ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mattis ថា​ប្រទេស​តួកគី​​ព្រមាន​ស.រ.អា.​មុន​នឹង​បើក​ការវាយ​ប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​ស៊ីរី


លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក Jim Mattis ប្រកាស​យុទ្ធសាស្ត្រ​ការពារ​ថ្នាក់​ជាតិ នៅ​សាកលវិទ្យាល័យ Johns Hopkins ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៩ ខែមមករា។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក Jim Mattis បាន​ថ្លែង​ថា​ប្រទេស​តួកគី​បាន​ព្រមាន​ដល់​សហរដ្ឋ​អាមេរិក​ មុន​នឹង​ខ្លួន​បើក​ការ​វាយប្រហារ​តាម​អាកាស​ទៅលើ​កងជីវពល​ឃឺដ​ស្ថិត​ ដែល​ស្ថិត​នៅ​ភាគខាងជើង​ប្រទេស​ស៊ីរី​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក។

លោក Mattis បាន​ប្រាប់​ក្រុមសារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ​ នៅ​លើ​យន្តហោះ​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​ថា «ប្រទេស​តួកគី​បាន​ព្រមាន​ដល់​ពួកយើង​មុន​នឹង​ពួកគេ​វាយ​ប្រហារ​តាម​អាកាស​នេះ»។
ប្រទេស​តួកគី​កាល​ពី​ថ្ងៃសៅរ៍​បាន​ទម្លាក់​គ្រាប់បែក​ នៅក្នុង​ទីក្រុង Afrin​ ដែល​គ្រប់គ្រង​ដោយ​កងជីវពល​ឃឺដ​ និង​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគខាងជើង​ប្រទេស​ស៊ីរី ជាប់​នឹង​តួកគី​ ក្នុង​គោលបំណង​បណ្តេញ​ក្រុមYPG ចេញ​ពី​តំបន់​នោះ។

លោក Mattis ថ្លែង​ថា​មន្ត្រី​យោធា​ជាន់ខ្ពស់របស់​សហរដ្ឋអាមេរិក បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រីយោធា​ជាន់ខ្ពស់​របស់​តួកគី។ ប៉ុន្តែ​លោក​មិន​បាន​និយាយ ថា​តើ​មន្ត្រី​អាមេរិក​បាន​ព្រមាន​ដល់​ភាគី​តួកគី​ ប្រឆាំង​នឹង​ការ​វាយប្រហារ​តាមអាកាសនេះ​ឬ​យ៉ាងណា​ទេ។

លោក Mattis បាន​ថ្លែង​បន្ត​ថា «យើង​កំពុង​តែ​ធ្វើការ​យ៉ាង​សស្រាក់​សស្រាំ​លើ​រឿង​នេះ។ មន្ត្រី​ជាន់ខ្ពស់​របស់​យើង​កំពុង​តែ​តាមដាន​យ៉ាង​ដិតដល់​ ហើយ​នឹង​ដោះស្រាយ​រឿង​នេះ»។

ក្រុម YPG គឺ​ជា​ដៃគូ​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​នៅក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម។ ប៉ុន្តែ​ប្រទេស​តួកគី​ចាត់ទុក​ក្រុម YPG ថា​ជា​ក្រុមភេរវករ​ និង​ថា​ក្រុមនេះ​គឺ​ជា​ក្រុម​បំបែក​ខ្លួន​ឃឺដ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ព្រំដែន​របស់​ខ្លួន៕

XS
SM
MD
LG