ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mattis ថា​នាវា​ផ្ទុកយន្តហោះ​សហរដ្ឋ​អាមេរិក​នឹង​ទៅ​ទស្សនាកំពង់ផែ​វៀតណាម​នៅ​ក្នុង​ខែមិនា


រដ្ឋលេខាធិកា​ក្រសូង​ការពារ​ប្រទេស​អាមេរិក​ Jim Mattis (ឆ្វេង)​ចាប់ដៃ​ជាមួយ​រដ្ឋលេខាធិការ​បក្ស​កុម្មុនិស្ត​វៀតណាម Nguyen Phu Trong មុន​នឹង​ចាប់​ផ្តើម​កិច្ចប្រជុំ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាមកាលពី​ថ្ងៃទី​២៥ មករា ២០១៨។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក Jim Mattis បាន​ថ្លែង​ថា​ នៅស្រប​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុង​ពង្រឹងទំនាក់ទំនង​យោធានោះ​ នាវា​ផ្ទុកយន្តហោះ​របស់​សហរដ្ឋអាមេរិក​ នឹង​ទៅ​ទស្សនា​កំពង់ផែ​វៀតណាម​នៅ​ខែមិនា​ខាងមុខ​នេះ​ ដែល​នឹង​ធ្វើ​ឡើង​ដោយ​កង​ទ័ពជើងទឹក​សហរដ្ឋ​អាមេរិក​ជាលើក​ទីមួយ​ចាប់តាំង​ពីសង្គ្រាម​វៀតណាម។

លោក Mattis បាន​ប្រាប់​ទៅ​មេដឹកនាំ​គណបក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong នៅក្នុង​ទីក្រុងហាណូយ​ កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា«យើងសូម​ថ្លែង​អំណរគុណ​ ក្នុង​ការ​បង្កើនភាព​ជាដៃគូ​របស់យើង​ ដែល​អនុញ្ញាត​ឲ្យ​នាវារបស់​យើង​មក​ទស្សនា​កំពង់ផែ​ក្នុងទីក្រុងដាណាង​នៅក្នុង​ខែ​មិនា​នេះ»។

ការធ្វើ​ទស្សនកិច្ច​របស់​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋ​អាមេរិក​ជាលើកទី១​ទៅកាន់​ប្រទេស​វៀតណាម​នេះ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ទីបញ្ជាការបង់តាហ្គូន​កាល​ពី​ខែសីហា​ ដែល​ការណ៍​នេះ​នឹង​បង្ហាញ​ពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ដែល​ជា​អតីតគូសត្រូវ​នឹង​គ្នា​កាល​ពី​សម័យ​សង្រ្គាម​នោះ។

លោក Mattis បាន​ថ្លែង​បន្ត​ថា«អាមេរិក​ពិត​ជា​ចង់​ឃើញ​ប្រទេស​វៀតណាម​ ជា​ប្រទេស​ដែល​ខ្លាំង​ រុងរឿង​ និង​ជា​ប្រទេសឯករាជ្យ​ ហើយ​យើង​ចង់ធ្វើ​ជាដៃ​គូ​ជាមួយ​វៀតណាម​រហូត​ទៅ»។

មន្ត្រី​ក្រសួង​ការពារប្រទេស​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​ នាយករដ្ឋ​មន្ត្រី​វៀតណាម ​និង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​វៀតណាម​ បាន​យល់ព្រម​ទៅលើ​ទស្សនកិច្ច​របស់​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក​ ហើយ​ថា​ដំណើរ​ការនេះ​កំពុង​តែ​បោះជំហ៊ាន​ទៅមុខ។

សហរដ្ឋអាមេរិក​កំពុង​រឹតចំណង​មិត្តភាព​ជាមួយ​ប្រទេសវៀតណាម​ ដែល​ការណ៍​នេះ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការបង្កើន​ជំហរ​កាន់​តែខ្លាំង​ក្នុង​ការ​តទល់​នឹង​ការទាមទារ​កាន់កាប់​របស់ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង៕

XS
SM
MD
LG