្ហា​មនុស្សធម៌​នានា ដូចជា​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​លើ​ជាតិ​សាសន៍​ភាគ​តិច Uighur ជា​ដើម។

ប៉ុន្តែសម្ព័ន្ធមិត្ត​មួយ​ចំនួន​គាំទ្រ​ឲ្យ​មាន​ការ​ឆ្លើយតប​ជាមួយ​ចិន​ក្នុង​កម្រិត​ល្មម ដោយ​មិន​ត្រូវ​ប្រកាន់​យក​នូវ​វិធី​ធ្ងន់ធ្ងរ​ពេក​ដូច​អ្វី​ដែល​ពួកគេ​បាន​ឃើញ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​កន្លង​មក​ទៅ​លើ​ប្រទេស​ចិន​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ អ្នកស្រី Annegret Kramp-Karrenbauer បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ក្នុង​វេទិកា​ស្ដី​ពី​រឿង​ការពារ​ជាតិ​របស់​សហភាពអឺរ៉ុប​តាម​អនឡាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «វា​ជា​ការ​ងាយ​ស្រួល ហើយ​ផ្តល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​ល្អ ប្រសិនបើ​អ្នក​ប្រើ​ពាក្យ​ធ្ងន់ៗ ប៉ុន្តែ​យើង​ដឹង​ថា​វិធី​នេះ ជា​រឿយៗ​បាន​រារាំង​ដល់​រាល់​ទំនាក់​ទំនង និង​រាល់​ឥទ្ធិពល​ដែល​អាច​មាន»។

អ្នកស្រី Kramp-Karrenbauer ក៏​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​ប្រទេស​ចិន​លើ​បញ្ហា​លំបាក​មួយ​ចំនូន​ផង​ដែរ ដោយ​នៅ​តែ​រក្សា​ការ​ប្រឡូក និង​មិន​ត្រូវ​ដក​ខ្លួន​ចេញ​នោះ​ទេ។

អ្នកស្រី Kramp-Karrenbauer បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្នុង​ន័យ​រិះគន់​លើ​សហរដ្ឋ​អាមេរិក​ដែល​សម្រេច​ដក​ខ្លួន​ចេញ​ពី​សមាជិកភាព​អង្គការ​សុខភាព​ពិភពលោក យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​មើល​ឃើញ​ថា ចិន​ព្យាយាម​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​អង្គការ​អន្តរជាតិ​នានា ដោយ​មិន​គិត​ពី​ប្រយោជន៍​ប្រទេស​ផ្សេង ហើយ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ នោះ​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​អង្គការ​ទាំង​នោះ​ចុះ​ខ្សោយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ប្រឡូក​ឲ្យ​បាន​ខ្លាំង​ជាង​មុន​នៅ​ក្នុង​អង្គការ​ទាំង​នោះ»។

មន្រ្តី​ដទៃ​ទៀត​បាន​លើក​ឡើង​ពី​ភាព​ចាំ​បាច់​នៃ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ទប់ទល់​នឹង​ប្រទេស​ចិន ជា​ពិសេស​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

លោក Radek Sikorski ប្រធាន​គណៈប្រតិភូ​សហភាពអឺរ៉ុប-សហរដ្ឋ​អាមេរិក​នៃ​សភា​អឺរ៉ុប បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​នោះ​ថា៖ «យើង​គួរ​ធ្វើ​ការ​ឲ្យ​បាន​ដិត​ដល់​លើ​រឿង​នេះ។ សង្គ្រាម​មុខ​ព្រួញ​ពីរ​សម្រាប់​សហរដ្ឋ​អាមេរិក​ជាមួយ​អឺរ៉ុប​និង​ចិន​ក្នុង​ពេល​តែ​មួយ​ជា​គំនិត​មួយ​មិន​ល្អ​នោះ​ទេ»។

ការ​លើក​ឡើង​របស់​មន្រ្តី​សហភាព​អឺរ៉ុប​នានា​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្រ្តី​អាមេរិកាំងបាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ថា កិច្ច​ប្រឹង​ប្រែង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ចិន​នោះ នឹង​បន្ត​បង្កើន​កម្តៅ​ថែម​ទៀត។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Robert O’Brien បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី ៨ ខែ​កក្កដាថា៖ «អ្នក​នឹង​មើល​ឃើញ​នូវ​វិធានការ​ជាក់ស្តែង​សំខាន់ៗ​មួយ​ចំនួន​ទាក់ទិន​នឹង​ចិន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ និង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ»។ លោក O'Brien បាន​សំដៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​ចំនួន និង​ការ​បង្រ្កាប​ផ្នែក​សនិ្តសុខ​កាន់តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ទីក្រុង​ហុងកុង។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «អ្វី​ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​កំពុង​ធ្វើ​មិន​មែន​ត្រឹមតែ​ប៉ះពាល់​នៅ​ក្នុង​ទីក្រុង​ហុងកុង​ប៉ុណ្ណោះ​ទេ គឺ​វា​ប៉ះពាល់​ដល់​មនុស្ស​មនុស្ស​គ្រប់​គ្នា។ វាប៉ះ​ពាល់​ដល់​របៀប​ដែល​យើង​ដំណើរការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ យើង​មិន​បណ្តោយ​ឲ្យ​រឿង​ទាំង​នេះ​កើត​ឡើង​នោះ​ទេ»។

សារ​ព្រមាន​របស់​លោក O’Brien បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​កាល​ពី​មួយ​ថ្ងៃ​មុន​របស់​ប្រធាន​ទីភ្នាក់ងារ FBI លោក Christopher Wray។ លោក Wray បាន​ហៅ​ប្រទេស​ចិន​ថា​ជា​ការ​គំរាម​កំហែង​ចំពោះ «សុខភាព ជីវភាព និង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក»។

លោក Wray បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​តូច​មួយ​កាល​ពី​ថ្ងៃ​ទី ៧ ខែ​កក្កដា​កន្លង​ទៅ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ប្រទេស​ចិន​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា ដើម្បី​ឲ្យ​បាន​ក្លាយជា​មហា​អំណាច​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​តាម​គ្រប់​មធ្យោបាយ​ចាំបាច់​ទាំង​អស់។ នៅ​ពេល​ដែល​ប្រទេស​ចិន​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​របស់​យើងនិង​ច្បាប់​អន្តរជាតិ​ដទៃ​ទៀត យើង​នឹង​មិន​អត់ធ្មត់​បាន​នោះ​ទេ»៕

ប្រែសម្រូល​ដោយលោក ជ្រា វណ្ណារិទ្ធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG