ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំនួយ​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​ហ្វីលីពីន​ត្រូវ​គិត​ដល់​បញ្ហា​សិទ្ធិ​មនុស្ស


លោក John Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ជួយ​ជ្រោមជ្រែង​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​ក៏​មាន​បំណង​ចង់​ធ្វើ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​ម៉ានីល​ប្ដេជ្ញា​ប្រកាន់​ខ្ជាប់​នូវ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក John Kirbyអ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក John Kirby បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «កម្មវិធី​ជួយ​ជ្រោមជ្រែង​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​តាក់តែង​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ដោយ​ការ​បង្កើន​សមត្ថភាព​របស់​ប្រទេស​ហ្វីលីពីន​ដើម្បី​អាច​ធ្វើ​កិច្ចការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រឹមត្រូវ​តាម​ច្បាប់ និង​ដោយ​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​មាន​លក្ខណៈ​ប្រសើរ ដើម្បី​ឲ្យ​វា​មាន​លក្ខណៈ​ទទួល​ខុស​ត្រូវ​ជាង​មុន មាន​តម្លាភាព មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​យុត្តិធម៌»។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សភា​សហរដ្ឋ​អាមេរិក ដែល​ប្រភព​នោះ​បាន​បញ្ជាក់​ថា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ការ​លក់​កាំភ្លើង​វែង​ចំនួន ២ ម៉ឺន ៦ ពាន់​ដើម ទៅ​ឲ្យ​ប៉ូលិស​ជាតិ​របស់​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​លោក Ben Cardin បាន​ប្រឆាំង ដោយសារ​តែ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

លោក Kirby មិន​មាន​យោបល់​អ្វី​អំពី​ព័ត៌មាន​អំពី​ការ​លក់​អាវុធ​ទាំង​នោះ​នោះ​ទេ។

ដើម្បី​ធ្វើ​ការ​លក់​អ្វី​មួយ​ដោយ​ផ្ទាល់ ក្រុមហ៊ុន​អាមេរិក​ត្រូវ​ផ្ញើ​សំណើ​មួយ​ទៅ​កាន់​ការិយាល័យ​កិច្ចការ​នយោបាយ និង​យោធា នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ក្រុមហ៊ុន​នោះ​បាន​ចរចា​ពី​ការ​លក់​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​បរទេស​រួច​មក។ បន្ទាប់​មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ផ្ដល់​ប្រឹក្សា​ពី​សភា ត្រូវ​ឯកភាព​ជាមួយ​នឹង​ការ​លក់​នេះ មុន​នឹង​ការ​លក់​នេះ​អាច​យក​ជា​ការ​បាន​តាម​ផ្លូវ​ច្បាប់៕

XS
SM
MD
LG